ក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ថៃ សម្រាប់ជំនួបវគ្គជម្រុះពូល G នៃពានរង្វាន់ AFC U19 Championship 2020 វេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា នេះ ក្រោយក្រុមម៉ាឡេស៊ីប៉ះកោះម៉ារីណាខាងជើងនៅម៉ោង៣:៣០នាទីរសៀល។
U19 កម្ពុជាត្រូវការឈ្នះថៃនៅល្ងាចថ្ងៃសុក្រនេះ ដើម្បីបង្កើនឱកាសក្នុងការប្រជែងកៅអីឡើងទៅវគ្គបន្តនៃពានរង្វាន់ AFC U19 Championship 2020។ ក្នុងករណីកម្ពុជាបរាជ័យក្រោមថ្វីជើងឯកថៃ នោះឱកាសឡើងទៅវគ្គបន្តនៃព្រឹត្តិការណ៍នេះសម្រាប់កម្ពុជាមានតិចតួចបំផុត។ បច្ចុប្បន្នកម្ពុជាស្ថិតនៅលេខរៀងទី៣មាន៣ពិន្ទុ ក្រោយយកឈ្នះកោះម៉ារីណាខាងជើងឯ ៩-០ ខណៈថៃស្ថិតនៅកំពូលតារាងមាន៦ពិន្ទុ ក្រោយយកឈ្នះព្រុយណេ ៩-០ កោះម៉ារីណាខាងជើងឯក ២១-០។
តែយ៉ាងណាកម្ពុជាធ្លាប់យកឈ្នះថៃក្នុងលទ្ធផល ៤-៣ ក្នុងវគ្គជម្រុះ AFF U18 Championship នៅប្រទេសវៀតណាមកាលពីអំឡុងខែសីហា ដើម្បីបង្កើតកំណត់ត្រាជូនវិស័យកីឡាបាល់ទាត់កម្ពុជា។ គ្រាប់បាល់ជ័យជម្នះរបស់កម្ពុជាសម្រេចដោយកីឡាករ សៀង ចន្ធា ពីរគ្រាប់ម្នាក់ឯង និងរួមចំណែកមួយពីកីឡាករ វុធ តុលា និងមួយគ្រាប់ទៀតជាការធ្វើចូលទីខ្លួនឯងកីឡាករថៃ។
តាមរយៈជ័យជម្នះនេះ ធ្វើឲ្យកម្ពុជាហាក់មានរំពឹងខ្ពស់ក្នុងការយកឈ្នះថៃនៅថ្ងៃនេះ ដ្បិតក្នុងក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជាមានកីឡាករ១៧រូបចម្រាញ់ចេញពីឈុត U18 ដែលបានយកឈ្នះថៃ នៅលើទឹកដីវៀតណាម។ កីឡាករទាំង១៧រូបនោះរួមមាន ជា សុខម៉េង, ជុង មករា, អ៊ាន ពិសី, កយ សាលីម, រី លាភផេង, សៀង ចន្ធា, ថា ច័ន្ទឬទ្ធី, ធី លៀង, អាត អូនតូច, ញឹម លីហួរ, វុធ តុលា, សឿត ណាវ៉ា, ចាន់ សុភា, កែវ ឧត្តម, មិត សាម៉ើយ, លឹម ពិសុទ្ធ និង មិន រតនៈ។
នៅពូល G ថ្ងៃសុក្រនេះដែរ ម៉ាឡេស៊ី ដែលយកឈ្នះកម្ពុជា ៥-៤ និងព្រុយណេ ១១-០ ត្រូវតទល់ជាមួយកោះម៉ារីណាខាងជើង ដែលបានរងបរាជ័យ៣ប្រកួតជាប់គ្នា នៅម៉ោង៣:៣០នាទីរសៀលនេះ នាពហុកីឡដ្នានជាតិ។ សម្រាប់ការប្រកួតកាលពីថ្ងៃទី៦ វិច្ឆិកា ថៃបានលទ់កោះម៉ារីណាក្នុងលទ្ធផល ២១-០ រីឯម៉ាឡេស៊ីលត់ព្រុយណេ ១១-០។
កីឡាករ U19 ទាំង២៣រូបរបស់កម្ពុជារួមមានកីឡាករ ជា សុខម៉េង, ជូ ស៊ីនទី, ជុង មករា, អ៊ាន ពិសី, កយ សាលីម, រី លាភផេង, ធី លៀង, សៀង ចន្ធា, ថា ច័ន្ទឬទ្ធី, ទួត សារ៉ូត, អាត អូនតូច, ញឹម លីហួរ, សៅ វ៉ៃហ្វី, ចាន់ សារ៉ាពេជ្រ, វុធ តុលា, មិន រតនៈ, សឿត ណាវ៉ា, លី ម៉ាឯល, ចាន់ សុភា, កែវ ឧត្តម, មិត សាម៉ើយ, ផន អយ និង លឹម ពិសុទ្ធ៕