អន្តរជាតិ
អាមេរិក ចង់បាន​ការសហការ​ពី​ចិន​ដើម្បី​ប្រមូល​ធាតុ​ទាហាន​ខ្លួន​
09, Nov 2019 , 11:59 am        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាមេរិក ម៉ាក អេស្ពើ ។​ រូបភាព AFP
រដ្ឋមន្រ្តីការពារជាតិអាមេរិក ម៉ាក អេស្ពើ ។​ រូបភាព AFP
​សហរដ្ឋអាមេរិក នឹង​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ពី​ចិន​ដើម្បី​ប្រមូល​ធាតុ​ទាហាន​អាមេរិក​ដែល​បាត់​បង់ជីវិត​ក្នុងការ​ប្រយុទ្ធ​ជាមួយ​ជប៉ុន​អំឡុង​សង្គ្រាមលោកលើកទីពីរ​។ មន្ត្រីជាន់ខ្ពស់​មន្ទីរ​ប​ញ្ច​កោណ និយាយ​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ថា រដ្ឋមន្ត្រី​ការពារជាតិ ម៉ាក អេ​ស្ពើ នឹង​ជួប​ជាមួយ​សម​ភាគី​ចិន​នៅ​សប្ដាហ៍​ក្រោយ​ដើម្បី​ជជែក​ពី​បញ្ហា​នេះ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ជារួម​រវាង​មហាអំណាច​ទាំងពីរ​ផងដែរ​។

 
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ម៉ាក អេ​ស្ពើ នឹងធ្វើ​ដំណើរ​មកកាន់​តំបន់​អាស៊ី​នៅ​សប្ដាហ៍​ក្រោយ​ដើម្បី​ជួប​ជាមួយ​ដៃគូ​ក្នុង​តំបន់​របស់​អាមេរិក ហើយ​លោក​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិចិន វៃ ហ្វឹ​ង​ហឺ អំឡុងពេល​ស្នាក់នៅ​ក្នុង​ទីក្រុង​បាងកក​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធា​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Randall Schriver ឧបការី​រដ្ឋមន្ត្រី​ការពារជាតិ​ទទួលបន្ទុក​សន្តិសុខ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ស្រង់​សម្ដី​លោក Schriver ប្រមុខ​ការពារជាតិ​អាមេរិក នឹង​ស្នើ​ឲ្យ​មានការ​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​ការស្វែងរក​យោធា​អាមេរិក​ដែល​បាត់​ខ្លួន​ក្នុង​បេសកកម្ម ពិសេស​អំឡុងពេល​សង្គ្រាម​លោក​លើក​ទី​ពីរ​។ កិច្ចសហប្រតិបត្តិការ​លើ​ការរុករក​នេះ មិន​ស្ថិត​ស្ថិរ​ឡើយ ដែល​ដូចនេះ​ទើប​លោក អេ​ស្ពើ​ចង់​ឲ្យ​មានការ​សហការ​ល្អ​ជាង​មុន​។ 
 
​ចន្លោះ​ឆ្នាំ​១៩៤២-៤៤ អំឡុង​សង្គ្រាមលោកលើកទីពីរ កងទ័ព​អាមេរិក បាន​ប្រកៀក​ស្មា​ជាមួយ​កងទ័ព​ចិន​ជាតិនិយម​ដែល​កំពុង​ដឹកនាំ​ប្រទេស ដើម្បី​ប្រយុទ្ធ​តទល់​កងទ័ព​ជប៉ុន​ក្នុង​តំបន់​ខាងត្បូង​ដែល​អាមេរិក​ហៅថា សមរភូមិ​ចិន​-​ឥណ្ឌា​-​ភូមា​។ 
 
​ក្រៅពី​រឿង​ប្រមូល​ធាតុ​កងទ័ព​អាមេរិក លោក អេ​ស្ពើ ក៏​នឹង​លើកឡើង​ពី​ការបំពាន​ដំណោះស្រាយ​របស់​អង្គការសហប្រជាជាតិ​ដោយ​ចិន​លើ​ករណី​កូរ៉េខាងជើង​ផងដែរ​។ កន្លងទៅ ក្រុង​វ៉ាស៊ីនតោន​បាន​ចោទ​ក្រុង​ប៉េកាំង​ថា បាន​នាំចេញ​ប្រេង​ទៅកាន់​កូរ៉េខាងជើង​ដោយ​រំលោភ​សេចក្ដីសម្រេច​ក្រុមប្រឹក្សាសន្តិសុខ ខណៈ​ប៉េកាំង​បាន​ទាត់ចោល​ការចោទប្រកាន់​មិន​ដាច់​ពី​មាត់​ដែរ​៕

Tag:
 ​អាមេរិក​
  ចិន​
  ម៉ាក អេ​ស្ពើ
© រក្សាសិទ្ធិដោយ thmeythmey.com