អន្តរជាតិ
នយោបាយអន្តរជាតិ
អាមេរិក និងកូរ៉េខាងត្បូង លើកពេលសមយុទ្ធយោធារវាងប្រទេសទាំងពីរ រដ្ឋមន្រ្តីការពារជាតិអាមេរិក ម៉ាក អេស្ពើ (ខាងឆ្វេង) និងរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង Jeong Kyeong-doo នៅក្នុងកិច្ចប្រជុំមួយ នាទីក្រុងសេអ៊ូល នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩, រូបភាព៖ AP
× អាមេរិក និងកូរ៉េខាងត្បូង នៅថ្ងៃទី១៧ ខែវិច្ឆិកា បានប្រកាសថា ភាគីទាំងពីរនឹងពន្យារពេលធ្វើសមយុទ្ធយោធា ដើម្បីដើម្បីគាំទ្រកិច្ចចរចាសន្តិភាពនៅលើឧបទ្វីបកូរ៉េ។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន បានបដិសេធថា សេចក្តីប្រកាសបែបនេះ មិនមែនជាការធ្វើសម្បទានឲ្យទីក្រុងព្យុងយ៉ាងឡើយ។
សមយុទ្ធយោធា Combined Flying Training Event ដែលនឹងត្រូវធ្វើឡើង ក្នុងពេលឆាប់ៗខាងមុខនេះ ក្នុងគោលបំណងពង្រឹងប្រតិបត្តិការលើអាកាស និងបិទបាំងចំនួនយន្តហោះចម្បាំងរបស់អាមេរិក និងកូរ៉េខាងត្បូង ត្រូវលើកយកទៅធ្វើនៅពេលក្រោយ។ នេះបើតាមសេចក្តីប្រកាសររួមរបស់ លោកម៉ាក អេស្ពើ រដ្ឋមន្ត្រីការពារជាតិអាមេរិក និងលោក Jeong Kyeong-doo រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង អំឡូងជំនួបក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងជំនួបពាក់ព័ន្ធនៅទីក្រុងបាងកក ប្រទេសថៃ។
យ៉ាងណាក៏ដោយ បើទោះបីជាមានការពន្យារពេលធ្វើសមយុទ្ធយោធាក៏ពិតមែន តែទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន នៅតែត្រៀមជានិច្ច ដើម្បីការពារការគំរាមកំហែងផ្សេងៗ។ នេះបើតាមការលើកឡើងរបស់លោក អេស្ពើ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក បានបន្តទៀតថា ការប្រកាសបែបនេះ មិនមែនជាការធ្វើសម្បទានឲ្យទីក្រុងព្យុងយ៉ាងឡើយ ផ្ទុយទៅវិញវាគ្រាន់តែជាការរក្សាសន្តិភាពនៅក្នុងតំបន់តែប៉ុណ្ណោះ។
ទាក់ទងទៅនឹងការសម្រេចចិត្តរបស់អាមេរិក និងកូរ៉េខាងត្បូងបែបនេះ វានៅតែមានភាពមិនច្បាស់លាស់ដដែល លើកិច្ចចរចារំសាយកម្មវិធីនុក្លេអ៊ែររវាងអាមេរិក និងកូរ៉េខាងជើង។ យ៉ាងណាមិញ លោកអេស្ពើ សង្ឃឹមថា ទីក្រុងព្យុងយ៉ាង នឹងឆ្លើយតបទៅនឹងកាយវិការវិជ្ជមានបែបនេះ។
សូមបញ្ជាក់ថា បើតាមការអះអាងរបស់ប្រមុខចរចាកូរ៉េខាងជើង គីម ម្យ៉ុងគីល(Kim Myong-gil) នៅថ្ងៃទី១៥ ខែវិច្ឆិកា អាមេរិក បានបបួលកូរ៉េខាងជើង ឲ្យចាប់ផ្តើមកិច្ចចរចាថ្នាក់ក្រុមការងារម្តងទៀតនៅខែក្រោយ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ បន្ទាប់ពីកិច្ចចរចានៅស៊ុយអែតត្រូវបរាជ័យ៕
Tag:
អាមេរិក
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com