អន្តរជាតិ
គណៈកម្មការ​ទន្លេមេគង្គ ប្រមូល​យោបល់​ពី​ភាគី​ពាក់ព័ន្ធ​បញ្ចូល​ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​១០​ឆ្នាំ​
05, Nov 2019 , 10:39 pm        
រូបភាព
អ្នកចូលរួមនាវេទិកា ភាគី ពាក់ព័ន្ធ  លើកទី ៨ ដែលរៀបចំឡើងដោយ គណៈកម្មការទន្លេមេគង្គ បានធ្វើ ឡើងនៅ ថ្ងៃទី ៥ ខែវិច្ឆិកា នៅ ទីក្រុង វៀងចន្ទន៍
អ្នកចូលរួមនាវេទិកា ភាគី ពាក់ព័ន្ធ លើកទី ៨ ដែលរៀបចំឡើងដោយ គណៈកម្មការទន្លេមេគង្គ បានធ្វើ ឡើងនៅ ថ្ងៃទី ៥ ខែវិច្ឆិកា នៅ ទីក្រុង វៀងចន្ទន៍
​វៀងចន្ទន៍​, ឡាវ​៖ វេទិកា​ភាគី​ពាក់ព័ន្ធ​ថ្នាក់​តំបន់​លើក​ទី​៨ ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​ទន្លេមេគង្គ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា នៅ​ទីក្រុង​វៀងចន្ទន៍​។ តំណាង​មកពី​ប្រទេស​សមាជិក​គណៈកម្មការ​ទាំង​បួន កម្ពុជា ឡាវ ថៃ និង​វៀតណាម និង​ប្រទេស​ដៃគូ​ចំនួន​ពីរ មី​យ៉ាន់​ម៉ា និង​ចិន ក៏​ដូច​ភាគី​ពាក់ព័ន្ធ​ដទៃទៀត បាន​ចូលរួម​ក្នុង​ពិភាក្សា​ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​អាង​ទន្លេ​ឆ្នាំ​២០២១-២០៣០ និង​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ ២០២១-២០២៥ ។​

 
​គណៈកម្មការ​ទន្លេមេគង្គ (Mekong River Commission, MRC) នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា បាន​បើក​វេទិកា​នៃ​ភាគី​ពាក់ព័ន្ធ​លើក​ទី​៨ ដើម្បី​ប្រមូល​មតិយោបល់​ក្នុងការ​រៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​អាង​ទន្លេ​២០២១-២០៣០ ស្រប​ពេលដែល​ទន្លេមេគង្គ​កំពុង​ប្រឈមមុខ​បញ្ហា​ជាច្រើន ពិសេស​និន្នាការ​អភិវឌ្ឍ និង​ការរួមចំណែក​ការពារ​ទន្លេ​ដ៏​សំខាន់​មួយ​នេះ​។ វេទិកា​ពីរ​ថ្ងៃនេះ ផ្ដល់ឱកាស​ឲ្យ​ភាគី​ពាក់ព័ន្ធ​នានា បញ្ចេញយោបល់​របស់ខ្លួន​លើ​ការអភិវឌ្ឍ​ទន្លេមេគង្គ​ដោយ​ចីរភាព​។​


​លោក អាន ពេជ្រ ហត្ថ​ដា នាយក​ប្រតិបត្តិ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ
 
​លោក អាន ពេជ្រ ហត្ថ​ដា នាយក​ប្រតិបត្តិ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ និយាយថា យុទ្ធសាស្ត្រ​អភិវឌ្ឍ​អាង​ទន្លេ និង​ផែនការ​យុទ្ធសាស្ត្រ​ប្រាំ​ឆ្នាំ​២០២១-២០២៥ ជាការ​កំណត់​ទិសដៅ​សម្រាប់​ពេល​៥​ឆ្នាំ និង​១០​ឆ្នាំ​ទៅមុខ​របស់ MRC ។ ក្នុងន័យ​លើកឡើង​ពី​សារសំខាន់​នៃ​យោបល់​ផ្សេងគ្នា លោក ហត្ថ​ដា ប្រាប់​អ្នកចូលរួម​ជាង​ពីរ​រយ​នាក់​ថា​៖ «​យើង​បាន​បញ្ចូល​តំណាង​មកពី​វិស័យ​ផ្សេងៗ​គ្នា​ដើម្បី​ធានាថា នឹង​គ្មាន​យោបល់​ណា ត្រូវបាន​ទុកចោល​ឡើយ​។​»
 
«​យើង​ដឹងថា ទន្លេមេគង្គ ជា​ធនធាន​រួម ហើយ​ជា​កម្មសិទ្ធិ​របស់​ប្រជាជន​ចិញ្ចឹមជីវិត​ដោយ​ផែ​ក​លើទឹក និង​ធនធាន​ត្រី​ក្នុង​ទន្លេ​។ យើង​ទទួលស្គាល់​សិទ្ធិ​បញ្ចេញមតិ​របស់​អ្នក​។​» នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​ប្រតិបត្តិ​លេខាធិការដ្ឋាន MRC ដែល​បន្តថា ភាគី​ដែល​មិនបាន​ចូលរួម​ក្នុង​វេទិកា​នៅ​ទីក្រុង​វៀងចន្ទន៍​នេះ អាច​បង្ហាញ​ក្ដីបារម្ភ​របស់​ពួកគេ​នៅលើ​វេ​ប​សាយ​របស់ MRC បាន​ផងដែរ ព្រោះ MRC តែង​ពិចារណា​គំនិត​ដែល​ដាក់​វេ​ប​សាយ​របស់ខ្លួន​ក្នុងពេល​រៀបចំ​គម្រោង​អនាគត​។​
 
