លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ចាត់ទុកការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Soccer League ជាស្ពានរឹតចំណងមិត្តភាព សាមគ្គីភាពរវាងយុវជន ដែលមកពីអង្គភាពនិងសាប័នខុសៗគ្នា។ ពានរង្វាន់នេះក៏ជាកត្តារួមចំណែកជួយអភិវឌ្ឍវិស័យកីឡាបាល់ទាត់ និងផ្តល់ឱកាសឲ្យយុវជនបានបង្ហាញសមត្ថភាព និងទេពកោសល្យផងដែរ។ ជាមួយគ្នានេះ លោក ជំរុញឲ្យកីឡាករ និងអាជ្ញាកណ្តាលប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព និងកាត់ក្តីឲ្យយុត្តិធម៌។
ជាការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Soccer League ប្រចាំឆ្នាំ២០១៩ ក៏ពិតមែន តែសម្រាប់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វាជាវេទិកាជួបជុំដ៏ធំរវាងយុវជន ថ្នាក់ដឹកនាំមកពីតាមអង្គភាព ស្ថាប័ន គ្រឹះស្ថានសិក្សា និងសមាគមនានា។ លើសពីនេះ វាជាឱកាសបង្កើតនិងបង្កើនចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងរង្វង់យុវជនឲ្យកាន់តែរឹងមាំ និងមានភាពស្និទ្ធស្នាលថែមទៀត។
«គោលបំណងនៃការប្រកួតនេះ គឺដើម្បីបង្កើនឱកាសសម្រាប់យុវជនកម្ពុជាក្នុងការជួបជុំគ្នា រឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការតាមរយៈការប្រកួតពានរង្វាន់ Soccer League។ ឱកាសនៃការលេងកីឡា នឹងផ្តល់ឲ្យយុវជន ដែលមកពីអង្គភាពស្ថាប័នខុសៗគ្នា និងមានមុខងារវិជ្ជាជីវៈផ្សេងៗគ្នា បានបង្កើត និងបង្កើនចំណងមិត្តភាពសាមគ្គីភាពក្នុងចំណោមយុវជន ព្រមទាំងស្វែងយល់ពីគ្នា និងស្គាល់គ្នាទៅវិញទៅមក»។ លោក ហ៊ុន ម៉ានី លើកឡើងបែបនេះ ក្នុងពិធីបើកការប្រកួតការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ Soccer League ប្រចាំឆ្នាំ២០១៩ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅកីឡដ្ឋានវិសាខា។
ការពង្រឹងស្មារតី និងជំរុញឲ្យយុវជនដែលមិនមែនជាកីឡាករអាជីពបានចូលរួមលេងកីឡាដើម្បីសុខភាពផ្លូវកាយ និងផ្លូវចិត្ត និងផ្តល់ឱកាសឲ្យយុវជនដែលចង់ក្លាយជាកីឡាករអាជីពបានបង្ហាញសមត្ថភាព និងទេពកោសល្យ ក៏ស្ថិតក្នុងគោលបំណងនៃពានរង្វាន់នេះដែរ។ នេះបើតាមការលើកឡើងរបស់លោក ហ៊ុន ម៉ានី ដែលបានបន្ថែមថា ការប្រកួតនេះ ក៏ធ្វើឡើងដើម្បីរួមចំណែកជួយអភិវឌ្ឍន៍វិស័យបាល់ទាត់ និងបង្កើតធនធានកីឡាករសម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ផងដែរ។
