អន្តរជាតិ
អាមេរិក អាច​បន្ថយ​ទំហំ​សមយុទ្ធ​ជាមួយ​កូរ៉េខាងត្បូង ដើម្បី​ចំហ​ទ្វារ​ចរចា​ជាមួយ​កូរ៉េខាងជើង​
14, Nov 2019 , 11:00 am        
រូបភាព
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ម៉ាក អេ​ស្ពើ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា លើកឡើង​ពី​លទ្ធភាព​ដែល​អាមេរិក​អាច​បន្ថយ​ទំហំ​សមយុទ្ធ​រួមគ្នា​ជាមួយ​កូរ៉េខាងត្បូង សំដៅ​រក្សា​ទ្វារ​ចរចា​ជាមួយ​កូរ៉េខាងជើង​ឲ្យ​បន្ត​ចំហ​ដដែល​។ រឿង​សមយុទ្ធ​នេះ ក្លាយជា​កូនអុក​របស់​កូរ៉េខាងជើង​ដើម្បី​គំរាម​អាមេរិក​។

 
​នៅលើ​យន្តហោះ​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ទីក្រុង​សេ​អ៊ូ​ល ប្រមុខ​ការពារជាតិ​អាមេរិក ម៉ាក អេ​ស្ពើ ប្រាប់​អ្នកសារព័ត៌មាន​ដែល​ជិះ​យន្តហោះ​តាម​លោក ថា អាមេរិក អាច​កែប្រែ​លំ​ហាត់​យោធា​ជាមួយ​កូរ៉េខាងត្បូង បើ​វា​អាចជួយ​ដល់​ការចរចា​ផ្នែក​ការទូត​ដើម្បី​ឈានទៅដល់​ការរំសាយ​នុយក្លេអ៊ែរ​។ យ៉ាងណាមិញ លោក អេ​ស្ពើ អះអាងថា ការកាត់បន្ថយ​ទំហំ​សមយុទ្ធ​ណាមួយ មិនមែនជា​ការផ្ដល់​ស​ម្ប​ទាន​ឲ្យ​កូរ៉េខាងជើង​ឡើយ​។​
 
​ខណៈ​ការចរចា​ជាប់គាំង​ច្រើន​សប្ដាហ៍​មកនេះ កូរ៉េខាងជើង តែងតែ​រិះគន់​អាមេរិក​ដែល​មិន​ព្រម​បញ្ចេញ​យុទ្ធសាស្ត្រ​ចរចា​ថ្មី ទោះជា​ខ្លួន​ផ្ដល់ឱកាស​ត្រឹម​ឆ្នាំ​២០១៩ នេះ​ក្ដី​។ មិនតិច​លើក​ឡើយ ក្រុង​ព្យុងយ៉ាង ក៏បាន​រិះគន់​ការធ្វើ​សមយុទ្ធ​រួមគ្នា​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​ដែល​ខ្លួន​ចាត់ទុកជា​ការហ្វឹកហាត់​ដើម្បី​ឈ្លានពាន​។ ក្រុង​ព្យុងយ៉ាង បាន​យក​សមយុទ្ធ​នេះ​ជា​លក្ខខណ្ឌ​ដើម្បី​ចងការ​ចរចា​រឿង​រំសាយ​នុយក្លេអ៊ែរ​។​
 
«​យើង​នឹង​ផ្លាស់ប្ដូរ​លំ​ហាត់​របស់​យើង ទោះ​តិច ឬ​ច្រើន អាស្រ័យ​ថា ការទូត​ត្រូវការ​អ្វី​។​» នេះ​ជាការ​បញ្ជាក់​របស់លោក អេ​ស្ពើ ដោយ​ចង់​សំដៅ​សមយុទ្ធ​រួមគ្នា​រវាង​យោធា​អាមេរិក និង​កូរ៉េខាងត្បូង​។ លោក​បន្តថា យើង​ត្រូវតែ​បើកចំហ​សម្រាប់​គ្រប់​លទ្ធភាព​ទាំងអស់ ធ្វើយ៉ាងណា​ឲ្យ​ដំណើរការ​ការទូត​ជាមួយ​កូរ៉េខាងជើង​ធ្វើ​ដោយ​រលូន សំដៅ​ឈានទៅដល់​ការដោះស្រាយ​បញ្ហា​ដែល​បានដាក់​លើ​តុ​ចរចា​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​
 
​នៅ​ខែក្រោយ អាមេរិក និង​កូរ៉េខាងត្បូង នឹង​រៀបចំ​លំ​ហាត់​ផ្លូវអាកាស​មួយទៀត​។ សមយុទ្ធ​លើក​នេះ ជាការ​កាត់បន្ថយ​ទំហំ​ពី​សមយុទ្ធ​ឆ្នាំ​២០១៨ ពេលដែល​ការចរចា​កំពុងស្ថិត​លើផ្លូវ​ល្អប្រសើរ​នោះ​។ ទោះជា​អាមេរិក និង​កូរ៉េខាងត្បូង​បង្រួម​ទំហំ​សមយុទ្ធ​ក្ដី កូរ៉េខាងជើង​នៅតែ​មិន​ពេញចិត្ត ហើយ​ព្រមាន​ពី​ផលវិបាក​ធ្ងន់ធ្ងរ បើ​សមយុទ្ធ​នៅតែ​ត្រូវ​បានរៀបចំ​។​
 
​ពាក់ព័ន្ធ​លទ្ធភាព​កាត់បន្ថយ​ទំហំ​សមយុទ្ធ​នេះ លោក អេ​ស្ពើ ក៏​មិន​ភ្លេច​ជជែក​ជាមួយ​កូរ៉េខាងត្បូង​ដែរ​។ លោក​អះអាងថា អាមេរិក ចង់​ធ្វើ​អ្វីមួយ​ដោយមាន​ការសហការ​ជាមួយ​ដៃគូ​កូរ៉េខាងត្បូង មិនមែនជា​ការធ្វើសម្បទាន​ឲ្យ​កូរ៉េខាងជើង​អ្វី​ទេ ពោល គឺ​ដើម្បី​ចំហ​ទ្វារ​ចរចា​៕  

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com