ស្ពាន​អាកាស​ថ្មើរជើង​មុខ​ផ្សារ​ដើម​គរ និង​មុខ​បឋម​សន្ធរម៉ុក នឹង​លេច​រូបរាង នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២០
ជាតិ
ស្ពាន​អាកាស​ថ្មើរជើង​មុខ​ផ្សារ​ដើម​គរ និង​មុខ​បឋម​សន្ធរម៉ុក នឹង​លេច​រូបរាង នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២០
17, Nov 2019 , 9:59 pm        
រូបភាព
​ដោយ​៖ ផាត ដា​ណេ

ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ កំណត់​ធ្វើ​ស្ពាន​អាកាស​ថ្មើរជើង​២​កន្លែង ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្សារ​ដើម​គរ និង​នៅមុខ​បឋមសិក្សា​សន្ធរម៉ុក ឲ្យ​រួច​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២០​។ នេះ​បើតាម​ការផ្សាយ​របស់​ក្រសួង​ព័ត៌មាន​។​



​កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ស្ដីពី​ការបើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​របស់​ក្រុមហ៊ុន Space Media ដែលជា​កន្លែង​មាន​ភាព​មមាញឹក​ក្នុងការ​ឆ្លងកាត់ នៅ​រាជធានី​ភ្នំពេញ​។​

​ក្នុងការ​សាងសង​នេះ អាជ្ញាធរ​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ចុះ​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅ​តំបន់​ផ្សារ​ដើម​គរ និង​នៅមុខ​បឋមសិក្សា​សន្ធរម៉ុក ចាប់ពី​សប្ដាហ៍​នេះ​ទៅ​ដើម្បី​ឲ្យ​ទាន់​ក្នុង​រយៈពេល​៦​ខែ​ទៀត​។ ការរៀបចំ​សាងសង់​នេះដែរ ធ្វើឡើង ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ពិសេស​សិស្សានុសិស្ស​អាច​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព​។

​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅ​តំបន់​មុខ​ផ្សារ​ដើម​គរ បានចាប់ផ្ដើម​សាងសង់​បណ្ដើរៗ​ហើយ ដោយ​ការកំណត់​ទីតាំង​ការដ្ឋាន ការ​ខួង​ដី និង​ការដោះស្រាយ​ផលប៉ះពាល់​ជាមួយ​ពលរដ្ឋ​ជាដើម​។ ចំណែក​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅត្រង់ចំណុច​មុខ​បឋមសិក្សា​សន្ធរ​មុខ​វិញ នឹង​ចុះ​កំណត់​សាងសង់​នៅ​សប្ដាហ៍​ក្រោយ ព្រោះ​ត្រូវ​សិក្សា​ឲ្យ​បាន​ល្អិតល្អន់ ដោយសារ​ស្ពាន​អាកាស​នេះ​នៅលើ​ចំណុច​ផ្លូវ​ប្រសព្វ​ទាំង​៤​ទិស​តែម្ដង​។​

​លោក ឃួ​ង ស្រេង អះអាងថា គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ទាំង​២ ធ្វើឡើង​ឲ្យ​ធានាបាន​គុណភាព​ខ្ពស់បំផុត​រហូតដល់​៥០​ឆ្នាំ​ឡើងទៅ​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ស្ថាបនា​ឲ្យ​លឿន​ហើយ​ដំណើរការ​ភ្លាម ដើម្បី​យើង​ដោះស្រាយ​ផលប៉ះពាល់​បន្ថែម ឈានទៅ​ការសាងសង់​ឲ្យ​បាន​លឿន​ព្រោះ​ជា​គម្រោង​សាកល្បង​មិន​ត្រឹមតែ​ថ្នាក់ដឹកនាំ​ចាំមើល​នោះទេ ប្រជាពលរដ្ឋ​ក៏​ទន្ទឹង​ចង់បាន​ស្ពាន​អាកាស​ថ្មើរជើង​នេះដែរ​»​។

​បន្ថែម​ពីលើ​នេះ តំណាង​ក្រុមហ៊ុន Space Media បាន​សន្យាថា​នឹង​អនុវត្ត​ផែនការ​ស្ថាបនា​គ្រោង​ស្ពាន​អាកាស​ថ្មើរជើង​ទាំង​២​កន្លែង​នេះ​ឲ្យ​ហើយ តាម​កាលកំណត់ និង​ប្រកបដោយ​គុណភាព​។​

​សូមបញ្ជាក់​ផងដែរ​ថា រហូតមកដល់​ពេលបច្ចុប្បន្ន ស្ពាន​អាកាស​ថ្មើរ​ជើងមាន​៣​កន្លែង​ហើយ គឺ​នៅ​តំបន់​ជម្ពូ​វ័ន​២​កន្លែង និង​១​កន្លែង​ទៀត នៅ​តំបន់​ភ្លើងស្តុប​នា​ងគ​ង្ហី​ង​៕



© រក្សាសិទ្ធិដោយ thmeythmey.com