លោក ស៊ី ជិន​ភីង ប្រកាស​គាំទ្រ​ចំពោះ​លោកស្រី ការី ឡាំ ក្រោយ​បដិសេធ​គម្រោង​ដកតំណែង​
អន្តរជាតិ
លោក ស៊ី ជិន​ភីង ប្រកាស​គាំទ្រ​ចំពោះ​លោកស្រី ការី ឡាំ ក្រោយ​បដិសេធ​គម្រោង​ដកតំណែង​
05, Nov 2019 , 4:51 pm        
រូបភាព
លោកប្រធានាធិបតីចិន ស៊ី​ ជីនភិង ជួបជាមួយមេដឹកនាំហុងកុង លោកស្រី ការី ឡាំ ក្នុងក្រុង សៀងហៃ កាលពីថ្ងៃ៤ វិច្ឆិកា (រូបភាព៖ Xinhua)
លោកប្រធានាធិបតីចិន ស៊ី​ ជីនភិង ជួបជាមួយមេដឹកនាំហុងកុង លោកស្រី ការី ឡាំ ក្នុងក្រុង សៀងហៃ កាលពីថ្ងៃ៤ វិច្ឆិកា (រូបភាព៖ Xinhua)
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បានបង្ហាញ​ទំនុកចិត្ត​យ៉ាង​ពេញទំហឹង​ចំពោះ​មេដឹកនាំ​ហុងកុង​លោកស្រី ការី ឡាំ ខណៈ​អ្នក​ទាំង​ពីរបាន​ជួបគ្នា​ក្នុង​ក្រុង​សៀង​ហៃ​។ ជំនួប​អំឡុង​ភាព​តានតឹង​នេះ កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​បក្ស​ក​ម្មុយ​នី​ស្ត​ចិន យល់ព្រម​ផ្លាស់ប្តូរ​វិធីសាស្ត្រ​លែង​ដកហូត​តំណែង​មន្ត្រីជាន់ខ្ពស់​នៃ​ក្រុង​ហុងកុង​។

 
​ក្នុងជំនួប​ជាមួយ​លោកស្រី​ការី ឡាំ នៅមុន​ពិធី​តាំង​ពិ​ពណ៌ China International Import Expo កាលពី​ថ្ងៃទី ៤ វិច្ឆិកា លោក ស៊ី ជិន​ភីង បាន​លើកសរសើរ​ការដឹកនាំ​លោកស្រី​ថា បាន​បំពេញ​តាម​កាតព្វកិច្ច​ទាំងស្រុង រួមទាំង​ការព្យាយាម​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ហុងកុង​មាន​ស្ថិរភាព និង​ពង្រឹង​បរិយាកាស​សង្គម ព្រមទាំង​បានសម្រេច​កិច្ចការ​លំបាកៗ​ជាច្រើន​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua មេដឹកនាំ​ចិន​វ័យ​៦៦​ឆ្នាំ ដែល​តំណាង​រដ្ឋាភិបាលកណ្តាល​ចិន​រូបនេះ បាន​សង្កត់ធ្ងន់ថា លោក​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​លោកស្រី ឡាំ ព្រមទាំង​ទទួលស្គាល់​ពេញលេញ​លើ​ការងារ​លោកស្រី​និង​សមាជិក​រដ្ឋបាល​លោកស្រី​។ ទន្ទឹមនឹង​ការលើកសរសើរ​ចំពោះ​ការ​មេដឹកនាំ​ហុងកុង លោក ស៊ី កត់សម្គាល់ថា​ការបញ្ចប់​ចលាចល និង​អំពើហិង្សា ព្រមទាំង​ការស្តារ​សណ្ដាប់ធ្នាប់ នៅតែ​ជា​កិច្ចការ​ដ៏​សំខាន់បំផុត​សម្រាប់​ទីក្រុង​ហុងកុង នាពេល​បច្ចុប្បន្ន​។ 
 
​ម្យ៉ាងវិញទៀត ​ប្រមុខរដ្ឋ​ចិន​ដ៏​មាន​ឥទ្ធិពល​រូបនេះ ក៏​ស្នើ​ឲ្យ​មាន​កិច្ចប្រឹងប្រែង​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​គោលដៅ​ពង្រឹង​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​បង្កើត​កិច្ចសន្ទនា​ជាមួយ​រាល់​វិស័យ​ទាំងអស់​ក្នុងសង្គម​។ 
 
​មែនទែនទៅ ការប្រកាស​គាំទ្រ​ពេញទំហឹង​លើ​លោកស្រី ការី ឡាំ នេះ កើតឡើង​ក្រោយពី​មាន​លេច​ធ្លាយ​របាយការណ៍​កាលពី​ថ្មីៗ​នេះ​ថា រដ្ឋាភិបាល​ចិន កំពុង​គិតគូរ​ផែនការ​ដកតំណែង​លោកស្រី ការី ឡាំ ជា​មេដឹកនាំ​ហុងកុង ស្របពេល​បង្ហាញមុខ​បេក្ខជន​បន្ត​តំណែង​កំពូល​នៅ​ក្រុង​ហុងកុង​នេះ គឺមាន​ដូចជា លោក Norman Chan អតីត​ប្រធាន​អាជ្ញាធរ​ទទួលបន្ទុក​ផ្នែក​រូបិយវត្ថុ​ហុងកុង និង​លោក Henry Tang ដែល​ធ្លាប់​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​។ យ៉ាងណាមិញ ក្រុង​ប៉េកាំង បានចេញ​មុខ​បដិសេធ​របាយការណ៍​នេះ ដោយ​ចាត់ទុកថា គ្រាន់តែ​ជា «​ពាក្យ​ចចាមអារ៉ាម​នយោបាយ ជាមួយនឹង​គំនិតអាក្រក់​នៅ​ពីក្រោយ​» តែប៉ុណ្ណោះ​។​
 
​សូមបញ្ជាក់ថា ទីក្រុង​ហុងកុង​ប្រឈមមុខ​នឹង​បាតុកម្មហិង្សា​និង​ទ្រង់ទ្រាយ​ធំ ចាប់តាំងពី​ខែមិថុនា​មក ដែល​បង្ក​ការរាំងស្ទះ​កា​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ទីក្រុង​នេះ​។ ចាប់តាំងពី​ឆ្នាំ​១៩៩៧​មក ក្រុង​ប៉េកាំង​ដឹកនាំ​ទីក្រុង​ហុងកុង ក្រោម​គំរូ​ពិសេស​មួយ ហៅថា «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» ដែល​បើកផ្លូវ​ឲ្យ​ទីក្រុង​នេះ​មាន​ស្វ័យភាព​គ្រប់គ្រង​គ្រប់ផ្នែក​ទាំងអស់ លើកលែងតែ​វិស័យ​ការពារជាតិ និង​ការបរទេស​។ ក៏ប៉ុន្តែ​កំហឹង​ពលរដ្ឋ​ហុងកុង ស្ទុះ​ឡើង​ខ្លាំង​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​បារម្ភ​ថា ក្រុង​ប៉េកាំង ចាប់ផ្តើម​បំផ្លាញ​សេរីភាព និង​ប្រជាធិបតេយ្យ​ក្នុង​ក្រុង​ហុងកុង ជាពិសេស​ចាប់តាំងពី​លោក​ស៊ី ជិន​ភីង ចូលកាន់​អំណាច​មក​៕

Tag:
 ​ចិន​
  ស៊ី​ជិន​ភីង​
 ​ការី​ឡាំ
© រក្សាសិទ្ធិដោយ thmeythmey.com