អន្តរជាតិ
និស្សិតហុងកុងម្នាក់ស្លាប់ក្រោយធ្លាក់ពីអគារ អំឡុងការប៉ះទង្គិចជាមួយប៉ូលិស និស្សិតហុងកុងម្នាក់មកពីសកលវិទ្យាល័យជាមួយនិស្សិតហុងកុងដែលបានស្លាប់ លើកក្រដាសបង្ហាញទិដ្ឋភាពរថយន្តសង្គ្រោះបន្ទាន់នៅយប់ដែលយុវជន Chow រងរបួសអំឡុងការប៉ះទង្គិចជាមួយប៉ូលិស កាលពីថ្ងៃ ៣ វិច្ឆិកា ២០១៩(Reuters)
× និស្សិតហុងកុងម្នាក់បានបាត់បង់ជីវិត នៅថ្ងៃទី៨ ខែវិច្ឆិកា ក្រោយរងរបួសធ្ងន់ធ្ងរដោយសារធ្លាក់ពីលើអគារជាន់ទី៣ អំឡុងការប៉ះទង្គិចជាមួយប៉ូលិស។ នេះគឺជាករណីស្លាប់ទីមួយ ដែលកើតចេញពីការប៉ះទង្គិចដោយផ្ទាល់ រវាងប៉ូលិស និងក្រុមបាតុករ ចាប់តាំងពីផ្ទុះបាតុកម្មប្រឆាំងរដ្ឋាភិបាល ជិត៥ខែមកនេះ។
អ្នកនាំពាក្យម្នាក់ប្រចាំមន្ទីរពេទ្យ Queen Elizabeth ទីដែលនិស្សិតរូបនេះសម្រាកព្យាបាល បានបញ្ជាក់ពីដំណឹងនេះ ដោយអះអាងទៀតថា បាតុកររូបនេះ ទទួលមរណភាពនៅម៉ោងប្រហែល៨ព្រឹក។ នេះបើតាមការចុះផ្សាយរបស់កាសែតជប៉ុន Asian Nikkei ។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានចុះផ្សាយកាលពីថ្មីៗនេះថា និស្សិតរូបនេះ រងរបួសផ្នែកខួរក្បាលធ្ងន់ធ្ងរ ក្រោយធ្លាក់ពីជាន់ទី៣ នៃអគារចំណតយានយន្តមួយ កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកាសប្តាហ៍មុន ខណៈប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បំបែកក្រុមអ្នកតវ៉ាក្នុងក្រុងរណបមួយ ឈ្មោះថា Tseung Kwan O ។
យុវជនវ័យ២២ឆ្នាំ ដែលបាត់បង់ជីវិតរូបនេះ ត្រូវបានគេស្គាល់ឈ្មោះថា Chow ជានិស្សិតឆ្នាំទី២ មុខជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ នៃសកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រហុងកុង។ រូបគេ បានឆ្លងកាត់ការវះកាត់ខួរក្បាល ចំនួន២លើករួចមកហើយ ចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះមក។
ក្នុងសន្និសីទព័ត៌មានក្នុងសប្តាហ៍នេះ ប៉ូលិសហុងកុង អះអាងថា មន្ត្រីប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ប្រមាណ៤៤គ្រាប់ នៅក្បែរទីតាំងកើតហេតុនៅយប់នោះ ក៏ប៉ុន្តែបញ្ជាក់ទៀតថា ប៉ូលិសពុំបានទៅរំខានប្រតិបត្តិការសង្គ្រោះបន្ទាន់លើនិស្សិតដែលរងគ្រោះនោះឡើយ។
ការលើកឡើងរបស់ប៉ូលិសនេះ ទំនងជាឆ្លើយតបនឹងការអះអាងរបស់សកម្មជនហុងកុង Joshua Wong ។ យុវជន Wong បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកខ្លួនថា អ្នក សង្គ្រោះស្ម័គ្រចិត្តម្នាក់ ដែលអះអាងថាខ្លួនស្ថិតក្នុងចំណោមមនុស្សមួយក្រុម ដែលទៅដល់ត្រៀមជួយសង្គ្រោះនិស្សិតនោះ បានចោទប្រកាន់ប៉ូលិសហុងកុងថា រារាំងដំណើររបស់ រថយន្តសង្គ្រោះបន្ទាន់ ហើយថែមទាំងពន្យារពេលការព្យាបាលបន្ទាន់ សម្រាប់និស្សិតនេះទៀតផង៕
© រក្សាសិទ្ធិដោយ thmeythmey.com