ONE Championship
កីឡាជាតិ
ជាតិ
លទ្ធផល​គូ​ល្អៗ ខណៈ Pacio ការពារ​ខ្សែក្រវាត់​បាន​នៅ ONE: MASTERS OF FATE
09, Nov 2019 , 9:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​ជើង​ខ្លាំង​ហ្វីលីពីន Joshua Pacio ការពារ​ខ្សែក្រវាត់ ONE Strawweight World Championship របស់ខ្លួន​បានសម្រេច​ដោយ​ឈ្នះ​កីឡាករ​ជើងចាស់​រួម​ជាតិ Rene Catalan ត្រឹម​ទឹក​ទី​២ នៅក្នុង​កម្មវិធី ONE: MASTERS OF FATE នា​ល្ងាច​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ ២០១៩​។ ម្ចាស់​ខ្សែក្រវាត់​ពីរ​ស្ថាប័ន Stamp Fairtex យកឈ្នះ​កីឡាការិនី​វៀតណាម Bi Nguyen ដោយ​ពិន្ទុ​។



Sangmanee Sathian MuayThai ឬ គេ​ស្គាល់​ថា «Million Dollar Baby» ទទួល​ជ័យជម្នះ​ក្នុងការ​បង្ហាញខ្លួន​លើកដំបូង​នៅ​សង្វៀន ONE​។  ជាមួយគ្នា​នោះ ចំណែក ខុន ស៊ី​ចាន់ ដែល​ប្រកួត​តំណាង​ឲ្យ​កម្ពុជា ចាញ់​កីឡាករ​ឥណ្ឌា Roshan Mainam ត្រឹម​ទឹក​ទី​។ វីរបុរស​ហ្វីលីពីន Eduard Folayang ឈ្នះ​ពិន្ទុ លើ​កីឡាករ​ជប៉ុន Amarsanaa Tsogookhuu យ៉ាង​តឹងតែង​។ 
 
១-Joshua Pacio  ឈ្នះ Rene Catalan ដើម្បី​ការពារ​ខ្សែក្រវាត់​


 
Joshua Pacio  ការពារ​ខ្សែក្រវាត់  ONE Strawweight World Championship បាន​ជោគជ័យ​ក្រោយ​ឈ្នះ​កីឡាករ​វ័យ ៤០ មិត្ត​រួម​ជាតិ​ហ្វីលីពីន Rene Catalan ត្រឹម​ទឹក​ទី​២​ដោយ​ប្រើពេល​ត្រឹម ២​នាទី​និង ២៩ វិនាទី​ប៉ុណ្ណោះ​។ Pacio និង Catalan បាន​បើក​ការវាយលុក​តាម​បច្ចេកទេស​រៀងៗ​ខ្លួន​ដោយ​ការចូលចាប់​ហើយ​កីឡាករ​ទាំងពី​ចាប់​គាប​ជើង​ទៅវិញទៅមក ប៉ុន្តែ ម្ចាស់​ខ្សែក្រវាត់​មានឱកាស​នៅ​ពីលើ​ដល់​ចប់​ទឹក​ទី​១​។ ចូលដល់​ទឹក​ទី​២ Pacio ដែលជា​កូនសិស្ស​នៅ​ក្លិប Team Lakay បាន​ប្រើ​បច្ចេកទេស​របស់ខ្លួន យកដៃ​ឆ្វេង​គា​បក​បញ្ឆិត​ខាងលើ​ដើម្បី​យកឈ្នះ​តែម្ដង​លើ​កីឡាករ​មកពី​ក្លិប Catalan Fighting System​។ 
 
Pacio បាន​ថ្លែងថា​៖«​ខ្ញុំ​សូម​អរគុណ​ដល់​ក្រុម​គ្រូបង្វឹក និង​មិត្ត​រួម​ក្រុម ព្រោះ​ជ័យជម្នះ​នេះ​ដោយសារ​មានការ​ជ្រោមជ្រែង​និង​បង្ហាត់​ពី​ពួកគាត់​។ សូម​អរគុណ​ដល់​អ្នកគាំទ្រ​ហ្វីលីពីន ខ្ញុំ​ស្រលាញ់​អ្នក​ទាំងអស់គ្នា​»​។ Pacio បញ្ជាក់ទៀតថា​៖«​វា​ជា​ផែនការ​របស់ខ្ញុំ​ក្នុងការ​យកជ័យ​ជម្នះ​នេះ​។ មុនដំបូង​ខ្ញុំ​ស្ទាបស្ទង់​ដោយ​វ៉ៃ​ស្រាលៗ​ហើយ​មានឱកាស គឺ ខ្ញុំ​ផ្ដាច់​យកតែ​ម្ដង​តាម​ក្បាច់​របស់ខ្ញុំ​។ ខ្ញុំ​បន្ត​ហ្វឹកហាត់​ខ្លាំង​ដើម្បី​ការពារ​ខ្សែក្រវាត់ និង មិន​ខ្លា​ចនឹង​ការជួប​គូប្រជែង​នោះទេ​»​។​
 
