កីឡាជាតិ
ជាតិ
កាយសម្ព័ន្ធ​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​អាណត្តិ​ចាស់ និង​កំណត់​រក​មេដាយ​ឲ្យ​បាន​ចាប់ពី​ឆ្នាំ​២០២០
08, Nov 2019 , 7:39 pm        
រូបភាព
 លោក ថោង ខុន ត្រុវបានបោះឆ្នោតគាំទ្រឲ្យបន្តធ្វើជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា
លោក ថោង ខុន ត្រុវបានបោះឆ្នោតគាំទ្រឲ្យបន្តធ្វើជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា
ដោយ:
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) នឹង​ត្រូវបាន​សមាជិក​បោះឆ្នោត​គាំទ្រ ឲ្យ​បន្ត​ដឹកនាំ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​អា    ណ​ត្តិ​ទី​៦​។ ការបោះឆ្នោត​នេះ ធ្វើឡើង​ក្នុង​សន្និបាត​បូក​ការងារ​កាលពី​ថ្ងៃទី​៥ វិច្ឆិកា ដែល​ថ្នាក់ដឹកនាំ​វាយតម្លៃថា សហព័ន្ធ​សម្រេចបាន​សមិទ្ធផល​ជោគជ័យ​យ៉ាង​ល្អប្រសើរ​ទាំង​លើ​ថ្នាក់ជាតិ​និង​អន្តរជាតិ​។ តែ​យ៉ាងណា សហព័ន្ធ ក៏បាន​លើក​ពី​បញ្ហា​ប្រឈម​មួយចំនួន ដែល​ត្រូវ​ដោះស្រាយ​បន្ត​ផងដែរ​។​

 
​លោក ថោង ខុន ប្រធាន NOCC ទទួល​សំឡេងគាំទ្រ​១០០​ភាគរយ ពី​ការបោះឆ្នោត​ដើម្បី​បន្ត​ធ្វើជា​ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​អាណត្តិ​ទី​៦ ចាប់ពី​ឆ្នាំ​២០១៩-២០២៣​។ ការបោះឆ្នោត​នេះ ធ្វើឡើង​ក្នុង​សន្និបាត​បូកសរុប​ការងារ​អាណត្តិ​ចាស់ និង​ដាក់​ទិសដៅ​អនុវត្ត​សម្រាប់​អាណត្តិ​ថ្មី នៅ​រសៀល​ថ្ងៃទី​៥ ខែវិច្ឆិកា នាទី​ស្នាក់ការ NOCC ដោយមាន​ការចូលរួម​ពី​សមាជិក​ប្រតិបត្តិ​សហព័ន្ធ និង​តំណាង​ក្លិប​សមាគម ដែលជា​សមាជិក គ្រូបង្វឹក និង​កីឡាករ​។ 
 
​ជាមួយគ្នានេះ អង្គ​មហាសន្និបាត​ក៏បាន​បោះឆ្នោត និង​ជ្រើសតាំង​សមាជិក​ប្រតិបត្តិ​មួយចំនួន​បន្ថែម ដើម្បី​បន្តដំណើរ​ការអភិវឌ្ឍ​ន៍​កីឡា​កាយសម្ព័ន្ធ​។ លោក សុខ ហុង បន្ត​ធ្វើជា​អនុប្រធាន​, លោក ណ​យ ផា​ណា អគ្គលេខាធិការ​, លោក មាស សារ៉េត អគ្គលេខាធិការរង​, លោក ខៀវ ចិន្តា អគ្គហិរញ្ញិក និង​សមាជិក​៤​រូប​ទៀត​រួមមាន​លោកស្រី ដួង សា​ម៉ៃ​, លោកស្រី ពេជ្រ យូ​, លោក ជុំ រ៉ា​ទី និង​លោក អៀម វ៉ាង​ឌុល​។​
 
​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​រយៈពេល​៤​ឆ្នាំកន្លងមក​ថា សហព័ន្ធ​ទទួលបាន​លទ្ធផល​ជោគជ័យ​យ៉ាង​ល្អប្រសើរ ទាំង​នៅ​ថ្នាក់ជាតិ និង​អន្តរជាតិ​។ សមិទ្ធផល​ទាំងនោះ​រួមមាន សហព័ន្ធ​បាន​ទំនាក់ទំនង​ស្វែងរក​ការគាំទ្រ​ផ្នែក​សម្ភារ​ពី​បណ្តា​ទូត​នានា និង​ការហ្វឹកហាត់​នៅក្រៅ​ប្រទេស​, បាន​ទំនាក់ទំនង​ជាមួយ​សហ​ព័ន្ធ​អន្តរជាតិ អាស៊ី និង​អាស៊ាន ដើម្បី​ដឹង​ពី​ព័ត៌មាន​នានា​ពាក់ព័ន្ធ​ការប្រកួត និង​វគ្គ​បណ្តុះបណ្តាល​, បញ្ជូន​គ្រូបង្វឹក​ពីររូប​ទៅ​បណ្តុះបណ្តាល​នៅ​សិង្ហ​បុរី​, បញ្ជូន​មន្ត្រី​ពីររូប​ទៅ​ចូលរួម​វគ្គ​អាជ្ញាកណ្តាល​ចៅក្រម​អន្តរជាតិ​នៅ​ជប៉ុន និង​បញ្ជូន​មន្ត្រី​ពីររូប​ទៅ​ចូលរួម​សិក្ខាសាលា​អន្តរជាតិ​នៅ​ហ្វីលីពីន​។ 
 
