ជាតិ
បុណ្យអុំទូក
រៀងរាល់ឆ្នាំ ខ្មែរកម្ពុជាក្រោម ប្រារព្ធពិធីបុណ្យអុំទូកនៅថ្ងៃទី១៤-១៥កើតខែកត្កិក ការប្រារព្ធពិធីបុណ្យអុំទូក របស់ខ្មែរកម្ពុជាក្រោម នៅក្នុងខេត្តឃ្លាំង។រូបថតបានពីទំព័រហ្វេសប៊ុក Indigenous Khmer live in Vietnam។
× ភ្នំពេញ៖ ពលរដ្ឋខ្មែរកម្ពុជាក្រោម តែងតែប្រមូលផ្តុំគ្នាប្រារព្ធពិធីអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប នៅទីក្រុងឃ្លាំង ខេត្តឃ្លាំង កម្ពុជាក្រោម ក្នុងរយៈពេល២ពេលថ្ងៃ ជារៀងរាល់ឆ្នាំ។ ពោលគឺចាប់ពី ថ្ងៃទី១៤-១៥កើត ខែកត្កិក ត្រូវនឹងថ្ងៃទី១០-១១វិច្ឆិកា ឆ្នាំ២០១៩។ នេះបើយោងតាមលោក ប៊ុន ម៉ានី ប្រធានសមាគមខ្មែរកម្ពុជាក្រោម។
លោក ប៊ុន ម៉ានី បានលើកឡើងក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗថា បុណ្យអុំទូកគឺពិធីបុណ្យមួយដែលជាប់ទាក់ទង់នឹងប្រវត្តិសាស្ត្រខ្មែរ ដូច្នេះហើយខ្មែរកម្ពុជាក្រោមឱ្យតែដល់រដូវកាលនៃកម្មវិធីតាមថ្ងៃបរិច្ឆេទ១៥កើត ខែកត្កិក គឺប្រារព្ធឡើងពិធីនេះ មិនដែលអាក់ខានឆ្នាំណាម្តងឡើយ ទោះបីជាស្ថិតក្នុងកលៈទេសៈមិនពេញចិត្តពីអាជ្ញាធរវៀតណាម ស្ថិតនៅក្នុងភាពក្រលំបាក មិនសូវសំបូរធនធាន ទ្រព្យសម្បត្តិអ្វីក៏ដោយ។
ប្រធានសមាគមខ្មែរកម្ពុជាក្រោមរូបនេះ បានបញ្ជាក់ថា ខ្មែរកម្ពុជាក្រោមតែងរក្សានូវអ្វីដែលជាអត្តសញ្ណាណខ្មែរ មិនថាបុណ្យអុំទូកនេះទេ សូម្បីតែបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និងបុណ្យកថិនទាន និងពិធីផ្សេងៗទៀត ក៏ពលរដ្ឋខ្មែរកម្ពុជាក្រោមតែងប្រារព្ធជានិច្ច។ លោក ប៊ុន ម៉ានី ពន្យល់ដូច្នេះ៖« ការធ្វើឡើងនៃពិធីប្រពៃណីទាំងនោះ គឺដើម្បីបង្ហាញឱ្យបរទេស និងពិភពលោកឃើញថា មិនថា«ខ្មែរក្រោម ខ្មែរលើ ខ្មែរកណ្តាល គឺសុទ្ធសឹងជាខ្មែរតែមួយ» ដែលមានអរិយធម៌ ប្រពៃណី ទំនៀបទម្លាប់ សាសនា និងប្រវត្តិសាស្ត្រតែមួយ ដែលមិនអាចឱ្យជនបរទេសណាមួយមកបំភ្លៃបានឡើយ។ ជាក់ស្តែងពិធីបុណ្យអុំទូករបស់ជនជាតិខ្មែរយើង គឺមានប្រវត្តិនៃកំណើតមកពីខេត្តឃ្លាំង ដែលស្ថិតនៅក្នុងទឹកខ្មែរកម្ពុជាក្រោមសព្វថ្ងៃ»។
ការហាត់សមរបស់កីឡាកអុំទូក«ង» ខ្មែរកម្ពុជាក្រោម ក្នុងខេត្តឃ្លាំង។ រូបថត ពីទំព័រហ្វេសប៊ុកឈ្មោះ Indigenous Khmer live in Vietnam។
បើតាមលោក ប៊ុន ម៉ានី កន្លងមកខ្មែរកម្ពុជាក្រោម តែងតែនាំគ្នាធ្វើពិធីបុណ្យអុំទូកតែមួយថ្ងៃប៉ុណ្ណោះក្នុងមួយឆ្នាំ ពោលគឺរៀងរាល់ថ្ងៃទី១៥កើត ខែកត្កិក ដោយសារមានចំនួនទូក«ង» នៅតាមវត្តអារាមខ្មែរកម្ពុជាក្រោម មានចំនួនតិចត្រឹម១០ ទៅ២០ទូក។ ប៉ុន្តែបច្ចុប្បន្នទូក«ង»ខ្មែរកម្ពុជាក្រោម មានរហូត៣០ ទៅ៤០ទូក ទើបពលរដ្ឋខ្មែរកម្ពុជាក្រោម សម្រេចរួមគ្នាធ្វើពិធីបុណ្យប្រពៃណីនេះឡើង ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៤-១៥កើតខែកត្កិករៀងរាល់ឆ្នាំ។ ពិធីបុណ្យអុំទូករបស់ខ្មែរកម្ពុជាក្រោម ក្រៅពីទូក«ង»របស់ខេត្តឃ្លាំងដែលជាម្ចាស់ផ្ទះ មានទូក«ង»ជិត៤០ទៀត មកពីខេត្តទាំងអស់នៅក្នុងទឹកដីខ្មែរកម្ពុជាក្រោម ដូចជាខេត្តឬស្សី, ខេត្តព្រះត្រពាំង, ខេត្តបាសាក់, ខេត្តក្រមួនស ខេត្តពលលាវ និងខេត្តទឹកខ្មៅជាដើម។
លោក ប៊ុន ម៉ានី បានបញ្ជាក់ថា មុនការប្រណាំងទូក«ង»ខ្មែរកម្ពុជាក្រោមនៅខេត្តឃ្លាំងដែលឆ្នាំត្រូវថ្ងៃទី១០-១១ វិច្ឆិកាមកដល់ ពលរដ្ឋខ្មែរកម្ពុជាក្រោម ក៏មានរៀបចំកម្មវិធីលេងកីឡា ការបង្ហាញម៉ូដសម្លៀកបំពាក់ខ្មែរតាមសម័យកាល ការតាំងពិព័រណ៍ទំនិញ និងផលិតផលវៀតណាម និងកម្មវិធីផ្សេងៗជាច្រើនទៀត តាំងពីថ្ងៃទី៥វិច្ឆិកាម្ល៉េះ។ លោកបានបន្ថែមថា រៀងរាល់ការប្រារព្ធពិធីបុណ្យអុំទូកនៅក្នុងខេត្តឃ្លាំង ពលរដ្ឋខ្មែរកម្ពុជាក្រោមបានចំណាយប្រាក់ជាមធ្យម ពីកន្លះលាន ទៅមួយលានដុល្លារ ទៅក្នុងចរន្តសេដ្ឋកិច្ចប្រទេសវៀតណាម៕
Tag:
អុំទូក
ខ្មែរកម្ពុជាក្រោម
ប៊ុន ម៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com