ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បំពង់​បឺត​បរិស្ថាន​របស់​យុវជន​សំរាម កំពុង​វាយលុក​ទីផ្សារ​កម្ពុជា​
12, Nov 2019 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បន្ទាប់ពី​ដាក់លក់​បាន​ប្រមាណ​២​ខែ បំពង់​បឺត​បរិស្ថាន ដែល​ច្នៃ​ពី​ដើម​ប​បោះ​របស់​ក្រុមយុវជន​សំរាម ត្រូវបាន​ហាង​ធំៗ ក្លិប Sky Bar ដែល​សម្បូរ​ភ្ញៀវ​ជនជាតិ​បរទេស​មកពី​អឺរ៉ុប បញ្ជា​ទិញ ក្នុង​មួយថ្ងៃ​២​ពាន់​ដើម​។ កញ្ញា ចន្ថា រ​ដ្ឋី សមាជិក​ក្រុមយុវជន​សំរាម បាន​អះអាងថា បើទោះបី​បំពង់​បឺត​នេះ មានតម្លៃ​ខ្ពស់ជាង​បំពង់​បឺត​ប្លា​ស្ទិ​ក តែ​វា​ជា​របស់​ធម្មជាតិ និង​គ្មាន​ជាតិគីមី​។​

 
​កំពុង​ធ្វើ​បំពង់​បឺត​ដើម​ប្របុស ស្ថិតនៅ​ទីស្នាក់ការ​យុវជន​សំរាម​ជាប់​ប្រឡាយ​បឹងត្របែក កញ្ញា ចន្ថា រ​ដ្ឋី បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បច្ចុប្បន្ន នៅក្នុង​មួយថ្ងៃ បំពង់​បឺត​ធម្មជាតិ​នេះ ត្រូវបាន​អតិថិជន​បញ្ជា​ទិញ​២​ពាន់​ដើម​នៅក្នុង​មួយថ្ងៃ និង​មួយ​ដើម​មានតម្លៃ​១០០​រៀល​។ រៀប​រាប់ទាំង​សប្បាយចិត្ត ដ្បិត​មានការ​គាំទ្រ​ច្រើន​ពី​អតិថិជន​នោះ រ​ដ្ឋី បាន​ពន្យល់ថា បំពង់​បឺត​ប្របុស មិន​ពិបាកធ្វើ​នោះទេ ព្រោះ វត្ថុធាតុដើម មាន​ដុះ​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​កម្ពុជា គ្រាន់តែ​កែច្នៃ​តែ​បន្តិច នឹង​អាចដាក់​លក់បាន​។ 
 
​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ដូចតទៅ​៖
 
 
​ក្នុង​វ័យ​២៤​ឆ្នាំ រ​ដ្ឋី​បាន​ពន្យល់​ពី​វិធី​ធ្វើ​បំពង់​បឺត​នេះ​យ៉ាង​ដូច្នេះ​៖«​ដើម​ប​បោះ ពួកយើង​បាន​ទៅ​កាប់​នៅ​ផ្លូវ​៦០​ម៉ែត្រ យើង​បាន​បូត​ស្លឹក​វា​ចេញ និង​សក​ថ្នាំង​ចេញ ដើម្បី​ឲ្យ​វា​ស្អាត​។ បន្ទាប់មក យក​ចោះ​ថ្នាំង​វា និង​យក​ដែក​មក​ត្បាល់​វា និង​ផ្លុំ​វា ដើម្បី​ឲ្យ​អស់​កម្ទេច​។ ចុងក្រោយ យើង​យក​វា​ទៅ​ដា​ក់នៅ​ម៉ាស៊ីនកំដៅ ដើម្បី​សម្លាប់​មេរោគ​»​។ 
 
​បើតាម​យុវតី​ដែល​មកពី​ខេត្តព្រៃវែង​រូបនេះ បំពង់​បឺត​ប​បោះ ត្រូវបាន​ធ្វើឡើង​ដោយ​យុវជន​សំរាម និង​ពលរដ្ឋ​នៅ​លូ​បឹងត្របែក ដើម្បី​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។ ជា​ផលិតផល​ផលិត​ដោយ​ដៃ រ​ដ្ឋី បាន​ធានា​ចំពោះ​គុណភាព​នៃ​បំពង់​បឺត​នេះ ដ្បិត​ខ្លួន​បាន​សាកល្បង​ប្រើ​រួចហើយ និង​បាន​លក់​ទៅ​អតិថិជន​ច្រើន​រាប់ម៉ឺន​នាក់ ប៉ុន្តែ មិន​ដែលមាន​បញ្ហា​ចំពោះ​អតិថិជន​នោះទេ​។​


 
​តាមពិតទៅ​យុវជន​សំរាម មិនមែនជា​ក្រុមយុវជន​ចង់រក​ប្រាក់ចំណេញ​នោះទេ ប៉ុន្តែ ការផ្តួចផ្តើម​កែច្នៃ​បំពង់​បឺត​នេះ ឲ្យ​ក្លាយជា​ផលិតផល​ប្រើប្រាស់​បាន គឺជា​សារ​មួយ ដើម្បី​ឲ្យ​ពលរដ្ឋ​ចេះ​ស្រឡាញ់​បរិស្ថាន និង​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។ កញ្ញា ចន្ថា រ​ដ្ឋី បាន​ពន្យល់ថា បើសិន​ពលរដ្ឋ​មិន​ចង់​ទិញ​បំពង់​បឺត​ពី​យុវជន​សំរាម ពលរដ្ឋ​ក៏​អាចធ្វើ​ខ្លួនឯង ដោយ​យុវជន​សំរាម​នឹង​បង្រៀន​ឲ្យ​ពលរដ្ឋ​ចេះ​ធ្វើ ដើម្បី​ឲ្យ​បំពង់​បឺត​ដើម​ប​បោះ​អាច​ប្រើប្រាស់​បាន និង​មិន​ប៉ះពាល់​សុខភាព​។ 
 
​ក្នុង​សម្លៀកបំពាក់​ខោ​ខូវ​ប៉ូ​យ និង​អាវយឺត រ​ដ្ឋី ដែល​លេង​ម៉ូត​សក់​តាម​ការនិយម​រប​ស់​យុវវ័យ​ខ្មែរ​បច្ចុប្បន្ន បាន​អះអាងថា បើទោះបី​អតិថិជន​បញ្ជា​ទិញ​ច្រើន​ប៉ុ​ណ្ណោ ក៏​យុវជន​សំរាម អាច​ផ្គត់ផ្គង់​គ្រប់គ្រាន់ ព្រោះ ការធ្វើ​បំពង់​បឺត​នេះ មិនមែន​យុវជន​សំរាម​ធ្វើ​ទាំងអស់​នោះទេ តែ​ពលរដ្ឋ​នៅ​ជិត​ទីស្នាក់ការ​នេះ គឺជា​កម្លាំង​ស្នូល​ក្នុង​ការផលិត​។ រ​ដ្ឋី សំណូមពរ​ទៅ​ពលរដ្ឋ​ខ្មែរ បន្ត​គាំទ្រ​បំពង់​បឺត​ធ្វើ​ពី​ដើម​ប​បោះ​នេះ ដើម្បី​កាត់បន្ថយ​ប្លា​ស្ទិ​ក​ផង និង​ជួយ​លើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍​នៅតាម​ប្រឡាយ​បឹ​ក​ត្របែក​ផង​៕







Tag:
 ​បំពង់​បឺត​
 ​យុវជន​សំរាម​
© រក្សាសិទ្ធិដោយ thmeythmey.com