​ទាក់ទង​យុទ្ធសាស្ត្រ​ខាងលើ MRC បាន​សិក្សា​ពី​យុទ្ធសាស្ត្រ​ឆ្នាំ​២០១៦-២០២០ ដែល​កំពុង​អនុវត្ត​បច្ចុប្បន្ន និង​បាន​ប្រមូល​មតិយោបល់​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រាប់បញ្ចូល​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ផងដែរ​។ សម្រាប់​យុទ្ធសាស្ត្រ​១០​ឆ្នាំ​ទៅមុខ លោក តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​វេទិកា​អង្គការក្រៅរដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum on Cambodia) ដែលមាន​វត្តមាន​ក្នុង​វេទិកា​នេះដែរ បានលើកឡើង​ពី​ភាពចាំបាច់​ដែល​យុទ្ធសាស្ត្រ​អភិវឌ្ឍ​អាង​ទន្លេ​នេះ​ផ្ដោតលើ​បញ្ហា​បរិស្ថាន​។ 


 
​ប្រាប់​អ្នកសារព័ត៌មាន​អំឡុងពេល​សម្រាក លោក វណ្ណា​រ៉ា បញ្ជាក់ទៀតថា MRC ក៏​គួរតែ​បញ្ចូល​ថាមពល​កើត​ឡើងវិញ​ក្នុង​យុទ្ធសាស្ត្រ​របស់ខ្លួន​ផងដែរ បើសិន​ថាមពល​នេះ​អាច​ដើរ​បានល្អ​ប្រសើរ មានតម្លៃ​ថោក និង​មាន​យន្តការ​ល្អ​ជាង​ទំនប់​វា​រី​អគ្គីសនី​។ លើសពីនោះ ប្រធាន​វេទិកា​ដដែល ក៏​ស្នើ​ឲ្យ MRC សិក្សា​ឲ្យ​ច្បាស់​ពី​ទិន្នន័យ​ដើម​ជុំវិញ​អាង​ទន្លេ​មួយ ចៀសវាង​ការប្រើប្រាស់​ទិន្នន័យ​ចាស់ ឬ​ព័ត៌មាន​ពី​កន្លែង​ផ្សេង​ទៅ​អភិវឌ្ឍ​កន្លែង​មួយទៀត​។​
 
«​ឧទាហរណ៍​នៅ [​គម្រោង​វា​រី​អគ្គីសនី​] ហ្លួងព្រះបាង គាត់​ត្រូវ​សិក្សា​ឲ្យ​ច្បាស់ មិន​សិក្សា​សរុប​យកមក​មក​បាន​ទេ ព្រោះ​ឆ្នាំ​នៃ​ការអភិវឌ្ឍ​ទំនប់​ខុសគ្នា​... យើង​ចង់​ឲ្យ​មានការ​សរសេរ​បន្ទាត់​មូលដ្ឋាន​ឲ្យ​ច្បាស់​ក្នុង​គម្រោង​វា​រី​អគ្គីសនី​នីមួយៗ ដើម្បី​ថ្ងៃក្រោយ​ងាយស្រួល​ពិភាក្សា​។ ពិសេស​ត្រូវ​មើល​ផលប៉ះពាល់​ឆ្លងដែន​ឲ្យ​បាន​ច្បាស់​។​» នេះ​ជាការ​លើកឡើង​របស់លោក តឹក វណ្ណា​រ៉ា​។ មិនទាន់​អស់​ឡើយ ដោយ​សំអាង​ពី​ភាពជឿនលឿន​នៃ​បច្ចេកវិទ្យា លោក វណ្ណា​រ៉ា ក៏​ស្នើ​ឲ្យ​មានការ​បង្កើត App ដើម្បី​ចែក​ព័ត៌មាន​ដល់​ប្រជាជន​បាន​លឿន​ដូចជា​ក្នុងករណី​មានការ​បើក​ទំនប់​បង្ហូរទឹក​ជាដើម​។​
 
​វេទិកា​ពិគ្រោះ​មួយទៀត នឹងធ្វើ​ឡើង​នៅ​ខែកុម្ភៈ ឆ្នាំ​២០២០ ខាងមុខ ដើម្បី​ជជែក​ពី​សេចក្ដីព្រាង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​អាង​ទន្លេ​នេះ​។ យុទ្ធសាស្ត្រ​រយៈពេល​១០​ឆ្នាំនេះ រំពឹងថា នឹងត្រូវ​បានអនុម័ត​ដោយ​គណៈកម្មាធិការ​រួម MRC នៅ​ខែមេសា ឆ្នាំ​២០២០ មុននឹង​ដាក់​ឆ្លង​ក្រុមប្រឹក្សា MRC ដែល​ស្ថាប័ន​សម្រេចចិត្ត​ខ្ពស់​របស់​គណៈកម្មការ​ទន្លេមេគង្គ ហើយ​បន្ទាប់​ទៀត គឺ​ការបោះពុម្ព​ផ្លូវការ​៕



Tag:
 មេគង្គ​
  MRC
  ឡាវ​
© រក្សាសិទ្ធិដោយ thmeythmey.com