នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សម រង្ស៊ី បានបង្ហោះរូបនៅព្រលានយន្តហោះលើទំព័រហ្វេសប៊ុក ដោយដៃកាន់វ៉ាលិស និងសរសេរថា លោក ឡើងយន្តហោះ ពីទីក្រុងបារីស ឆ្ពោះទៅគោលដៅមួយផ្សេងទៀត ក្រោយថៃមិនអនុញ្ញាតឲ្យលោកចូល។ ជាមួយគ្នានេះ ក៏មានគេ បង្ហោះវីដេអូឃ្លីបខ្លីមួយដែរ ដែលបង្ហាញពីសកម្មភាពរបស់លោក ដើរចូលព្រលានយន្តហោះ។
លោក សម រង្ស៊ី គ្រាន់តែបង្ហើបថា គោលដៅរបស់លោក គឺមកកាន់ប្រទេសដែលជិតកម្ពុជា តែលោក មិនទាន់បញ្ជាក់ឡើយថា ជាប្រទេសណា។ កាលពីថ្ងៃទី៧ ខែវិច្ឆិកា លោក សម រង្ស៊ី បម្រុងនឹងហោះចេញពីទីក្រុងប៉ារីស មកកាន់ទីក្រុងបាងកក តែត្រូវក្រុមហ៊ុនយន្តហោះ Thai Airways មិនអនុញ្ញាតឲ្យលោកឡើងយន្តហោះឡើយ។
លោក សម រង្ស៊ី អះអាងថា ក្រុមហ៊ុនយន្តហោះ Thai Airways ទទួលបញ្ជាពីរដ្ឋាបាលខ្លួន មិនឲ្យដឹកលោកមកទីក្រុងបាងកក។ ប៉ុន្តែ ក្រុមហ៊ុនយន្តហោះ Thai Airways ប្រាប់សារព័ត៌មានបរទេសនានាថា លោក សម រង្ស៊ី ពុំបានកក់សំបុត្រយន្តហោះទេ។
មុនក្រុមហ៊ុនយន្តហោះ Thai Airways មិនអនុញ្ញាតឲ្យលោក សម រង្ស៊ី ឡើងយន្តហោះ លោក ប្រាយុទ្ធ ចន្ទអូចា បានប្រកាសមិនឲ្យលោក សម រង្ស៊ី ចូលទឹកដីថៃ។ ទំនងជាទទួលការពឹងពាក់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបបានជាលោក ប្រាយុទ្ធ ដាក់បម្រាមចំពោះលោក សម រង្ស៊ី។
សម្តេច ហ៊ុន សែន អរគុណរដ្ឋាភិបាលថៃ ចំពោះកិច្ចសហប្របត្តិការនេះ។ សម្តេច លើកឡើងថា ពេលទៅប្រជុំអាស៊ានលើកទី៣៥ កាលពីដើមខែវិច្ឆិកា នៅប្រទេសថៃ សម្តេច បានពិភាក្សាជាមួយបណ្តាមេដឹកនាំនៃប្រទេសក្នុងតំបន់អាស៊ាន អំពីការវិលត្រឡប់របស់លោក សម រង្ស៊ី។
ប្រមុខរដ្ឋាភិបាល ថ្លែងក្នុងពិធីប្រកាសឲ្យប្រើប្រាស់យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា យ៉ាងដូច្នេះថា៖«ពេលខ្ញុំទៅប្រជុំអាស៊ាន ខ្ញុំបានធ្វើការជាមួយដៃគូទាំងអស់ នៅក្នុងអាស៊ានរបស់យើង ដែលនេះគឺជាផ្នែកមួយដ៏សំខាន់ ដែលចូលរួមចំណែកទៅដល់ស្ថិរភាពរបស់ប្រទេស»។
ក្រុមអ្នកប្រឆាំង ក៏សុំពឹងពាក់ពីបណ្តាប្រទេសជិតខាងកម្ពុជាដែរ។ ក្រោយលោក សម រង្ស៊ី បរាជ័យក្នុងការហោះចេញមកកាន់ទីក្រុងបាងកក អតីតគណបក្សប្រឆាំង បានចេញសេចក្តីថ្លែងការណ៍មួយពីក្រៅប្រទេស ដោយបានស្នើសុំឲ្យប្រទេសជិតខាងកម្ពុជា អនុញ្ញាតឲ្យថ្នាក់ដឹកនាំប្រឆាំងចូល។
តាមផែនការ លោក សម រង្ស៊ី និង ថ្នាក់ដឹកនាំរបស់លោក មិនហោះត្រង់មកកម្ពុជានោះទេ គឺត្រូវជ្រើសរើសយកប្រទេសណាមួយធ្វើជាកន្លែងឈរជើងជាមុនសិន។ ផែនការរបស់ពួកគាត់ គឺដើម្បីប្រមូលកម្លាំងអ្នកគាំទ្រនៅក្រៅប្រទេស រួចទើបនាំគ្នាចូលមកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកានេះ ដែលជាទិវារម្លឹកខួប៦៦ឆ្នាំនៃបុណ្យឯករាជ្យជាតិ។
យ៉ាងណា ផែនការ ដែលលោក សម រង្ស៊ី គ្រោងនាំអ្នកគាំទ្រពីប្រទេសថៃ ចូលមកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកានេះ មិនបានប្រព្រឹត្តទៅតាមការគិតទុកឡើយ។ លោក សម រង្ស៊ី បានប្រាប់អ្នកគាំទ្រ ឲ្យអត់ធ្មត់ និងកុំអស់សង្ឃឹម។ លោក ថា លោក គ្រាន់តែពន្យារពេលបន្តិចប៉ុណ្ណោះ តែផែនការវិលត្រឡប់មកកម្ពុជា គឺនៅតែរក្សាដដែល។
ទោះលោក សម រង្ស៊ី ពុំបានដឹកនាំអ្នកគាំទ្រ ចូលមកក្តី តែគេ នៅតែឃើញមានការរឹតបន្តឹងការចេញចូល នៅច្រកប៉ោយប៉ែត នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកានេះ ដោយមានកងកម្លាំងប្រដាប់អាវុធជាច្រើន ឈរជើងនៅទីនោះ៕