អន្តរជាតិ
លោក​ស៊ី ជិន​ភីង​ព្រមាន​ថា​បាតុកម្មហិង្សា​ហុងកុង​ប៉ះពាល់​គោលការណ៍​«​ប្រទេសមួយ ប្រព័ន្ធ​ពីរ​»
15, Nov 2019 , 10:25 am        
រូបភាព
លោក ស៊ី​ ជិនភីង ប្រធានាធិបតីចិន ថ្លែងសុន្ទរកថានៅជំនួបកំពូលមួយ នៅប្រេស៊ីល ថ្ងៃ ១៤ វិច្ឆិកា ២០១៩ (Xinhua)
លោក ស៊ី​ ជិនភីង ប្រធានាធិបតីចិន ថ្លែងសុន្ទរកថានៅជំនួបកំពូលមួយ នៅប្រេស៊ីល ថ្ងៃ ១៤ វិច្ឆិកា ២០១៩ (Xinhua)
ដោយ:
​ជា​សារ​ព្រមាន​ដ៏​កម្រ​មួយ ចាប់តាំងពី​បាតុកម្ម​នៅ​ហុងកុង​ផ្ទុះ​ជាង​៥​ខែ​មក លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បានប្រកាស​ក្តែ​ងៗ​ថា បាតុកម្ម​ក្នុង​ទីក្រុង​ហុងកុង កំពុង​គំរាមកំហែង​ដល់​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» ។ ដោយ​មើលឃើញ​បាតុកម្ម​គ្មាន​សញ្ញា​ថមថយ ហើយ​កាន់​តែមាន​ចរិត​ហិង្សា​ខ្លាំង ប៉ូលិស​ហុង​ហុង កំពុង​គិតគូរ​បន្ថែម​កម្លាំង​គាំទ្រ​ដើម្បី​ទប់ទល់​បាតុករ និង​រក្សា​សណ្ដាប់ធ្នាប់​ទីក្រុង​។​

 
​ថ្លែង​អំឡុង​ជំនួប​កំពូល​មេដឹកនាំ​ចិន ប្រេ​ស៊ី​ល ឥណ្ឌា រុស្ស៊ី និង​អាហ្វ្រិក​ខាងត្បូង​ក្នុង​រដ្ឋធានី ប្រា​ស៊ី​លី​យ៉ា នៃ​ប្រទេស​ប្រេ​ស៊ី​ល នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៤ ខែវិច្ឆិកា លោក ស៊ី ជិន​ភីង បាន​ព្រមាន​ថា បាតុកម្មហិង្សា​ដែល​ផ្ទុះឡើង​កាលពី​ថ្មីៗ​នេះ គំរាមកំហែង​ធ្ងន់ធ្ងរ​ចំពោះ​គោលការណ៍​មូលដ្ឋាន​នៃ​«​ប្រទេសមួយ ប្រព័ន្ធ​ពីរ​»​។ ទន្ទឹមនឹង​សារ​គំរាម​ដ៏​កម្រ​មួយ​នេះ មេដឹកនាំ​ចិន​រូបនេះ នៅតែ​គាំទ្រ​ឥត​រារែក​ចំពោះ​រដ្ឋាភិបាល​និង​ប៉ូលិស​ហុងកុង​ដដែល ដោយ​សង្កត់ធ្ងន់ថា ការបញ្ឈប់​ហិង្សា និង​គ្រប់គ្រង​ចលាចល ព្រមទាំង​ស្តារ​សណ្ដាប់ធ្នាប់ គឺជា​កិច្ចការ​ដ៏​បន្ទាន់​បំផុត​មួយ​របស់​ហុងកុង​នាពេលនេះ​។​
 
សម្រាប់​ពេល​៤​ថ្ងៃ​ផ្ទួនៗ​គ្នា​តែម្តង គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ក្រុមបាតុករ​ហុងកុង បាន​បង្ក​ភាពវឹកវរ​កាន់តែ​ធំ ដោយ​ការដាក់​របាំង​ការពារ​និង​ពួន​ផ្តុំគ្នា ជាពិសេស​នៅ​ទីធ្លា​សកលវិទ្យា​ល័យ ខណៈ​ប៉ូលិស​ផ្តើម​គិតគូរ​បន្ថែម​កម្លាំង​ដើម្បី​ទប់ទល់​។ ខណៈ​សញ្ញា​នៃ​កម្លាំង​បាតុកម្ម​ហាក់​មិន​ថមថយ  ប៉ូលិស​ហុងកុង បានបញ្ជាក់​ឲ្យ​ដឹងថា​៖«​កុបកម្ម​ដែល​កំពុង​កើតឡើង​ក្នុង​ទីក្រុង​ហុងកុង ជាមួយនឹង​ទំហំ​ដ៏​ធំ​និង​មាន​លក្ខណៈ​ហិង្សា ហើយ​កើតឡើង​ព្រមៗ​គ្នា​ក្នុង​សង្កាត់​ជាច្រើន ធ្វើ​ឲ្យ​វា​ចាំបាច់​សម្រាប់​ការពង្រឹង​កម្លាំង​គាំទ្រ​បន្ថែម​សម្រាប់​មន្ត្រីប៉ូលិស​ជួរមុខ​ហុងកុង​»​។​
 
​សូមបញ្ជាក់ថា «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» គឺជា​គោលការណ៍​ស្នូល​ដែល​ផ្តល់​ស្វ័យភាព​ដឹកនាំ​សម្រាប់​ទីក្រុង​នេះ ដាច់ដោយឡែក​ពី​អំណាច​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ចាប់តាំងពី​ចក្រភព​អង់គ្លេស​បានប្រគល់​ឲ្យ​ចិន​គ្រប់គ្រង​វិញ​ក្នុង​ឆ្នាំ​១៩៩៧ ក៏ប៉ុន្តែ​លើកលែង​វិស័យ​ការបរទេស​និង​ការពារជាតិ ។ យ៉ាងណាមិញ បាតុកម្ម​ដែល​ចាប់ផ្តើម​ក្នុង​គោលដៅ​ប្រឆាំងនឹង​សំណើ​ច្បាប់​បត្យាប័ន (​លុបចោល​) បាន​រីកធំឡើង​ទៅជា​ចលនា​ទាមទារ​ប្រជាធិបតេយ្យ និង​ចំណាត់ការ​ប៉ូលិស​លើ​ពួកគេ ខណៈ​ការតវ៉ា​មាន​ចរិត​ហិង្សា​កាន់តែខ្លាំង​៕

Tag:
 ចិន​
 ​ហុងកុង​
 ​គោលការណ៍​ប្រទេសមួយ​ប្រព័ន្ធ​ពីរ
© រក្សាសិទ្ធិដោយ thmeythmey.com