​សម្រាប់​ការប្រកួត​ថ្នាក់ជាតិ និង​អន្តរជាតិ សហព័ន្ធ​បាន​ចូលរួម​ការប្រកួត​ថ្នាក់ជាតិ​ពីរលើក​, រៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​៥​លើក និង​ពានរង្វាន់​ឯកឧត្តម​បណ្ឌិត ថោង ខុន ចំនួន​៣​លើក​, រៀបចំ​ការប្រកួត​តេស្ត​សមត្ថភាព​កីឡាករ​រៀងរាល់​១​ខែម្តង​, បញ្ជូន​កីឡាករ​១​រូប និង​គ្រូបង្វឹក​១​រូប ទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ជប៉ុន​, ទទួលបាន​មេដាយ​សំរឹទ្ធ​១​ពី​ការចូលរួម​ប្រកួត​ជើងឯក​អាស៊ី​នៅ​វៀតណាម​, ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​នៅ​កូរ៉េ​, ចូលរួម​ប្រកួត SEA Games នៅ​សិង្ហ​បុរី និង​ម៉ាឡេស៊ី​, ចូលរួម​ប្រកួត​ជើងឯក​អាស៊ី​នៅ​ឥណ្ឌូណេស៊ី​, បញ្ជូន​កីឡាករ​ទៅ​ចូលរួម​ប្រកួត Korean Open និង Pre Sea Games នៅ​កូរ៉េ និង​កសាង​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​ដល់​ក្លិប​មួយចំនួន​ជា​សមាជិក​។​
 
​ជាមួយគ្នានេះ​លោក ណ​យ ផា​ណា បាន​អះអាង​យ៉ាង​ម៉ឺងម៉ាត់​ថា ចាប់ពី​ឆ្នាំ​២០២០ កីឡាករ​កីឡាការិនី​កីឡា​កាយសម្ព័ន្ធ ត្រូវ​រក​មេដាយ​ឲ្យ​បាន​នៅលើ​ឆាក​អន្តរជាតិ​។ ដើម្បី​សម្រេច​ឲ្យ​បាន​ផែនការ​នេះ លោក ជំរុញ​ឲ្យ​កីឡាករ កីឡាការិនី ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ និង​ខិតខំ​ព្យាយាម​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែខ្លាំង​ទ្វេដង​។ 
 


លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា
 
«​យើង​បានរៀបចំ​ផែនការ​ជាក់លាក់​រួចរាល់​ហើយ ដោយ​កំណត់ថា ចាប់ពី​ឆ្នាំ​២០២០ យើង​ត្រូវ​ស្វែង​មេដាយ​កម្រិត​អាស៊ីអាគ្នេយ៍ ដើម្បី​យើង​វាស់​ស្ទង់​លើ​សមត្ថភាព​កីឡាករ​កីឡាការិនី​រប​ស់​យើង ក្នុង​កម្រិត​អាយុ​១៤​ទៅ​១៥​ឆ្នាំ ហើយ​ទម្រាំ​ដល់​ឆ្នាំ​២០២៣ គាត់​មាន​អាយុ​១៨​ឆ្នាំ​។ ចាប់ពី​ឆ្នាំ​២០២០ ដាច់ខាត​កីឡា​កាយសម្ព័ន្ធ​ត្រូវ​ស្វែងរក​លទ្ធផល​ជា​មេដាយ ទោះបី​ក្នុង​កម្រិត​ណាក៏ដោយ ទាំង​ក្នុង​តំបន់​និង​ក្រៅ​តំបន់​»​។ 
 
