អន្តរជាតិ
យោធា​ថៃ គ្រោង​ទិញ​ដ្រូ​ន​ស៊ើប​ការ​២​គ្រឿង​តម្លៃ​១៩​លាន​ដុល្លារ​
06, Nov 2019 , 9:19 pm        
រូបភាព
ដ្រូនប្រភេទ Camcopter S-100s ដែលផលិតឡើងដោយក្រុមហ៊ុនអូទ្រីស Schiebel Group (ប្រភពរូប៖defpost.com)
ដ្រូនប្រភេទ Camcopter S-100s ដែលផលិតឡើងដោយក្រុមហ៊ុនអូទ្រីស Schiebel Group (ប្រភពរូប៖defpost.com)
ដោយ:
​កងទ័ពជើងទឹក​ភូមិ​ន្ទ​ថៃ គ្រោង​ទិញ​ដ្រូ​ន (VTOL) ចំនួន​២​គ្រឿង​ពី​ក្រុមហ៊ុន​អូទ្រីស Schiebel Group ក្នុង​ទំហំ​ទឹកប្រាក់ ៦០០​លាន​បាត ឬ​ស្មើនឹង​ជាង​១៩,៨២​លាន​ដុល្លារ​។ បើតាម​មន្ត្រី​យោធា​ជាន់ខ្ពស់​ថៃ ដ្រូ​ន​ទាំងនេះ នឹងត្រូវ​ដាក់ពង្រាយ​ដើម្បី​តាមដាន​សភាពការណ៍​នៅ​ឈូង​សមុទ្រ​ថៃ និង​សមុទ្រ Andaman ។​

 
​ដ្រូ​ន​ប្រភេទ Camcopter S-100s ដែល​អាច​ហោះ​ឡើង​និង​ចុះចត​ដោយ​បញ្ឈរ (VTOL) នឹង​ត្រូវដាក់​ប្រតិបត្តិការ ក្នុង​ឆ្នាំ​២០២០ នៅ​ខេត្ត​ភាគខាងត្បូង​ប្រទេស​ថៃ ជាប់​នឹង​ឆ្នេរ​ភាគ​ខាងកើត​នៃ​ឧបទ្វីប​ម៉ា​ឡេ​។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ដែល​ចុះផ្សាយ​លើ​វេ​ប​សាយ​ក្រុមហ៊ុន Schiebel ដ្រូ​ន​ទំនើប​នេះ នឹងដាក់​ពង្រាយ​លើ​នាវា​របស់​កងទ័ពជើងទឹក​ភូមិន្ទ​ថៃ ក្នុង​គោលដៅ​បំពេញបេសកកម្ម​ឈ្លបយកការណ៍​ភូមិសាស្ត្រ​សមុទ្រ​និង​ដី​។​
 
