ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួងយុត្តិធម៌ ស្នើ​ឲ្យ​ព្រះរាជអាជ្ញា ឈប់​ចាប់​និង​ឃុំ​អ្នកពាក់ព័ន្ធ​ធ្វើ​រដ្ឋប្រហារ​
14, Nov 2019 , 5:28 pm        
រូបភាព
លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ (រូបពីក្រសួងយុត្តិធម៌)
លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ (រូបពីក្រសួងយុត្តិធម៌)
ដោយ: ថ្មីៗ
មិន​បង្អង់​យូរ ក្រសួងយុត្តិធម៌ បាន​ធ្វើតាម​ការណែនាំរ​បស់​នាយករដ្ឋមន្ត្រី ដោយបាន​ស្នើ​ទៅ​ព្រះរាជអាជ្ញា​តាម​បណ្តា​រាជធានី​-​ខេត្ត ឲ្យ​អត់ឱន​ដល់​អ្នកជាប់ចោទ​ពីបទ​ចូលរួម​ក្នុង​គម្រោង​ធ្វើ​រដ្ឋប្រហារ ដែល​រៀបចំ​ដោយ លោក សម រង្ស៊ី និង មេដឹកនាំ​ក្រុមប្រឆាំង​។

 
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន ដែល​ចេញ​នៅ​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បានស្នើ​ឲ្យ​ព្រះរាជអាជ្ញា បញ្ឈប់​ការចាប់ខ្លួន ហើយ​បន្ធូរបន្ថយ​ការប្រើ​វិធានការ​ឃុំខ្លួន ចំពោះ​អ្នកពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើ​រដ្ឋប្រហារ​។ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ហៅ​អ្នក​ទាំងនោះ ថា​ជា​ពលរដ្ឋ​ស្លូតត្រង់ ដែល​ចាញ់កល​លោក សម រង្ស៊ី​។​
 
​ការស្នើ​ឲ្យ​បន្ធូរ​ដៃដល់​អ្នក​ទាំងនោះ ក៏​ព្រោះតែ​ផែនការ​ធ្វើ​រដ្ឋ​ប្រហារ ត្រូវ​បរាជ័យ​ទៅហើយ​។ នេះ​បើ​ផ្អែកលើ​ខ្លឹមសារ​នៃ​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​។  
 
​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ក្នុង​ខេត្តកំពត នា​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ឲ្យ​ធ្វើការ​ជាមួយ​តុលាការ ពិសេស​ជាមួយ​ព្រះរាជអាជ្ញា ដើម្បី​ឲ្យ​ដោះលែង​រាល់​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន ក្រោម​ការចោទប្រកាន់​ពីបទ​ចូលរួម​ធ្វើ​រដ្ឋប្រហារ​។ 
 
​លើសពីនេះ សម្តេចនាយក​រដ្ឋមន្ត្រី បានស្នើ​ឲ្យ​តុលាការ​និង​សមត្ថកិច្ច បញ្ឈប់​ការ​តាម​ចាប់​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើ​រដ្ឋប្រហារផងដែរ​។ សម្តេច បាន​ប្រាប់​ពួកគេ ដែលរ​ត់ទៅ​ក្រៅប្រទេស និង​កំពុង​លាក់ខ្លួន​ក្នុងប្រទេស ឲ្យ​ចេញមុខ​និង​វិល​ត្រឡប់មក​រស់នៅ​ជាមួយ​គ្រួសារ​ជាធម្មតា​វិញ ដោយ​កុំ​បារម្ភ​ពី​ការចាប់ខ្លួន​។ 
 
​សម្តេចនាយករដ្ឋមន្រ្តី ចាត់ទុក ការស្នើ​ឲ្យ​ដោះលែង​និង​ឈប់​ចាប់​អ្នក​ទាំងនោះ ថា​គឺជា​ការ​ប្រោស​ប្រ​ណៃ​របស់​រដ្ឋា​ភិបាល ហើយក៏​ជា​គោលដៅ​ក្នុងការ​បង្រួប​ង្រួ​ម​ជាតិ​ដែរ។ ប្រមុខ​រដ្ឋាភិបាល សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​សូម​ធ្វើការ​ប្រញាប់ប្រញាល់ ដើម្បី​ឲ្យ​បងប្អូន​បាន​នៅក្រៅ​ឃុំ​»​។​
 
​ប្រមុខ​រដ្ឋាភិបាល បន្ថែម​ដូច្នេះ​ថា​៖«​កំពត អាច​ខិតខំ​ដោះស្រាយ​មុនគេ​។ តាម​ខ្ញុំ​ចាំ ដូច​មានតែ​២​នាក់​ទេ​។ ២​នាក់​ហ្នឹង បើ​ធ្វើ​ទាន់ ឲ្យ​ចេញ​ក្រៅ​ឃុំ​ថ្ងៃ​ហ្នឹង​ទៅ ដើម្បី​ឲ្យ​ឃើញ​ប្រសិទ្ធភាព​នៃ​សម្តី​របស់ ហ៊ុន សែន​»​។    
 
២-៣​ម៉ោង​ក្រោយមក មនុស្ស​២​នាក់​នៅ​ខេត្តកំពត គឺ​អ្នកស្រី ប៉ែន មុំ និង លោក នុត ពេ​ជ ដែល​ជាប់ឃុំ​ពីបទ​ចូលរួម​ធ្វើ​រដ្ឋប្រហារ ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​។​
​បើតាម​ប្រមុខ​រដ្ឋាភិបាល មាន​មនុស្ស​ជាង​៧០​នាក់ ដែល​ត្រូវ​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការចូលរួម​ក្នុង​ផែន​ការធ្វើ​រដ្ឋប្រហារ​៕

Tag:
 ក្រសួងយុត្តិធម៌​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com