ដើម្បីពង្រឹងឲ្យការប្រកួតកាន់តែមានគុណភាព និងទាក់ទាញ ប្រធានស.ស.យ.ក រូបនេះ ជំរុញឲ្យកីឡាករតាមក្លិបនីមួយៗ ខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ក្រោមស្មារតីយោគយល់និងអធ្យាស្រ័យគ្នាទៅវិញទៅមក។ ជាពិសេស ដាស់តឿនឲ្យអាជ្ញាកណ្តាលកាត់ឲ្យយុត្តិធម៌ក្រោមគោលការណ៍ Fair Play ដើម្បីលើកទឹកចិត្ត និងផ្តល់ទំនុកចិត្តដល់កីឡាករ។ ព្រោះលោកយល់ថា ការកាត់ក្តីមិនត្រឹមត្រូវ មិនត្រឹមតែធ្វើឲ្យមានការអន់ចិត្តពីក្រុមនីមួយៗនោះទេ ថែមទាំងធ្វើឲ្យកីឡាបាក់ទឹកចិត្តទៀតផង។
ជាមួយគ្នានេះ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានលើកឡើងពីគោលបំណងស្រដៀងនឹងលោក ហ៊ុន ម៉ានី ផងដែរ។ លោកបានរៀបរាប់ដូច្នេះថា៖«ការប្រកួតនេះធ្វើឡើង ដើម្បីជំរុញនិងលើកកម្ពស់វិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន និងរឹងមាំថែមទៀតក្នុងស្មារតីសាមគ្គីរវាងស្រទាប់យុវជន និងក្រុមការងារ។ ជាពិសេស ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ខណៈពេលវិស័យកីឡានៅកម្ពុជាកំពុងរីកចម្រើន និងមានប្រជាប្រិយខ្ពស់»។
ពានរង្វាន់ដែលបង្កើតឡើងតាំងពីឆ្នាំ២០១២មួយនេះមិនអនុញ្ញាតិឲ្យកីឡាករបរទេស ឬកីឡាករកំពុងប្រកបអាជីពនៅលីគកំពូលចូលរួមនោះទេ។ តែអនុញ្ញាតឲ្យកីឡាករដែលឈប់លេងលីគកំពូលតាំងពីឆ្នាំ២០១៦។ ពាក់ព័ន្ធបញ្ហានេះ លោក ស សុខា អនុប្រធានស.ស.យ.ក ទទួលបន្ទុករៀបចំពានរង្វាន់នេះបានសង្កត់ធ្ងន់ថា ក្រុមនីមួយៗនឹងត្រូវដកបេក្ខភាពចេញពីពានរង្វាន់នេះ បើគណៈរកឃើញរកឃើញថា បានប្រើប្រាស់កីឡាករខុសពីលក្ខខណ្ឌ និងបទបញ្ហានៃការប្រកួត។
ពានរង្វាន់ Soccer League ឆ្នាំនេះមានក្រុមចូលរួមចំនួន៧២ ដែលកើនឡើង១២ក្រុម បើធៀបនឹងឆ្នាំមុនមាន៦០ក្រុមចូលរួម។ ការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ដែលធ្វើឡើងនៅទីលានរួមមានកីឡដ្ឋានវិសាខា, ពហុកីឡដ្ឋានជាតិអូឡាំពិក, ស្តាតចាស់, KMH, អគ្គិសនីកម្ពុជា និងអូបេន។ ក្រុមលេខ១ក្នុងវគ្គជម្រុះតាមពូលទាំង១៦ នឹងទទួលបានកៅអីឡើងទៅប្រកួតនៅវគ្គ១៦ក្រុមចុងក្រោយ។
ក្នុងចំណោមក្រុមទាំង៧២មកពីសមាគមន៍សហភាពសហព័ន្ធកម្ពុជាចំនួន១៤ក្រុម, គ្រឹះស្ថានឧត្តមសិក្សាចំនួន១ក្រុម ស្ថាប័នអង្គភាពនិងក្រុមហ៊ុននានាមានចំនួន៥៧ក្រុម។ ក្រុមជើងឯកប្រចាំពានរង្វាន់នេះ ទទួលបានប្រាក់រង្វាន់ចំនួន២០លានរៀល, លេខ២បាន១០លានរៀល និងលេខ៣បាន៥លានរៀល៕