ជាតិ
សៀវភៅ​ថ្មី​ស្ដីពី​ការសម្លាប់​រង្គាល​ក្នុង​ពិភពលោក នឹង​ចូលក្នុង​កម្មវិធីសិក្សា​សាលា​នៅ​កម្ពុជា​
09, Nov 2019 , 7:59 pm        
រូបភាព
គម្របសៀវភៅ «‍អំពើ​ប្រល័យ​ពូជសាសន៍​និង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក» ដែល​នឹង​​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​តាម​ថ្នាក់​រៀន​ក្នុង​ប្រទេស​កម្ពុជានៅខែក្រោយនេះ។ (រូបថតដោយមជ្ឈមណ្ឌលឯកសារកម្ពុជា)
គម្របសៀវភៅ «‍អំពើ​ប្រល័យ​ពូជសាសន៍​និង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក» ដែល​នឹង​​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​តាម​ថ្នាក់​រៀន​ក្នុង​ប្រទេស​កម្ពុជានៅខែក្រោយនេះ។ (រូបថតដោយមជ្ឈមណ្ឌលឯកសារកម្ពុជា)
ដោយ: VOA
​វ៉ាស៊ីនតោន ៖ សៀវភៅ​ថ្មី​ស្ដីពី​អំពើ​ប្រល័យពូជសាសន៍​និង​ការសម្លាប់​រង្គាល​ក្នុងប្រទេស​ចំនួន​៥​នៅ​ជុំវិញ​ពិភពលោក​រួមទាំង​នៅ​កម្ពុជា​ផង នឹងត្រូវ​ចែកចាយ​និង​ដាក់ឱ្យ​ប្រើប្រាស់​នៅតាម​ថ្នាក់រៀន​នៅ​ប្រទេស​កម្ពុជា​ក្នុង​ខែវិច្ឆិកា​នេះ​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៨​ខែវិច្ឆិកា​។


​សៀវភៅ​ដែលមាន​ចំណងជើង​ថា​«​‍​អំពើ​ប្រល័យពូជសាសន៍​និង​ការសម្លាប់​រង្គាល​នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​» សិក្សា​ពីបទ​ពិសោធន៍​ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​អា​មេ​នី អាល្លឺម៉ង់ បូ​ស្ន៊ី រ​វ៉ាន់ដា និង​កម្ពុជា​។​

​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា សៀវភៅ​នេះ​មាន​គោលដៅ​ក្លាយជា​ឯកសារ​បង្រៀន​សម្រាប់​លោក​គ្រូ​អ្នកគ្រូ​ប្រើប្រាស់​ក្នុងការ​ផ្ដល់​ចំណេះដឹង​បន្ថែមទៀត​ដល់​សិស្សានុសិស្ស អំពី​អំពើ​ប្រល័យពូជសាសន៍​និង​ការសម្លាប់​រង្គាល​នៅតាម​បណ្ដា​ប្រទេស​ដទៃទៀត​។​

​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​មានប្រសាសន៍​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​ថា​សៀវភៅ​នេះ នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​កម្ពុជា ក្នុង​ការវិវត្ត​ខ្លួន​ពី​សង្គម​មួយ​ដែល​ធ្លាប់​ត្រូវបាន​ញាំញី​ដោយ​ការសម្លាប់​រង្គាល​ទៅជា​សង្គម​មួយ​ដែល​អាច​តទល់​នឹង​អតីតកាល​របស់ខ្លួន​បាន​។​

​កន្លងមក មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​បោះពុម្ពផ្សាយ​សៀវភៅ​ដែលមាន​ចំណងជើង​ថា​«​‍​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​(១៩៧៥-១៩៧៩)» ដែល​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅតាម​ថ្នាក់រៀន​ក្នុងប្រទេស​កម្ពុជា​រួចហើយ​។​

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា រួមជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​កម្ពុជា​ដែល​គាំទ្រ​សៀវភៅ​ថ្មី​ស្ដីពី​អំពើ​ប្រល័យពូជសាសន៍​និង​ការសម្លាប់​រង្គាល​ក្នុង​ពិភពលោក​នេះ គ្រោង​នឹង​ចែកចាយ​សៀវភៅ​ថ្មី​ដែលមាន​កម្រាស់​១០១​ទំព័រ​នេះ​ជា​សាធារណៈ​នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២២​ខែវិច្ឆិកា​៕

អំពើប្រល័យពូជសាសន៍ និងការសម... by Sreinith Yang on Scribd


© រក្សាសិទ្ធិដោយ thmeythmey.com