​កិច្ចសន្យា​បញ្ជា​ទិញ​ដ្រូ​ន​នេះ បាន​ចុះហត្ថលេខា​ដោយ​អគ្គនាយក​នៃ​ការិយាល័យ​គ្រប់គ្រង​ការទិញ​សម្ភារ​យោធា​របស់​កងទ័ពជើងទឹក​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ Prachachart Sirisawat ។ បើតាម​លោក Prachachart ដ្រូ​ន​ស៊ើបការណ៍​នេះ នឹង​ក្លាយជា​យន្តហោះ​យោធា (VTOL) គ្មាន​មនុស្ស​បើក​ទីមួយ​របស់​កងទ័ពជើងទឹក​ថៃ ដែល​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​លើ​ការ​ល្បាត​សន្តិសុខ ព្រោះថា​ខ្លួន​នឹង​លែង​ត្រូវការ​ដាក់ពង្រាយ​នាវា​ធំៗ ដែលមាន​សមត្ថភាព​ឲ្យ​ឧ​ទ្ធ​ម្កា​ចក្រ​ចុះចត​សម្រាប់​បេសកម្ម​បែបនេះ​តទៅទៀត​ហើយ​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ លោក​ឧ​ត្ត​ម​សេនីយ៍​រូបនេះ អះអាង​ទៀតថា ដ្រូ​ន​បែប​ឧ​ទ្ធ​ម្កា​ចក្រ​នេះ នឹង​ត្រូវដាក់​បញ្ឈរជើង​យ៉ាង​ចាំបាច់​នៅលើ​មូលដ្ឋាន​ទ័ពជើងទឹក​ទាំ​ង​ក្នុង​ឈូង​សមុទ្រ​ថៃ និង​សមុទ្រ Andaman ។ បន្ថែម​ពីនេះ លោក Prachachart សង្កត់ធ្ងន់ថា ដោយហេតុថា​ដ្រូ​ន​ទាំងនេះ ត្រូវបាន​បំពាក់​ដោយ​ម៉ាស៊ីនថតរូប​ភាព ដែលមាន​គុណភាព​បង្ហាញ​ខ្ពស់​និង​ទំនើប​នោះ ពួកវា​អាចមាន​សមត្ថភាព​កំណត់​គោលដៅ​នានា​ដោយ​សុក្រឹត​ត្រឹមត្រូវ​បំផុត​។ ម្យ៉ាងទៀត លោក​ថា​៖«​ដ្រូ​ន​ទាំងនេះ ក៏​សាក​សម​បំផុត​សម្រាប់​ប្រតិបត្តិ​ការសង្គ្រោះ​នៅ​លំហ​សមុទ្រ​ផងដែរ​»​។ 
 
​និយាយ​ដល់​លក្ខណៈពិសេស​របស់​ដ្រូ​ន​តម្លៃ​ជិត​២០​លាន​ដុល្លារ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍ Prachacart បញ្ជាក់​ឲ្យ​ដឹងថា ពួកវា ពុំ​ទាមទារ​តំបន់​រៀបចំ​ពិសេស​ណាមួយ​ឡើយ​សម្រាប់​ការ​ចុះចត​និង​ហោះ​ឡើង ហើយ​ម្យ៉ាងទៀត​ដ្រូ​ន​ទំនើប​ទាំងនេះ អាចមាន​សមត្ថភាព​ប្រតិបត្តិការ​ទាំង​ពេល​ថ្ងៃ និង​យប់ និង​ក្រោម​លក្ខខណ្ឌ​អាកាសធាតុ​មិន​អំណោយផល​ជាមួយនឹង​ចម្ងាយ​វែង​បំផុត​ដល់​ទៅ​២០០​គីឡូម៉ែត្រ​។ 
 
​ជាពិសេស​នោះ ដ្រូ​ន​នីមួយៗ គឺមាន​សមត្ថភាព​ហោះហើរ​ដោយ​មិន​ឈប់​រហូតដល់​៦​ម៉ោង ហើយ​ពួកវា​សាក​សម​បំផុត​សម្រាប់​ការ​យាមល្បាត​សន្តិសុខ​នៅ​ដែនទឹក​នៃ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​។ លោក​ឧ​ត្ត​ម​សេនីយ៍ Prachachart លើកឡើង​បែបនេះ ដោយ​បន្ថែមថា សម្រាប់​តម្លៃ​៦០០​លាន​បាត​នេះ ក៏​រាប់បញ្ចូល​ទាំង​តម្លៃ​ហ្វឹកហាត់​ផងដែរ​។ លោក​សង្កត់ធ្ងន់ថា ការបញ្ជាទិញ​នេ​ហ គឺ​ចាំបាច់​ខ្លាំងណាស់ ហើយ​លោក​គិតថា ប្រទេសជិតខាង​របស់​ថៃ​ខ្លះ ប្រហែល​ជាមាន​ដ្រូ​ន​ទំនើប​ប្រភេទ​នេះ​រួចរាល់​ហើយ​៕
 

Tag:
 ថៃ​
  យោធា​
  ដ្រូ​ន​
  អូទ្រីស
© រក្សាសិទ្ធិដោយ thmeythmey.com