ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកកាសែត​ពី​ស្ថាប័ន​នានា កំពុង​តាម​ប្រមាញ់​ព័ត៌មាន​នៃ​ជំនួប​លោក កឹម សុខា និង​ទូត​បរទេស​ជា​លើកដំបូង​
11, Nov 2019 , 10:26 am        
រូបភាព
 
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១១ វិច្ឆិកា​នេះ លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួប​បណ្ដា​អង្គទូត​បរទេស​នានា​នៅ​កម្ពុជា ក្រោយ​ទទួលបាន​ការបន្ធូរបន្ថយ​លក្ខខណ្ឌ​ទោស​ពី​តុលាការ​។ លោក កឹម សុខា នឹង​ជួប​ទូត​បារាំង និង​អាមេរិក​នៅថ្ងៃនេះ​។​


​ងាក​មក​ខាងមុខផ្ទះ​លោក កឹម សុខា ឯណេះ​វិញ គេ​សង្កេតឃើញថា អ្នកកាសែត​មកពី​បណ្ដា​ស្ថាប័ន​នានា កំពុង​ឈរ​ត្រៀបត្រា ដើម្បី​រង់ចាំ​ប្រមាញ់​រូបភាព នៃ​ជំនួប​ដំបូង​របស់លោក កឹម សុខា ជាមួយ​ទូត​បរទេស​នៅ​កម្ពុជា​នេះ ក្រោយ​ជាប់ឃុំ​ខ្លួន​ក្នុងផ្ទះ ដោយសារ​បណ្ដឹង​រដ្ឋាភិបាល​រយៈពេល​២​ឆ្នាំ​មកនេះ​។​

  
 
​លោក កឹម សុខា ត្រូវ​ជួប​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា នៅ​ម៉ោង ១០: ៣០​ព្រឹក ។ ចំណែក​ឯកអគ្គរដ្ឋទូត​នៃ​សហរដ្ឋអាមេរិក នឹងត្រូវ​ជួប​លោក កឹម សុខា នៅ​ម៉ោង ២:៣០​រសៀល ថ្ងៃ​ដដែល​នេះ​។ បើតាម​លោក មុត ចន្ថា ជំនួប​ទាំងពីរ​នេះ នៅ​ត្រូវធ្វើឡើង​នៅក្នុង​គេហដ្ឋាន​លោក កឹម សុខា ដែល​ស្ថិតនៅ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​
 
 លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កែប្រែ​លក្ខខណ្ឌ​ខ្លះ ដោយ​សម្រេច​ឱ្យ​លោក​ដើរទៅ​ទីណា​ក៏បាន នៅក្នុង​ប្រទេស​កម្ពុជា លើកលែងតែ​ចេញទៅ​ក្រៅប្រទេស ។ ដ្បិត​អាច​ដើរ​គ្រប់​ទីកន្លែង​បាន​មែន ប៉ុន្តែ​លោក កឹម សុខា នៅ​គ្មាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ដដែល​។ ជាពិសេស​លោក កឹម សុខា ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​របស់​សមត្ថកិច្ច​គ្រប់ពេល ដោយសារ​នៅតែ​ស្ថិតនៅក្នុង​ការតាមដាន​របស់​តុលាការ​៕

 






 

Tag:
 កឹម សុខា​
  នយោបាយ​
  កាសែត​
© រក្សាសិទ្ធិដោយ thmeythmey.com