កីឡាជាតិ
ជាតិ
AFC U19៖ កម្ពុជា​បាន​លេខ​២​ពូ​ល G ដោយ​រង់ចាំ​អ៊ុត​លទ្ធផល​គូ​ផ្សេងទៀត​
10, Nov 2019 , 8:20 pm        
រូបភាព
លឹម ពិសុទ្ធ នៃក្រុម U19 កម្ពុជា ប្រជែងដណ្តើមបាល់ជាមួយកីឡាករព្រុយណេ។ រូបថត FFC
លឹម ពិសុទ្ធ នៃក្រុម U19 កម្ពុជា ប្រជែងដណ្តើមបាល់ជាមួយកីឡាករព្រុយណេ។ រូបថត FFC
ដោយ: រួបរួម
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា បានទទួល​ជ័យជម្នះ ៣-០ លើ​ព្រុយ​ណេ ក្នុងការ​ប្រកួត​ជម្រុះ​ចុងក្រោយ​ពូ​ល G នៃ​ព្រឹត្តិការណ៍ AFC U19 Championship 2020​នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​ថ្ងៃអាទិត្យ​នេះ ។ លទ្ធផល​នេះ​នាំ​ឲ្យ​កម្ពុជា​ជាប់​លេខ​២​ក្នុង​ពូ​ល រីឯ​ម៉ាឡេស៊ី ឡើងទៅ​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ ក្រោយ​ទទួល​ជ័យជម្នះ ១-០ លើ​ថៃ​។​



​នៅ​តង់​ទីមួយ លឹម ពិសុទ្ធ និង កែវ ឧ​ត្ត​ម រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​ម្នាក់​១​គ្រាប់ ហើយ​ប្រឹង​វាយ​សម្រុក​យ៉ាងខ្លាំង​នៅ​តង់​ទី​ពីរ ប៉ុន្តែ​អ្នកចាំទី​ព្រុយ​ណេ  បាន​បំពេញ​តួនាទី​យ៉ាង​ល្អ​ក្នុងការ​សង្គ្រោះ​បាល់​។ មិន រតនៈ ដែល​ទើបតែ​ដូរ​ចូល បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទី​៨៥ ដើម្បី​នាំ​ជ័យជម្នះ ៣-០ សម្រាប់​កម្ពុជា​។​

​ម៉ាឡេស៊ី ឡើងទៅ​ជុំ​ចុងក្រោយ ដោយ​ទទួលបាន​១២​ពិន្ទុ​ពេញ​ពី​ការប្រកួត​ទាំង​៤​លើក​ក្នុង​ពូ​ល ខណៈ​កម្ពុជា មាន​៩​ពិន្ទុ ក្រោយ​ចាញ់​ម៉ាឡេស៊ី ៥-៤ ឈ្នះ​កោះ​ម៉ា​រី​យ៉ាណា ៩-០ ឈ្នះ​ថៃ ២-១ និង​ឈ្នះ​ព្រុយ​ណេ ៣-០​។​

​ព្រឹត្តិការណ៍​នេះ មាន​ក្រុម​ចំនួន​៤៦​ចូលរួម ដោយ​ចែកជា​១១​ពូ​ល​។ លេខ​១​នៃ​ពូ​ល​នីមួយៗ ត្រូវ​ឡើងទៅ​វគ្គ​បន្ត​ជាមួយ​ម្ចាស់ផ្ទះ អ៊ូ​ស​បេ​គី​ស្ថាន ដែល​ត្រូវ​រៀបចំ​ការប្រកួត​នៅ​ឆ្នាំ​២០២០​រួមជាមួយ​ក្រុម​លេខ​២​ល្អ​ជាង​ចំនួន​៤​ក្រុម​ទៀត​។ ក្នុងករណី អ៊ូ​ស​បេ​គី​ស្ថាន​ឡើងទៅ​វគ្គ​បន្ត​ដោយសារ​ការប្រកួត​ជម្រុះ​នេះ ក្រុម​លេខ​២​ល្អ នឹង​ឡើងដល់​ទៅ​ចំនួន​៥​ក្រុម​។​

​សម្រាប់​ពូ​ល G ដែលមាន​៥​ក្រុម លទ្ធផល​ប្រកួត​ជាមួយ​កោះ​ម៉ា​រី​យ៉ាណា មិន​ត្រូវបាន​រាប់បញ្ចូល​ឡើយ ដោយ​ស៊ីសង​តែ​រវាង​ក្រុម​ចំនួន​៤​ប៉ុណ្ណោះ ដើម្បី​ឲ្យ​មាន​សមភាព​ជាមួយ​ពូ​ល​ផ្សេងទៀត​ដែលមាន​៤​ក្រុម​។ ដូច្នេះ បើ​យោងតាម​លទ្ធផល ចាញ់​ម៉ាឡេស៊ី ៥-៤ ឈ្នះ​ថៃ ២-១ និង​ឈ្នះ​ព្រុយ​ណេ ៣-០ មានន័យថា កម្ពុជា មាន​ពិន្ទុ ៦ (+៣)​។​

​មកដល់ពេល​នេះ ក្រុម​ដែល​ឡើងទៅ​រង់ចាំ​នៅ​ជុំ​ចុងក្រោយ រួមមាន ម្ចាស់ផ្ទះ​អ៊ូ​ស​បេ​គី​ស្ថាន​, តា​ហ្ស៊ី​គី​ស្ថាន​(​លេខ​១​ពូ​ល C), ម៉ាឡេស៊ី (​លេខ​១​ពូ​ល G), អូស្ត្រាលី (លេខ១ពូល H) កូរ៉េខាងត្បូង (​លេខ​១​ពូ​ល I), ជប៉ុន (លេខ១ពូល J), ឥណ្ឌូណេស៊ី (លេខ១ពូល K), ឡាវ (លេខ២ពូល H ដែលមាន៧ពិន្ទុ), វៀតណាម (លេខ២ពូល J មាន៧ពិន្ទុ) និងពូ​ល​ផ្សេងទៀត​មិនទាន់​ចប់​ការប្រកួត​ផ្លូវការ ខណៈ​ពូ​ល A ប្រកួត​នៅលើ​ទឹកដី​អូ​ម៉​ង់ មិនទាន់​ដំណើរការ​ប្រកួត​ឡើយ ដោយ​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា​។

​ក្រុម U19 កម្ពុជា​៖ ថា ច័ន្ទ​ឬ​ទ្ធី (​អ្នកចាំទី​), រី លាភ​ផេង​, សៅ វ៉ៃ​ហ្វី​, ជា សុខ​ម៉េង​, កែវ ឧ​ត្ត​ម (​ធី លៀង ៥១), មិ​ត សា​ម៉ើ​យ​, លឹម ពិសុទ្ធ (​វុ​ធ តុលា ៦៧), សៀង ច​ន្ធា (​ប្រធាន​ក្រុម​), ចាន់ សុភា​, អ៊ា​ន ពិសី (​មិន រតនៈ ៧៩)​។

​កីឡាករ​បម្រុង​៖ ជូ ស៊ី​នទី​, ក​យ សា​លីម​, ទួត សារ៉ូ​ត​, អាត អូន​តូច​, ញឹម លី​ហួរ​, ចាន់ សា​រ៉ា​ពេជ្រ​, លី ម៉ា​ឯល​, ផន អយ​។​


© រក្សាសិទ្ធិដោយ thmeythmey.com