​ទន្ទឹមនឹង​លើក​ពី​សកម្មភាព និង​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​អាណត្តិ​ទី​៥ លោក ណ​យ ផា​ណា ក៏បាន​លើក​ពី​បញ្ហា​ប្រឈម​មួយចំនួន ដែល​សហព័ន្ធ​កំពុង​ខ្វះខាត​នាពេល​បច្ចុប្បន្ន​ផងដែរ​។ បច្ចុប្បន្ន​សហព័ន្ធ​ពុំទាន់​មាន​ឧបករណ៍​ទំនើបៗ​គ្រប់គ្រាន់ ដែល​បម្រើ​ឲ្យ​ការហ្វឹកហាត់​របស់​កីឡាករ​កីឡាការិនី ដែលជា​កត្តា​រាំងស្ទះ ដល់​ការអភិវឌ្ឍ​សមត្ថភាព​របស់​កីឡាករ​។ លើសពីនេះ ធនធាន​មន្ត្រី​បច្ចេកទេស គ្រូបង្វឹក​និង​ចៅក្រម ក៏​នៅតែ​ចោទ​ជា​បញ្ហា​ផងដែរ​។ បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយទៀត​នោះ គឺ​សហព័ន្ធ​នៅ​ខ្វះខាត​ថវិកា ក្នុងការ​បញ្ជូន​មន្ត្រី​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​អន្តរជាតិ​នានា ក៏​ដូច​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់ និង​ប្រកួត​នៅក្រៅ​ប្រទេស​ទាំង​ក្នុង​តំបន់ និង​ក្រៅ​តំបន់​។  
 
​ទោះបី​សហព័ន្ធ​មាន​សកម្មភាព និង​បាន​ចួ​ល​រួមការ​ប្រកួត​នៅក្រៅ​ប្រទេស​ច្រើន​ក៏ដោយ ប៉ុន្តែ​លទ្ធផល​ដែល​ទទួលបាន​មិនទាន់​អាចឆ្លើយតប នឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ សមាជិក​ប្រតិបត្តិ កីឡាករ​កីឡាការិនី និង​គ្រូបង្វឹក​នៅឡើយ​ទេ​។ កត្តា​នេះ​បាន​ជំរុញ​ឲ្យ​លោក ថោង ខុន ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​ដាក់ចេញ​ផែនការ​យុត្តិសាស្ត្រ​មួយចំនួន ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​កាយសម្ព័ន្ធ​ឲ្យ​កាន់តែ​ល្អប្រសើរ សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​
 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រូបនេះ ជំរុញ​ឲ្យ​មន្ត្រី​ខ្លួន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ល្អជា​មួយ​ទូត​នានា ដើម្បី​ស្វែងរក​ជំនួយ​គាំទ្រ​ជា​សម្ភារ និង​ការហ្វឹកហាត់​នៅក្រៅ​ប្រទេស​, ប្រជុំ​យ៉ាងតិច​ពីរដង​ក្នុង​មួយឆ្នាំ​, រៀបចំ​វគ្គ​បណ្តុះបណ្តាល​មន្ត្រីរដ្ឋបាល មន្ត្រី​បច្ចេកទេស គ្រូបង្វឹក និង​ចៅក្រម​ថ្នាក់ជាតិ​ឲ្យ​បាន​ច្រើន​, រៀបចំ​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល​ចៅក្រម​២​ដង​ក្នុង​១​ឆ្នាំ​យ៉ាងតិច​, បញ្ជូន​កីឡាករ​ទៅ​បោះជំរំ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​យ៉ាងតិច​១​ដង​ក្នុង​១​ឆ្នាំ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ និង​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​, ពង្រឹងសមត្ថភាព​គ្រូបង្វឹក​នៅតាម​ក្លិប​សមាគម​ជា​សមាជិក​, បង្កើន​ទំនាក់ទំនង​ជាមួយ​សហ​ព័ន្ធ​អន្តរជាតិ អាស៊ាន និង​អាស៊ី ដើម្បី​បញ្ជូន​គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម​កម្រិត​អន្តរជាតិ​នានា និង​ចូលរួម​មហាសន្និបាត​សហព័ន្ធ​អន្តរជាតិ​ប្រចាំឆ្នាំ​ជាដើម​។ 
 
​សម្រាប់​ផែនការ​ប្រកួត​ប្រធាន NOCC រូបនេះ ជំរុញ​ឲ្យ​ប្រកួត​តេស្ត​សមត្ថភាព​កីឡាករ​រៀងរាល់ខែ ទាំង​យុវជន​ថ្នាល និង​ជម្រើសជាតិ​, ពង្រឹង​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ ដើម្បី​ស្វែងរក​កីឡាករ​មានគុណ​ភាព​, ស្វែងរក​ដៃគូ​ឧបត្ថម្ភ​នានា ដើម្បី​រៀបចំ​ការប្រកួត​ពានរ​ង្វាន់​លក្ខណៈ Cup ប្រចាំឆ្នាំ និង​រក​វិធីសាស្ត្រ​បញ្ជូន​កីឡាករ​ទៅ​ប្រកួត​អន្តរជាតិ​យ៉ាងតិច​៣​ដង​ក្នុង​១​ឆ្នាំ​៕







Tag:
 កាយសម្ព័ន្ធ​
  ណ​យ ផា​ណា​
  ថោង ខុន​
© រក្សាសិទ្ធិដោយ thmeythmey.com