អន្តរជាតិ
អាស៊ាន និង​ដៃគូ ព្រមាន​ពី​ការកើនឡើង​នៃ​ការគំរាមកំហែង​សន្តិសុខ​ក្នុង​តំបន់​
20, Nov 2019 , 8:29 am        
រូបភាព
ឧបនាយករដ្ឋមន្រ្តីថៃ Prawit Wongsuwon នៅក្នងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក, រូបភាព៖​ AP
ឧបនាយករដ្ឋមន្រ្តីថៃ Prawit Wongsuwon នៅក្នងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក, រូបភាព៖​ AP
​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​នៅ​ថៃ មន្ត្រីជាន់ខ្ពស់​ការពារ​ជាតិ​មកពី​បណ្តាល​ប្រទេស​អាស៊ាន និង​ប្រទេស​ដៃគូ​សន្ទនា ៨​ទៀត​ដូចជា អាមេរិក ចិន ជប៉ុន រុស្ស៊ី អូស្ត្រាលី ឥណ្ឌា នូ​វែ​ល​សេ​ឡង់ និង​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា បាន​ព្រមាន​ថា បញ្ហា​សន្តិសុខ ត្រូវបាន​គំរាមកំហែង​យ៉ាងខ្លាំង​នៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​។ បញ្ហា​ទាំងនោះ មានដូចជា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​ការ​ប្រជែង​ឥទ្ធិពល​គ្នា​រវាង​អាមេរិក និង​ចិន​ជាដើម​។

 

 
«​យើង​ទទួលស្គាល់ថា​ការគំរាមកំហែង​សន្តិសុខ និង​បញ្ហា​ប្រឈម​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺជា​បញ្ហា​អន្តរប្រទេស និង​កើនឡើង​យ៉ាង​ឆាប់រហ័ស និង​ធ្ងន់ធ្ងរ​យ៉ាងខ្លាំង​» ។ នេះ​តាម​សេចក្តីថ្លែងការណ៍​រួម​របស់​មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់​មកពី​បណ្តាល​ប្រទេស​អាស៊ាន​ទាំង​១០ និង​ប្រទេស​ដៃគូ​សន្ទនា​ទាំង ៨​។  
 
​ដើម្បី​ទប់ស្កាត់​ការគំរាមកំហែង​សន្តិសុខ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ប្រទេស​ទាំងអស់​ត្រូវតែ​ចេះ​សហការ​ជាមួយគ្នា និង​ស្វែងរក​បញ្ហា​គំរាមកំហែង​រួមមួយ​។ តាមរយៈ​សេចក្តីថ្លែងការណ៍​រួម ប្រទេស​ទាំងអស់ បាន​ប្តេជ្ញា​ថា នឹង​រក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ដោយ​សហការ​ជាមួយគ្នា​ឲ្យ​កាន់តែ​ជិតស្និទ្ធ ដើម្បី​ដោះស្រាយ​បញ្ហា​រួមគ្នា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Bankok Post​។ 
 
​បើតាម​ការអះអាង​នៅក្រៅ​កិច្ចប្រជុំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក លោក Kongcheep Tantravanich អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ថៃ បាន​អះអាងថា ប្រទេស​មួយចំនួន បានលើកឡើង​ពី​ការព្រួយបារម្ភ​លើ​ការប្រកួតប្រជែង​របស់​ប្រទេស​មហាអំណាច​ចិន និង​អាមេរិក បញ្ហា​ប្រឈម​ក្នុង​តំបន់​ដូចជា ភេរវកម្ម និង​នុយក្លេអ៊ែរ​ជាដើម​។ ទន្ទឹមនេះ អ្នកនាំពាក្យ​បាន​បន្តទៀតថា គ្រាន់តែ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ចិន និង​បណ្តាល​ប្រទេស​អាស៊ាន​មួយចំនួន បាន​ជជែក​គ្នា​យ៉ាងច្រើន ក្នុង​កិច្ចប្រជុំ​រយៈ​ពី​៣​ម៉ោង​នេះ​។ 
 
​ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើ ប្រទេស​ទាំងអស់ ប្តេជ្ញា​រក្សា​ស្ថិរភាព និង​សន្តិភាព​ក្នុង​តំបន់​។ ជាពិសេស ប្រទេស​ទាំងអស់ បាន​សន្យា​គោរព​ច្បាប់​អន្តរជាតិ ក្នុង​គោលបំណង​ទប់ស្កាត់​ជម្លោះ​ប្រដាប់អាវុធ​រវាង​ប្រទេស និង​ប្រទេស​។ 
 
​សូមបញ្ជាក់ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​លើក​ទី​៦​នេះ ត្រូវ​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី ១៩ ខែវិច្ឆិកា​។ កិច្ចប្រជុំ​មានការ​ចូលរួម​ពី​ប្រទេស​អាស៊ាន ១០ និង​ប្រទេស​ដៃគូ​សន្ទនា ៨​ប្រទេស​រួមមាន​អាមេរិក ចិន ជប៉ុន រុស្ស៊ី អូស្ត្រាលី ឥណ្ឌា នូ​វែ​ល​សេ​ឡង់ និង​កូរ៉េខាងត្បូង​៕

Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com