FIFA
កីឡាជាតិ
ជាតិ
គ្រូបង្វឹក​ម៉ុង​ហ្គោ​លី មិន​ពេញចិត្ត​ចំពោះ​ការផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​ឲ្យ​ក្រុម​កម្ពុជា​
15, Nov 2019 , 2:35 pm        
រូបភាព
លោក Michael Weiss (ខាងឆ្វេង)ពេលចាប់ដៃជាមួយកីឡាករកម្ពុជាក្រោយការប្រកួត, រូបភាពពី FFC
លោក Michael Weiss (ខាងឆ្វេង)ពេលចាប់ដៃជាមួយកីឡាករកម្ពុជាក្រោយការប្រកួត, រូបភាពពី FFC
ដោយ:
​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ម៉ុង​ហ្គោ​លី Michael Weiss បានបង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ការពិន័យ​បាល់​១១​ម៉ែត្រ​របស់​អាជ្ញាកណ្តាល​មកលើ​ម៉ុង​ហ្គោ​លី​។ គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ ចាត់ទុក​ការផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​ឲ្យ​កម្ពុជា​ជា​រឿង​មិន​សម​ហេតុផល​។ តែ​យ៉ាងណា លោក​សរសើរ​ថា ក្រុម​ជម្រើសជាតិ​កម្ពុ​ជាមាន​ទម្រង់​លេង​ល្អ​។ ជាមួយគ្នានេះ លោក Felix Dalmas ហាក់​មិនទាន់​ពេញ​ចិត្តនឹង​ទម្រង់​លេង​របស់​កូនក្រុម ហើយ​អះអាងថា កម្ពុជា​ត្រូវការ​ពង្រឹង​បន្ថែមទៀត​មុន​ប៉ះ​ជាមួយ​ហុងកុង​។

 
​ក្រុម​ជម្រើសជាតិ​កម្ពុជា​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​ម៉ុង​ហ្គោ​លី នា​ជំនួប​មិត្តភាព​អន្តរជាតិ​ដ៏​ស្វិតស្វាញ​ក្រោម​ក្រសែភ្នែក​អ្នកគាំទ្រ​ផ្ទាល់​ជាង​២​ម៉ឺន​នាក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែវិច្ឆិកា​។ ទាំង​លោក Felix Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​លោក Michael Weiss គ្រូបង្វឹក​ម៉ុង​ហ្គោ​លី សុទ្ធតែ​អះអាងថា នេះ​ជា​លទ្ធផល​មួយ​ដ៏​ល្អ​។ លើសពីនេះ ពួកគេ ចាត់ទុក​ការប្រកួត​នេះ ជា​បទពិសោធន៍​មួយ​ដ៏​ល្អ ដើម្បី​ត្រៀម​ការប្រកួត​ផ្លូវការ​ក្នុង​វគ្គ​ជម្រុះ FIFA World Cup​។ 
 
​តែ​យ៉ាងណា លោក Michael Weiss ហាក់​មិន​ពេញចិត្ត​ចំពោះ​ការពិន័យ​របស់​អាជ្ញាក​ណ្តា​ល ដែល​ផ្តល់​បាល់​១១​ម៉ែត្រ​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​រក​គ្រាប់​បាល់​តាម​ស្មើ ១-១ ជាមួយ​ម៉ុង​ហ្គោ​លី​។ គ្រូបង្វឹក​ដែល​អះអាងថា​ខ្លួន​នៅក្បែរ​ហេតុ​ការ​នោះ បានចាត់ទុក​ការពិន័យ​នេះ​ថា ជា​រឿង​មិន​សម​ហេតុផល​។ ការផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​របស់​អាជ្ញាកណ្តាល ធ្វើឡើង​ក្រោយ​ប្រធាន​ក្រុម​ម៉ុង​ហ្គោ​លី ធ្វើ​ឲ្យ​កីឡាករ ស៊ិន កក្កដា ដែល​កំពុង​គ្រប់គ្រង​បាល់​ដួល​ក្នុង​តំបន់​គ្រោះថ្នាក់ ខណៈ កែវ សុខ​ផេង ជា​អ្នកសម្រេច​បាល់​ប៉េ​ណា​ល់​ទី​ឲ្យ​កម្ពុជា​។ 


