អន្តរជាតិ
មេប៉ូលិសហុងកុងថ្មីបារម្ភថាពលរដ្ឋតាមចាប់កំហុសប៉ូលិស តែបិទភ្នែកចំពោះអំពើហិង្សា លោក Chris Tang Ping-keung ស្នងការប៉ូលិសហុងកុងថ្មី (South China Morning Post)
× ស្នងការប៉ូលិសហុងកុងថ្មី បញ្ជាក់ឲ្យដឹងថា ប៉ូលិសក្រុងដែលមានកម្លាំង៣១០០០នាក់ ពុំអាចបិទបញ្ចប់ភាពចលាចលសង្គមដែលកំពុងញាំញីទីក្រុងនេះដោយឯកឯងបានឡើយ ហើយដូច្នេះខ្លួនត្រូវការការគាំទ្រពីសំណាល់ប្រជាពលរដ្ឋហុងកុង។ ត្រង់នេះ មេប៉ូលិសថ្មីរូបនេះ បារម្ភថា ពលរដ្ឋហុងកុងនាំគ្នាតាមតែចាប់កំហុសប៉ូលិស ហើយបែរជាបិទភ្នែកចំពោះអំពើហិង្សា ដែលបង្កឡើយដោយពួកបាតុករ។
ក្នុងកិច្ចសម្ភាសផ្តាច់មុខជាមួយកាសែតហុងកុង South China Morning Post មុនចូលស្បថកាន់តំណែងកំពូលនេះ នាថ្ងៃអង្គារ ១៩វិច្ឆិកា លោក Chris Tang Ping-keung គូសបញ្ជាក់ថា វិបត្តិនៅហុងកុង ដែលបច្ចុប្បន្នឈានចូលដល់ខែទី៦ហើយនោះ គឺលើសពីបញ្ហា«ច្បាប់និងសណ្ដាប់ធ្នាប់»។
និយាយដល់ការរិះគន់របស់ពលរដ្ឋលើការប្រើកម្លាំងជ្រុលហួសហេតុរបស់ប៉ូលិសបង្ក្រាបបាតុករ លោកស្នងការ Tang សង្កត់ធ្ងន់ថា លោក សង្ឃឹមថា ពលរដ្ឋហុងកុងនឹងថ្កោលទោសអំពើហិង្សា ដោយអះអាងថា ភាពស្ងប់ស្ងាត់និងភាពស្ងត់ស្ងៀមនិងអត់ឱនពួកគេ គឺមានតែជំរុញឲ្យពួកបាតុករជ្រុលនិយមទាំងនោះបង្កអុកឡុកទីក្រុងហុងកុងកាន់តែខ្លាំងឡើងៗ។
ទន្ទឹមនឹងសំណូមពរដល់ពលរដ្ឋហុងកុងផ្តល់ការគាំទ្រដល់ប៉ូលិស លោក Tang ក៏បង្ហាញក្តីបារម្ភដែរថា ពលរដ្ឋគិតតែនាំទម្លាក់កំហុសលើសមត្ថកិច្ច ក៏ប៉ុន្តែពួកគេបែរជាបិទភ្នែក បិទត្រចៀក ចំពោះអំពើហិង្សាទៅវិញ។ ត្រង់នេះ លោកនិយាយបែបនេះ៖ «វាគ្រប់គ្រាន់ហើយ! ទោះជាអ្នកជឿលើអ្វីក៏ដោយ កុំលើកទឹកចិត្តឲ្យមានការប្រើអំពើហិង្សា។ កុំអនុញ្ញាតឲ្យពួកជនអន្តពាលធ្វើតាមតែអំពើចិត្ត ហើយក្លាយទៅជាជ្រុលនិយមច្រើនជាងនេះ»។
បន្ថែមពីនេះ លោកស្នងការប៉ូលិសថ្មីនេះ ក៏បានស្តីបន្ទោសដល់ភាពយឺតយ៉ាវរបស់ប្រជាជនហុងកុងក្នុងការចេញមុខថ្កោលទោសអំពើហិង្សា។ លោក និយាយដូច្នេះ៖«ប្រសិនបើអ្នករាល់គ្នា នាំគ្នាថ្កោលទោសអំពើហិង្សាឲ្យលឿនជាងនេះ សង្គមហុងកុង នឹងមិនធ្លាក់ចូលក្នុងស្ថានភាពបែបនេះក្នុងពេល៥ឆ្នាំកន្លងទៅឡើយ។ មធ្យោបាយតែមួយដែលអាចបញ្ចប់ភាពវឹកវរនេះបាន គឺប្រើប្រាស់ការថ្កោលទោសពីសំណាក់សង្គមទាំងមូល, ការភ្ញាក់ដឹងខ្លួនរបស់ក្រុមបាតុករ ហើយគួបផ្សំនឹងបច្ចេកទេសសមរម្យរបស់ប៉ូលិស»។
សូមបញ្ជាក់ថា នៅថ្ងៃទី១៩ ខែវិច្ឆិកា រដ្ឋាភិបាលក្រុងប៉េកាំង បានព្រមធ្វើតាមសំណើរបស់មេដឹកនាំហុងកុង លោកស្រី ការី ឡាំ ដោយបានតែងតាំងលោក Tang ដែលជាស្នងការរងប៉ូលិសហុងកុង ឲ្យកាន់តំណែងថ្មីជាស្នងការប៉ូលិសហុងកុង។ ការតែងតាំងស្នងការថ្មីនេះ គឺជំនួសលោក Stephen Lo Wai-chung ដែលបានចូលនិវត្តន៍នៅថ្ងៃទី១៨ ខែវិច្ឆិកា ក្រោយកាន់តំណែងកំពូលនេះអស់រយៈពេល៣៥ឆ្នាំមក។
លោក Stephen Lo ក្លាយជាស្នងការប៉ូលិសទីមួយក្នុងប្រវិត្តិសាស្ត្រហុងកុងរយៈពេល១៧៥ឆ្នាំចុងក្រោយ ដែលចាកចេញដោយគ្មានពិធីអាហារពេលល្ងាចលាគ្នាជាប្រពៃណី «Mess Night» ជាមួយមន្ត្រីជាន់ខ្ពស់ក៏ដូចជាភ្ញៀវសំខាន់ៗផ្សេងទៀត។ ទាក់ទិននឹងរឿងនេះ ប្រភពពីមន្ត្រីប៉ូលិសជាន់ខ្ពស់ហុងកុងម្នាក់ អះអាងថា វាគ្មានអ្វីដែលគួរអបអរសាទរឡើយនៅពេលវេលានេះ ព្រោះ ហុងកុង កំពុងស្ថិតនៅមាត់ជ្រោះនៃការបាក់បែកខ្ទេចខ្ទីទាំងស្រុងទៅហើយនោះ។ ប្រភពដដែល បន្តថា ស្ថានការណ៍ក្នុងកងកម្លាំងប៉ូលិសហុងកុង ពុំសូវល្អ ហេតុដូច្នេះហើយលោក Lo ចង់ដើរចេញដោយភាពស្ងប់ស្ងាត់៕
Tag:
ហុងកុង
មេប៉ូលិស
បាតុកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com