ជាតិ
នយោបាយជាតិ
លោក មុត ចន្ថា ៖ ជំនួបលោក កឹម សុខា និងទូតបារាំង គឺជាការជួបសួរសុខទុក្ខធម្មតា
× ភ្នំពេញ៖ ជំនួបលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ និងលោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបញ្ចប់ហើយ នៅម៉ោង១២ ថ្ងៃទី១១ វិច្ឆិកានេះ។ លោក កឹម សុខា មិនបានឆ្លើយតបនឹងសំនួរអ្នកសារព័ត៌មានជុំវិញជំនួបដំបូងខ្លួន ជាមួយទូតបរទេសនេះឡើយ។
ដ្បិតគ្មានការបកស្រាយពីលោក កឹម សុខា ក្តី ប៉ុន្តែមន្ត្រីជំនិតលោក មុត ចន្ថា បានចេញមកធ្វើសន្និសីទកាសែតប្រមាណជាង៤នាទីថា ជំនួបលើកដំបូងនេះ គឺគ្មានអ្វីនោះទេ ពោលគឺឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា គ្រាន់តែមកសួរសុខទុក្ខលោក កឹម សុខា ធម្មតា ដើម្បីចង់ដឹងពីបញ្ហាសុខភាពប៉ុណ្ណោះ ក្រោយជាប់ឃុំខ្លួនជាង២ឆ្នាំមកនេះ។ ជាពិសេសពីដំណើរការវិវត្តឆ្ពោះទៅរកប្រជាធិបតេយ្យ។
ដោយឡែកលោក កឹម សុខា ក៏បានថ្លែងអរគុណលោកស្រី អេវ៉ា ង្វៀន ប៊ិញ ចំពោះការប្រឹងប្រែងរបស់រដ្ឋាភិបាលបារាំង ដែលបានជួយជ្រោមជ្រែង ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសការជួយរកយុត្តិធម៌សម្រាប់ខ្លួនលោកជាដើម។ នេះជាការបញ្ជាក់របស់លោក មុត ចន្ថា មនុស្សស្និទលោក កឹម សុខា ដែលបានប្រាប់អ្នកសារព័ត៌មាន។
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកែប្រែលក្ខខណ្ឌខ្លះ ដោយសម្រេចឱ្យលោកដើរទៅទីណាក៏បាន នៅក្នុងប្រទេសកម្ពុជា លើកលែងតែចេញទៅក្រៅប្រទេស ។ ដ្បិតអាចដើរគ្រប់ទីកន្លែងបានមែន ប៉ុន្តែលោក កឹម សុខា នៅគ្មានសិទ្ធិធ្វើសកម្មភាពនយោបាយដដែល។ ជាពិសេសលោក កឹម សុខា ត្រូវឆ្លើយតបនឹងការកោះហៅរបស់សមត្ថកិច្ចគ្រប់ពេល ដោយសារនៅតែស្ថិតនៅក្នុងការតាមដានរបស់តុលាការ៕
Tag:
កឹម សុខា
នយោបាយ
CNRP
បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com