២- Stamp Fairtex ឈ្នះ Bi Nguyen ក្នុង​គុន​ចម្រុះ​
 
​ម្ចាស់​ខ្សែក្រវាត់​ពីរ​ស្ថាប័ន Stamp Fairtex យកឈ្នះ​កីឡាការិនី​វៀតណាម Bi Nguyen ក្នុងការ​ប្រកួត​គុន​ចម្រុះ បន្ទាប់ពី​តតាំង​យ៉ាង​ស្វិតស្វាញ​រយៈពេល ៣​ទឹក​។ គ្រាន់តែ​ចាប់ផ្ដើម​ទឹក​ទី​១​ម្ចាស់​ខ្សែក្រវាត់ ONE Super Series Atomweight Kickboxing & Muay Thai World Champion  មិនសូវ​ជា​ចង់​ប្រកួត​ក្នុង​ជំហរ​ដេក​ឡើយ ហើយ​តែងតែ​ដោះដៃ​ពី  Bi Nguyen និង អុក​ជង្គង់​ចំៗ​គោលដៅ​បានល្អ​ពេល Nguyen ចូល​កៀក​។ នៅ​ទឹក​ទី​២ និង ទី​៣ មិន​ខុសគ្នា​ប៉ុន្មាន​កីឡាការិនី​វៀតណាម Bi Nguyen តែងតែ​ដើរចូល​ដើម្បី​ចាប់​បោក ប៉ុន្តែ​បែរជា​ត្រូវ​ជង្គង់​របស់ Stamp ជារឿយៗ និង កណ្ដាប់ដៃ​ផងដែរ​។ ទីបំផុត Stamp ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​។ Stamp បាន​ថ្លែងថា​៖«​ខ្ញុំ​ស្រលាញ់​ការប្រកួត​គុន​ចម្រុះ ដូច្នេះ​ទើប​ខ្ញុំ​ផ្លាស់ប្ដូរ​។ ខ្ញុំ​ចង់​ឈ្នះ​ខ្សែក្រវាត់​មួយទៀត​ក្នុង​កម្មវិធី​ប្រកួត​គុន​ចម្រុះ​»​។​
៣-Sangmanee Sathian MuayThai ឈ្នះ Azize Hlali ដោយ​ពិន្ទុ​


 
​កីឡាករ​វ័យ​២២​ឆ្នាំ Sangmanee Sathian MuayThai ឬ ហៅថា «Million Dollar Baby» ដែល​ឈ្នះ​ខ្សែក្រវាត់​ជាច្រើន​នៅ​ប្រទេស​ថៃ បាន​យកឈ្នះ កីឡាករ​ម៉ា​រ៉ុ​ក Azize Hlali ដោយ​ពិន្ទុ​ពី​ការ​បង្ហាញខ្លួន​លើកដំបូង​ក្នុង​កម្មវិធី កម្មវិធី ONE Super Series​។ ក្នុង​រយៈពេល ៣ ទឹក Sangmanee បាន​អុក​ជង្គង់ និង វ៉ៃ​ចំ​គោលដៅ​ល្អ​ជាង Azize Hlali ។ Sangmanee ជា​កីឡាករ​កំពូល​វ័យក្មេង​ដ៏​ខ្លាំង​ម្នាក់​របស់​ថៃ​នាពេល​បច្ចុប្បន្ននេះ ហើយ​គេ​កីឡាករ​ជើងឯក Muay Thai World Champion ៧​សម័យកាល​ផងដែរ​។ 
 
