វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
តើមនុស្សពឹងផ្អែកលើប្រេងឥន្ធនៈតាំងពីពេលណាមក?
× នៅក្នុងការរស់នៅនៃសម័យបច្ចុប្បន្ននេះ ជីវភាពរបស់មនុស្សពឹងផ្អែកខ្លាំងលើការទាញយកថាមពលពីប្រេងឥន្ធនៈដែលចេញមកពីធម្មជាតិ។ តាំងពីការប្រើប្រាស់លើយានជំនិះ រហូតទៅដល់ផលិតផលប្លាស្ទិក រួមទាំងភ្លើងអគ្គិសនីដែលអ្នកប្រើប្រាស់នៅក្នុងគេហដ្ឋាន និងកន្លែងធ្វើការ។ បើតាមការលើកឡើងពីគេហទំព័រសារព័ត៌មាន BBC ប្រេងកាតគឺជាមូលហេតុមួយនៃសង្គ្រាមជាច្រើនដែលបានកើតឡើងជុំវិញពិភពលោក។ បើមានសារធាតុមួយនេះ ប្រទេសមួយអាចក្លាយជាប្រទេសមហាអំណាច ចំណែកឯបើគ្មានវាវិញនោះ សេដ្ឋកិច្ចនៃប្រទេសមួយអាចធ្លាក់ចុះជាលំដាប់បាន។
ប្រេងកាតត្រូវបានមនុស្សបុរាណប្រើប្រាស់អស់រយៈពេលជាង៣០០០ឆ្នាំមកហើយ ពោលគឺវាវត្តមានតាំងពីសម័យកាលអេស្ស៊ីបបុរាណ និងអាណាចក្របាប៊ីឡូន (សព្វថ្ងៃអ៊ីរ៉ាក់) ជាដើមក្នុងការលាបនៅតាមចន្លោះទូក ការពារការជ្រាបទឹក និងពេលខ្លះទៀតសម្រាប់ផលិតអាវុធធ្វើសង្គ្រាម។ គេក៏បានប្រើប្រាស់ប្រេងកាតជាសារធាតុមួយក្នុងការរក្សាសពមនុស្ស (Mummy) ឲ្យនៅបានយូរផងដែរ ដែលភាគច្រើនជាអរិយធម៌នៃប្រទេសអេស្ស៊ីបបុរាណ។ វាមានវត្តមាននៅតាមរន្ធតូចៗ ដែលលេចចេញពីក្នុងដី។ តែបុព្វបុរសទាំងអស់នោះ មិនទាន់បានដឹងពីសមត្ថភាព និងឥទ្ធិពលនៃប្រេងកាតនៅឡើយទេ។
ការរុករកប្រេងជាលក្ខណៈពាណិជ្ជកម្មត្រូវបានចាប់កំណើតឡើងនៅពាក់កណ្តាលសតវត្សរ៍នៃ១៩ នៃអណ្តូងរ៉ែដែលមានទីតាំងនៅក្នុងទឹកដីនៃសហរដ្ឋអាមេរិក។ នៅពេលដែលបច្ចេកវិទ្យាបាននឹងកំពុងដែលបានការរីកចម្រើនជាបណ្តើរៗ ឥន្ធនៈមួយប្រភេទដែលគេហៅថា Kerosene ត្រូវបានគេឲ្យប្រជាប្រិយភាពយ៉ាងខ្លាំងជាមួយនឹង តម្លៃសមរម្យ និងងាយស្រួលប្រើប្រាស់។ អណ្តូងរ៉ែពាណិជ្ជកម្មដំបូងនៃសហរដ្ឋអាមេរិកមានទីតាំងនៅក្នុងទីក្រុង Titusville រដ្ឋ Pennsylvania ។ ការរកឃើញនូវវិធីសាស្ត្ររកប្រេងមួយនេះ បានបង្កើតឲ្យមានប្រភេទឧស្សាហកម្មជាច្រើនបន្តទៀត។
