ជាតិ
ធនាគារពិភពលោក នឹង​ជួយ​គាំទ្រ​ការគ្រប់គ្រង​កាកសំណល់​រឹង​នៅ​កម្ពុជា
04, Nov 2019 , 10:59 pm        
រូបភាព
កិច្ចពិភាក្សារវាង លោក Chritophe Crepin និង សម្ដេច ស ខេង (ខាងឆ្វេង គឺ លោក Chritophe Crepin )  រូបភាពពីទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង
កិច្ចពិភាក្សារវាង លោក Chritophe Crepin និង សម្ដេច ស ខេង (ខាងឆ្វេង គឺ លោក Chritophe Crepin ) រូបភាពពីទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង
​លោក Chritophe Crepin នាយក​ប្រតិបត្តិ​ផ្នែក​បរិស្ថាន​និង​ធនធានធម្មជាតិ​នៃ​ធនាគារពិភពលោក នឹង​ជួយ​គាំទ្រ​ការគ្រប់គ្រង​កាស​សំណល់​រឹង និង​បរិស្ថាន​ឲ្យ​សមស្រប ដោយមាន​ប្រសិទ្ធភាព​។ លោក​ថ្លែង​បែបនេះ នៅក្នុង​ជំនួប​ជាមួយ​សម្ដេច ស ខេង នៅ​ថ្ងៃទី​៤ វិច្ឆិកា នា​ទីស្តីការ​ក្រសួងមហាផ្ទៃ​។

 

 
​ក្នុងជំនួប​នោះ​លោក Chritophe Crepin បាន​និយាយថា លោក​បាន​ជួប​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជួយ​គាំទ្រ​ដល់​ការងារ​គ្រប់គ្រង​កាកសំណល់​រឹង ប្រកបដោយ​ប្រសិទ្ធភាព និង​ធានាបាន​នូវ​បរិស្ថាន​។ បើតាម​លោក Chritophe Crepin គម្រោង​នេះ គឺ​ផ្ដោត​សំខាន់​លើ​ការខិតខំ​ធ្វើយ៉ាងណា ដើម្បី​ផ្សាភ្ជាប់​ការគ្រប់គ្រង​បរិស្ថាន​ទៅនឹង​ការកែប្រែ​ឥរិយាបទ និង​ចំណេះដឹង​ដល់​សាធារណជន អំពី​ការគ្រប់គ្រង​កាកសំណល់​រឹង​។ ជាពិសេស​ធានា​ដល់​ន​រិ​ន្ត​រ​ភាព​និង​ចីរភាព​នៃ​បរិស្ថាន​។​
 
​ឆ្លើយតប​បំណង​របស់​ធនាគារពិភពលោក​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានស្នើ​ឲ្យ​ធនាគារពិភពលោក ពិនិត្យ​លទ្ធភាព​លើ​ការគ្រប់គ្រង​កាកសំណល់​នេះ ទៅនឹង​ការងារ​កំណែទម្រង់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ផ្ទេរអំណាច និង​សិទ្ធិ​ក្នុងការ​គ្រប់គ្រង​កាកសំណល់​ទៅដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ លើសពីនេះ គឺ​ផ្សាភ្ជាប់​ជាមួយ​ការផ្ទេរ​ហិរញ្ញវត្ថុ និង​ធនធានមនុស្ស​ទៅដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​
 
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ខ្លួន រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សរសេរ​ដូច្នេះ​ថា​៖ «​សង្ឃឹម​ជឿជាក់ថា​ធនាគារពិភពលោក​នឹង​បន្ត​ជួយ​គាំទ្រ​ដើម្បី​ឲ្យ​កំណែទម្រង់ និង​ការពង្រឹង​សមត្ថភាពរ​ដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​នេះ​កាន់តែ​ទទួលបាន​ជោគជ័យ ដោយ​ភ្ជាប់​នឹង​ការងារ​គ្រប់គ្រង​កាកសំណល់​នេះដែរ​»​។​
 
​ដ្បិត​ធនាគារពិភពលោក​ជួយ​កម្ពុជា លើ​បញ្ហា​គ្រប់គ្រង​កាកសំណល់​ក្តី ប៉ុន្តែ​វា​ក៏ត្រូវ​ការចូលរួម​ពី​ស្ថាប័ន​ពាក់​របស់​រដ្ឋាភិបាល​ដែរ​។​នាយក​ប្រតិបត្តិ​ផ្នែក​បរិស្ថាន​និង​ធនធានធម្មជាតិ​នៃ​ធនាគារពិភពលោក បាន​និយាយ​ដូច្នេះ​ថា​៖«​កំណែទម្រង់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវការ​ឲ្យ​មាន​ជា​កញ្ចប់​ទាំង​ធនធានមនុស្ស ថវិកា និង​សិទ្ធ​អំណាច ដូច្នេះ​លោក​ថា​អ្វីដែល​សម្ដេច​បាន​មានប្រសាសន៍​មកនេះ​គឺ​ពិតជា​ដើរ​ស្របទៅនឹង​សកម្មភាព​របស់​ធនាគា​រ​ពិភពលោក​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ប្រទេស​កម្ពុជា​នាពេល​សព្វថ្ងៃនេះ គឺមាន​ទាំង​គម្រោង​ជួយ​អភិវឌ្ឍន៍​ធនធានមនុស្ស វិស័យ​បរិស្ថាន សុខាភិបាល និង​អប់រំ ដែល​ពិតជា​មានការ​ចូលរួម​ចំណែក​មិនអាច​ខ្វះ​បាន​ពី​ក្រសួងមហាផ្ទៃ និង​បានស្នើ​សម្ដេច​ជួយ​ជំរុញ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ចូលរួម​គម្រោង​គ្រប់គ្រង​កាកសំណល់​ដែល​ផ្ដួចផ្ដើម​ដោយ​ធនាគារពិភពលោក​»​។​
 
 

Tag:
 ធនាគារពិភពលោក​
  កាស​សំណល់​រឹង
© រក្សាសិទ្ធិដោយ thmeythmey.com