ជាតិ
ការអភិវឌ្ឍ​កសិដ្ឋាន​ពហុ​ប្រយោជន៍​តាម​គោលការណ៍​«​ស​៤»
18, Nov 2019 , 8:59 am        
រូបភាព
​ដោយ​៖ ផាត ដា​ណេ​

​ភ្នំពេញ​៖ ដើម្បី​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់​មាន​ចំណីអាហារ​បរិភោគ​គ្រប់គ្រាន់ និង​ធានាបាន​ការងារ​គ្រប់​រដូវ​នៅលើ​កសិដ្ឋាន​គ្រួសារ​កសិករ​គួរតែ​បំប្លែង​ដីស្រែ​ឲ្យ​ក្លាយជា​កសិដ្ឋាន​ពហុ​ប្រយោជន៍ ឬ​ពហុផល​តាម​គោលការណ៍​«​ស​៤»​។​



​កន្លងមក​កសិករ​ជួបនឹង​ភាពក្រីក្រ ដោយសារតែ​អាស្រ័យ​លើ​ការ​ធ្វើស្រែ​តែមួយ​មុខ ហើយ​ការធ្វើ​ក៏បាន​ទិន្នផល​ទាប និង​លក់​មិនបាន​ថ្លៃ​។ ដើម្បី​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់​មាន​ចំណីអាហារ​បរិភោគ​គ្រប់គ្រាន់ និង​ធានាបាន​ការងារ​គ្រប់​រដូវ​នៅលើ​កសិដ្ឋាន​គ្រួសារ​កសិករ​គួ​តែ​បំប្លែង​ដីស្រែ​ឲ្យ​ក្លាយជា​កសិដ្ឋាន​ពហុ​ប្រយោជន៍ ឬ​ពហុផល​តាម​គោលការណ៍​«​ស​៤»​។ នៅពេល​កសិករ​បំប្លែង​ដីស្រែ​ជា​កសិដ្ឋាន​ពហុ​ប្រយោជន៍ ផ្ទៃដី​ធ្វើស្រែ​មាន​ទំហំ​តូច​ជាង​មុន តែ​ប្រាក់ចំណូល​សរុប​កើនឡើង​ច្រើនដង​ជាង​ពេលធ្វើ​តែ​ស្រែ​មួយ​មុខ​។


រូបភាពពីសៀវភៅកសិកម្ម

​ដើម្បី​ឲ្យ​បាន​ចំណូល​ខ្ពស់​ថែមទៀត​ពី​ការ​ធ្វើស្រែ នៅលើ​ដី​តូច​កសិករ​គួរ​ធ្វើ​ស្រូវ​ដែល​លក់បាន​តម្លៃ​ថ្លៃ ឬ​ផលិត​ពូជស្រូវ​លក់​។ ការ​មាន​ស្រះ​ទឹក​ដែលមាន​ទឹក​គ្រប់គ្រាន់ និង​មាន​ដី​ទួល​អាច​បង្កលក្ខណៈ​ងាយស្រួល​ដល់​កសិករ​ក្នុង​ការដាំ​បន្លែ​សរីរាង្គ​សម្រាប់​លក់​មក​ទីផ្សារ​ដែលជា​មុខរបរ​មួយ​ឆាប់​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់ ស្របពេល​នឹង​ស្ថានភាព​បច្ចុប្បន្ន​ទីផ្សារ​ប​ន្លែ​កាន់តែ​ធំ​ទៅៗ ដោយសារ​ប្រជាជន​រស់នៅ​ទីក្រុង​និង​ទីប្រជុំជន​កាន់តែ​កើន និង​អ្នក​ទេសចរណ៍​បរទេស កាន់តែ​កើនឡើង​ជាប់​ជានិច្ច​។​

​ការផលិត​ស្រូវ បន្លែ ឈើ​ហូប​ផ្លែ និង​ផលិតផល​ដំណាំ​ផ្សេងៗ​បាន​ជោគជ័យ​ទាមទារ​ឲ្យ​មាន​ជីធម្មជាតិ​គ្រប់គ្រាន់ ជី​លាមក​សត្វ (​គោ ក្របី មាន់ ទា​....) ជាពិសេស​កាកសំណល់​ឡ​ជីវឧស្ម័ន​។ ជីធម្មជាតិ​មិន​ត្រឹមតែ​ជួយ​ឲ្យ​យើង​បាន​ផល​ខ្ពស់​ទេ គឺ​ថែមទាំង​ជួយ​ឲ្យ​ដី​មាន​ជីជាតិ​យូ​អង្វែង និង​កាត់បន្ថយ​នូវ​ចំណាយ​ជាច្រើន​ដែល​នាំ​ឲ្យ​កសិករ​ទទួលបាន ប្រាក់ចំណេញ​ខ្ពស់ និង​យូរអង្វែង​។​

​ដើម្បី​ទទួលបាន​ជោគជ័យ​យូរអង្វែង​ក្នុងការ​អភិវឌ្ឍ​កសិដ្ឋាន​កសិករ​ត្រូវ​យកចិត្តទុកដាក់​លើ​ទ្រឹស្ដី​«​ស​៤» ដែល​ក្នុងនោះ​មានដូចជា​ស្រះ​, សួន​, ស្រែ​ខ្លឹម និង​សត្វ​។ ស្រះ សម្រាប់​ស្តុ​ប​ទឹក​ស្រោចស្រព​គ្រប់​រដូវ​កាល​ជួយ​រំដោះ​ទឹក និង​ជា​កន្លែង​ចិញ្ចឹម​ត្រី ហើយ​សួន​ដំណាំ បន្លែ ឈើ​ហូប​ផ្លែ សួន​ដំណាំ​ធ្វើ​ចំណី​សត្វ សួន​ដើមឈើ​ពហុ​ប្រយោជន៍ ដំណាំ​ឳ​សថ​។ ហើយ​ក្នុងនោះដែរ ស្រែ​ខ្លឹម ជា​ស្រែ​ផលិត​ស្រូវ​តាម ប​.​វ​.​ស បាន​ទិន្នផល​ខ្ពស់​និង​មាន​ដាំ​ដំណាំ​ផ្សេងៗ​មុន និង​ក្រោយ​ពេលធ្វើ​ស្រូវ ឬ​បើ​មានទឹក​គ្រប់គ្រាន់​អាចធ្វើ​ស្រែ​បាន ២​ដង​ក្នុង​មួយឆ្នាំ​។ ស្រែ​ក៏​អាចជា​កន្លែង​ចិញ្ចឹម​កង្កែប និង​ត្រី​នាំមក​នូវ​ចំណូល​ខ្ពស់​ផងដែរ លើសពីនេះទៅទៀត​សត្វ​ជាពិសេស គោ ក្របី ចិញ្ចឹម​យក​កូន​លក់ និង​លាមក​សម្រាប់​ធ្វើជា​ជី និង​ផលិត​ជា​ជីវឧស្ម័ន​។ កាកសំណល់​ឡ​ជា​ជីធម្មជាតិ​ដ៏​ល្អ​បំផុត ហើយ​បើ​ប្រើ​លាយ​ជាមួយ​ធ្យូង​អង្កាម​ធ្វើ​ឲ្យ​ដី​មាន​ជីជាតិ​ល្អ​យូរអង្វែង​៕

(​សារព័ត៌មាន​ថ្មីៗ​ដកស្រង់​ចេញពី​សៀវភៅ​កសិករ​ជោគជ័យ នៃ​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍ​កសិកម្ម កម្ពុជា​។​)





© រក្សាសិទ្ធិដោយ thmeythmey.com