តម្រូវការប្រេងឥន្ធនៈបានកើនឡើងជាគំហកនៅពេលដែលរថយន្តជំនាន់ដំបូងៗគេត្រូវបានចាប់កំណើតឡើង។ ក្នុងឆ្នាំ១៨៨៥ ជនជាតិអាល្លឺម៉ង់ លោក Karl Benz បានបង្កើតរថយន្តជំនាន់ដំបូងគេដំណើរលើសាំង (Gasoline) ជាផលិតផលចម្រាញ់បន្ទាប់ពី Kerosene ។ ក្រោយមក ក្នុងឆ្នាំ១៩០៨ លោក Henry Ford ជាមួយនឹងរថយន្តដ៏ល្បីល្បាញគឺប្រភេទ Model T បានស៊កខ្លួនចូលទីក្នុងទីផ្សារដ៏មមាញឹកនៃឧស្សាហកម្មធ្វើដំណើរ និងឧស្សាហកម្មប្រេងកាតផងដែរ។ នៅក្នុងឆ្នាំដដែលនោះ ប្រភពរ៉ែប្រេងកាតធំៗត្រូវបានគេរកឃើញនៅក្នុងបណ្តាប្រទេសអារ៉ាប់ ដែលត្រូវបានចូលរួមវិនិយោគដោយក្រុមហ៊ុនធំៗ ពីប្រទេសនៃលោកខាងលិច។ មកទល់ពេលនេះ ប្រទេសប្រេងកាតនៃតំបន់អារ៉ាប់ ផ្គត់ផ្គង់ប្រមាណជាង៦០ភាគរយនៃបរិមាណនាំចេញនាំចូលប្រេងទាំងឡាយលើពិភពលោក។
ព្រឹត្តិការណ៍ដ៏សំខាន់នៃប្រវត្តិសាស្ត្រក្នុងសង្គ្រាមលោកលើកទីមួយ បានបង្ហាញពីវិសាលភាពនៃការប្រើប្រាស់ប្រេងទៅលើគ្រឿងចក្រអាវុធយុទ្ធភ័ណ្ឌ ដែលមានដូចជារថក្រោះ នាវាចម្បាំង រថយន្តចម្បាំង ជាដើម។ នាវាត្រូវបានគេផ្លាស់ប្តូរពីការប្រើប្រាស់ធ្យូងថ្ម មកជាការប្រើប្រាស់ប្រេងសាំងសម្រាប់ថាមពល និងល្បឿន។ នៅពេលដែលសង្គ្រាមលោកលើកទីពីរត្រូវបានបញ្ចប់ក្នុងឆ្នាំ១៩៤៥ ប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិកបានចរចារគ្នាក្នុងការចែកដែនដីប្រេងកាតនៃប្រទេសក្នុងតំបន់អារ៉ាប់។
នៅក្នុងឆ្នាំ១៩៧៣ ប្រទេសក្នុងតំបន់អារ៉ាប់មួយចំនួនបានកាត់បន្ថយការនាំចេញនូវផលិតផលប្រកាតរបស់ខ្លួនទៅកាន់ប្រទេសលោកខាងលិច ដោយសារតែការគាំទ្រអ៊ីស្រាអែល ប្រឆាំងនឹងអេស្ស៊ីប និងស៊ីរី ដែលបានធ្វើឲ្យតម្លៃសាំងកើនឡើងដល់ទៅបួនដង។ ដោយសារតែសាំងជាធនធានធម្មជាតិមិនកកើតឡើងវិញ វាត្រូវបានគេកំណត់ថា នឹងត្រូវរីងស្ងួតក្នុងរយៈពេលដ៏ខ្លីខាងមុខ។ ហេតុដូចនេះ ប្រភពផលិតថាមពលផ្សេងៗជាច្រើនទៀតត្រូវបានគេស្តារឡើងក្នុងការទប់ទល់តម្រូវការនៃប្រេងឥន្ធនៈ៕
© រក្សាសិទ្ធិដោយ thmeythmey.com