ជាតិ
មនុស្សជាងមួយពាន់នាក់ចូលរួមរើសសំរាមក្នុងទិវាបរិស្ថានអបអរស្ទឹងសៀមរាប
× សៀមរាប៖ មនុស្សជាងមួយពាន់នាក់ បានចូលរួមក្នុងទិវាបរិស្ថានក្រោមប្រធានបទ «អបអរស្ទឹងសៀមរាប» ដែលរៀបចំឡើងដោយសង្កាត់សាលាកំរើក។ ទិវានេះមានបំណងអបអរពិធីបុណ្យអុំទូកនៅខេត្តសៀមរាប ក៏ដូចជាបំផុសចលនាឱ្យពលរដ្ឋយល់ដឹងបន្ថែមពីបញ្ហាបរិស្ថាន។
ចៅសង្កាត់សាលាកំរើក លោក សាម ឡន បានឱ្យដឹងថា មនុស្សចំនួន១,២០០នាក់ បានចូលរួមក្នុងទិវាបរិស្ថានដែលសង្កាត់លោកបានរៀបចំនៅព្រឹកថ្ងៃទី៥ វិច្ឆិកា ដែលក្នុងនោះមានសិស្សានុសិស្ស ក្រុមអាជីវកម្ម អង្គការ និងប្រជាពលរដ្ឋ។ លោកចៅសង្កាត់បន្តថា គោលបំណងនៃការរៀបចំទិវានេះមាន៣សំខាន់ៗ គឺទី១ អបអរថ្ងៃបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ,ទី២ អបអរបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ និងទី៣ ចង់ឱ្យសង្កាត់សាលាកំរើកក្លាយជាសង្កាត់ដែលគ្មានថង់ប្លាស្ទិក និងគ្មានសំរាមនៅទីសាធារណៈ។
លោកចៅសង្កាត់បន្ថែមថា ទិវានេះក៏ជាសារសំខាន់ក្នុងការបញ្ជៀបការយល់ដឹងដល់ប្រជាពលរដ្ឋឱ្យចេះវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ងាយស្រួលដល់ក្រុមហ៊ុនប្រមូលសំរាមដឹកជញ្ជូនចេញផងដែរ។
មន្ត្រីនៃមន្ទីរបរិស្ថាន លោក សុខា ដែលបានចូលរួមក្នុងទិវារើសសំរាមដែរនោះពន្យល់ថា បញ្ហាសំរាមជាបញ្ហាដ៏សំខាន់ដែលមន្ទីរលោកតែងបានចុះផ្សព្វផ្សាយនិងអប់រំឱ្យពលរដ្ឋយល់ពីការទុកដាក់ មិនត្រូវចោលពាសវាលពាសកាលឡើយ។ លោកបន្តថា ក្រុងសៀមរាបមានការអភិវឌ្ឍលឿន កំណើនប្រជាជនក៏កាន់តែច្រើន រីឯបញ្ហាសំរាមក៏កាន់តែមានចំនួនច្រើនដែលចាំបាច់ត្រូវពង្រីកការប្រមូលសំរាម ក៏ដូចជាទីលានចាក់សំរាមបន្ថែមផង។
លោក ស៊ា សុផល ប្រធានអង្គការទំពាំងស្នងឫស្សីដែលបានសហការជាមួយសង្កាត់សាលាកំរើករៀបចំទិវាបរិស្ថាននេះបានឱ្យដឹងថា ការងារនេះស្ថិតក្នុងផែនការនៃគម្រោងផ្ដួចផ្ដើមពីសមាគមអាជីវករនៅក្នុងសង្កាត់ទាំងមូលដែលចង់ឱ្យសង្កាត់នេះក្លាយជាសង្កាត់មេត្រីភាពបរិស្ថាន។ លោកបន្តថា សកម្មភាពលើកនេះខុសពីសកម្មភាពមុន ដោយសារទិវាបរិស្ថាននេះធ្វើឡើងក្នុងន័យអប់រំពលរដ្ឋឱ្យយល់ថា ទឹកស្ទឹងជាកន្លែងប្រារព្ធពិធីបុណ្យ មិនមែនជាកន្លែងចោលសំរាមឬជាកន្លែងសម្រាប់បំពុលបរិស្ថានឡើយ៕
Tag:
ទិវាបរិស្ថានអបអរស្ទឹងសៀមរាប
សាម ឡន
សង្កាត់សាលាកំរើក
ស៊ា សុផល
© រក្សាសិទ្ធិដោយ thmeythmey.com