 
​នា​សន្និសីទ​សារព័ត៌មាន​ក្រោយ​ការប្រកួត លោក Michael Weiss បាន​លើកឡើងថា​៖«​សម្រាប់​ខ្ញុំ ខ្ញុំ​គិតថា ការពិន័យ​បាល់​១១​ម៉ែត្រ គឺ​មិន​សម​ឡើយ ព្រោះ​ខ្ញុំ​នៅ​ជិត​នឹង និង​មើលឃើញ​»​។ តែ​យ៉ាងណា លោក សរសើរ​ថា​៖«​ក្រុម​កម្ពុជា​លេង​បានល្អ និង​គ្រប់គ្រង​បាល់​បាន​ច្រើន និង​លេង​បានល្អ​ទាំង​ការប៉ះបាល់ និង​លេង​បាល់​ពីក្រោម​ឡើងទៅ​លើ​។ ប៉ុន្តែ​នេះ​ជា​លទ្ធផល​ល្អ​មួយ​សម្រាប់​យើង មុន​ប៉ះ​ជាមួយ​មី​យ៉ាន់​ម៉ា​»​។ 
 
​ជាមួយគ្នានេះ លោក Felix Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ហាក់​មិនទាន់​ពេញចិត្ត​ចំពោះ​ទម្រង់​លេង​របស់​កម្ពុជា​នៅឡើយ​ទេ ទោះបី​ពួកគេ​គ្រប់គ្រង​បាល់​បាន​ច្រើន​ក្នុងជំនួប​មិត្តភាព​ជាមួយ​ម៉ុង​ហ្គោ​លី កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ក៏ដោយ​។ គ្រូបង្វឹក​អា​ហ្ស​ង់​ទីន​រូបនេះ​យល់ថា កម្ពុជា​ត្រូវការ​ពង្រឹង​បន្ថែមទៀត ដើម្បី​ត្រៀម​ប៉ះ​ហុងកុង​ក្នុងជំនួប​វគ្គ​ជម្រុះ FIFA World Cup នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ទឹកដី​ហុងកុង​។ 
 
«​ការប្រកួត​នេះ ជា​បទពិសោធ​មួយ​ដ៏​ល្អ​សម្រាប់​យើង ហើយ​យើង​ធ្វើ​បានល្អ​ក្នុងការ​ប្រយុទ្ធ​និង​បញ្ជូន​បាល់​។ ប៉ុន្តែ​យើង​ត្រូវ​រៀបចំ​ឲ្យ​បានល្អ​ជាង​នេះ មុន​ប៉ះ​ជាមួយ​ហុងកុង​។ យើង​បានដឹង​ពី​របៀប​លេង​របស់​ពួកគេ ដូច្នេះ​យើង​ត្រូវ​រក​វិធីសាស្ត្រ​ដើម្បី​បំបែក​ក្បួន​របស់​ពួកគេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Felix Dalmas ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ការប្រកួត​។ 
 
​តែ​យ៉ាងណា គ្រូបង្វឹក​អា​ហ្ស​ង់​ទីន​រូបនេះ​សង្កេតឃើញថា ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុ​ជាមាន​រីកចម្រើន និង​អភិវឌ្ឍន៍​សមត្ថ​ភព​បានល្អ​ជាង​មុន​។ លោក​បន្ថែមថា ការប្រកួត​នេះ​កូនក្រុម​មានការ​យល់ដឹង និង​ធ្វើបាន​យ៉ាង​ល្អ​តាម​ការគ្រោងទុក​៕   

Tag:
 បាល់ទាត់​
  Felix Dalmas
  Michael Weiss
© រក្សាសិទ្ធិដោយ thmeythmey.com