៤-​ខុន ស៊ី​ចាន់  Roshan Mainam ត្រឹម​ទឹក​ទី​១
 
​កីឡាករ​ជើងចាស់​កម្ពុជា ខុន ស៊ី​ចាន់ ចាញ់​កីឡាករ​ឥណ្ឌា Roshan Mainam ត្រឹម​ទឹក​ទី​១​ដោយ​ចូល​ឃ្លេ​ក​។ Roshan Mainam ត្រូវបាន​ស្គាល់​ថា​ជា​អ្នកជំនាញ​ខាង​ចំបាប់ ខណៈដែល ខុន ស៊ី​ចាន់ ជា​អ្នកជំនាញ​ខាង​គុន​ខ្មែរ​។  គ្រាន់តែ​ចូល​ទឹក​ទី​១ Roshan មិន​បង្អង់​យូរ​ដោយ​ចូលចាប់​បោក​តែម្ដង និង ប្រើ​ក្បាច់​ឃ្លេ​ដែលជា​ជំនាញ​របស់គេ​។  ស៊ី​ចាន់ ខំប្រឹង​ដោះ​ណាស់ ប៉ុន្តែ មិនអាច​ទៅរួច​ដោយ​កីឡាករ​ឥណ្ឌា​នៅ​ពីលើ ហើយ​ប្រើ​ជើង និង ដៃ​គាប​ស្រប​ដងខ្លួន​ជាប់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​កីឡាករ​វ័យ​២៣​ឆ្នាំ​មកពី​ឥណ្ឌា បាន​ម៉ាត់​ពីលើ​ជាប់​ជាច្រើន​ដៃ និង ប្រើ​ក្បាច់​ដៃ​គា​បក​ឲ្យ ស៊ី​ចាន់ ចុះចាញ់​តែម្ដង​។  នេះ​ជា​លើក​ទី​២ ហើយ​ដែល ខុន ស៊ី​ចាន់ ចាញ់​ឃ្លេ​ក្នុង​ឆ្នាំ ២០១៩ ព្រោះ​ចាញ់​ឃ្លេ​ករ​បស់ Rudy Agustian  កាល​ខែ កុម្ភៈ​នៅ​ទឹក​ទី​១​ម្ដង​រួចមកហើយ​កាល​នៅ​សិង្ហ​បុរី​។ 
 
 
៥-Eduard Folayang ឈ្នះ Amarsanaa Tsogookhu


 
​វីរបុរស​ហ្វីលីពីន  Eduard Folayang ដែលជា​អតីត​ម្ចាស់​ខ្សែ ក្រវាត់​ពិភពលោក​បានឈ្នះ​ពិន្ទុ​លើ​កីឡាករ​ជប៉ុន Amarsanaa Tsogookhu ដោយ​ពិន្ទុ​យ៉ាង​តានតឹង​។ 
 
​លទ្ធផល​ទាំង​អស់ពី ONE: MASTERS OF FATE: 
 
ONE Strawweight World Championship: Joshua Pacio ផ្ដួល Rene Catalan ផ្ដួល​ទឹក​ទី​២​ដោយ​ឃ្លេ​ក​
Mixed Martial Arts Lightweight: Eduard Folayang ឈ្នះ​ពិន្ទុ​លើ Amarsanaa Tsogookhuu 
Muay Thai Catchweight (68.0 KG) Sangmanee Sathian Muaythai ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ Azize Hlali 
Mixed Martial Arts Flyweight: Geje Eustaquio ផ្ដួល Toni Tauru ឲ្យ​សន្លប់​ទឹក​ទី​៣
Mixed Martial Arts Atomweight: Stamp Fairtex ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ Bi Nguyen 
Mixed Martial Arts Bantamweight: Li Kai Wen ផ្ដួល Paul Lumihi ឲ្យ​សន្លប់​ទឹក​ទី​១
Mixed Martial Arts Strawweight: Yoshitaka Naito ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ Pongsiri Mitsatit 
Muay Thai Bantamweight: Kongsak PK.Saenchaimuaythaigym ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ Han Zi Hao 
Mixed Martial Arts Strawweight: Robin Catalan ផ្ដួល Gustavo Balart ទឹក​ទី​២
Muay Thai Bantamweight: Tukkatatong Petpayathai ឈ្នះ​ពិន្ទុ​មិន​ឯកច្ឆន្ទ​លើ Hiroaki Suzuki 
Mixed Martial Arts Featherweight: Kim Jae Woong ផ្ដួល Rafael Nunes ឲ្យ​សន្លប់​ទឹក​៣
Mixed Martial Arts Flyweight: Kim Kyu Sung ផ្ដួល Akihiro Fujisawa ឲ្យ​សន្លប់​ទឹក​១
Mixed Martial Arts Flyweight: Roshan Mainam ផ្ដួល ខុន ស៊ី​ចាន់ ឲ្យ​ចុះចាញ់​ត្រឹម​ទឹក​ទី​១
 
​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: AGE OF DRAGONS​នៅ ថ្ងៃ ទី ១៦ វិច្ឆិកា ខាងមុខ ពី​ប៉េកាំង ចាប់ពី​ម៉ោង ៦ ល្ងាច តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕

© រក្សាសិទ្ធិដោយ thmeythmey.com