ជាតិ
សិល្បះ
«ទេពនាដវដ្ដីឯក» បន្សល់គម្រោងស្រាវជ្រាវរបាំជាច្រើនដែលមិនទាន់បានបញ្ចប់ សម្ដេចរាជបុត្រី ព្រះរៀម បុប្ផាទេវី ថតរូបជាមួយនាដក នាដកា របាំព្រះរាជទ្រព្យ ១០០ឆ្នាំ ក្រោយសន្និសីទសារព័ត៌ស្ដីពីសម្ដែងរបាំ១០០ កាលពីពេលកន្លងទៅ
× ភ្នំពេញ៖ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី គោរមងារ “ទេពនាដវដ្ដីឯក” កាលទ្រង់គង់ព្រះជន្មនៅឡើយ ព្រះអង្គបានផ្ដួចផ្ដើមឱ្យមានការស្រាវជ្រាវមេរបាំចំនួន៤ ក្បាច់បាតមូលដ្ឋានរបាំបុរាណ ឱ្យមានការឯកភាពគ្នា និងចងក្រងភាសារបាំ ដើម្បីទុកជាឯកសារផ្លូវការ បង្រៀនដល់សិស្សសិល្បៈជំនាន់ក្រោយ។ ប៉ុន្តែគួរឱ្យសោកស្ដាយ ព្រះរាជកិច្ចនេះទើបតែដំណើរការបានប្រហែល១ភាគ១០នៃការងារទាំងមូល ព្រះអង្គក៏សុគត។
កិច្ចការស្រាវជ្រាវដែល សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី មិនទាន់បញ្ចប់មាន ការស្រាវជ្រាវមេរបាំទាំង៤គឺ របាំព្រះថោង របាំបាលឹម របាំបាលុត និងរបាំសារបារុង ដែលជាមេរបាំសម្រាប់យកទៅបំបែកជារបាំតូចៗជាច្រើនទៀត។ ការស្រាវជ្រាវពីក្បាច់បាតមូលដ្ឋានរបាំ ឱ្យមានការឯកភាពគ្នា និងការចងក្រងភាសាក្បាច់ ក៏ស្ថិតក្នុងព្រះរាជកិច្ចនេះដែរ។ កិច្ចការទាំងនេះនឹងត្រូវយកទៅចងក្រងជាអក្សរនិងជាវីដេអូ ដើម្បីទុកជាឯកសារផ្លូវការឱ្យសិស្សសិល្បៈជំនាន់ក្រោយសិក្សា។
លោក ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលស្និទ្ធនឹងសម្ដេចព្រះរាម បុប្ផាទេវី បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា កាលពីសម្ដេចព្រះរាម ទ្រង់គង់ព្រះជន្មនៅឡើយ ព្រះអង្គបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងព្រះរាជកិច្ចស្រាវជ្រាវនេះ។
លោក ព្រឿង ឈៀង អតីតនាដករបាំព្រះរាជទ្រព្យ ដែលតែងតែដង្ហែ «ទេពនាដវដ្ដីឯក» ទៅសម្ដែងរបាំបុរាណថ្នាក់ជាតិ និងអន្តរជាតិធំៗ បានបញ្ជាក់ទាំងអារម្មណ៍សោកស្ដាយ៖«ទ្រង់មានបន្ទូលថាទ្រង់ចង់ចងក្រងឯកសារនេះឱ្យបានឆាប់ចប់ ប៉ុន្តែយើងរវល់ច្រើន ទើបការងារនេះត្រូវអូសបន្លាយ។ យើងបានថតឯកសារខ្លះហើយកាលពីលើកទីមួយ ប៉ុន្តែវាមិនសូវល្អដូច្នេះទ្រង់ចង់ថតម្ដងទៀត។ ពេលនេះយើងខ្វះមតិមួយចំនួនធំពីព្រះអង្គ ប៉ុន្តែយើងក៏មានគ្រូច្រើនដែរ ដែលនៅធ្វើការងារនេះ។ បើបានលោកគង់នៅជាជំហរកាន់តែប្រសើរ។ វីដេអូឯកសាររបស់យើង ថតពីការរៀនដំណាក់កាលដំបូង មានពត់ដៃពត់ជើង រហូតដល់ថ្នាក់ខ្ពស់។ ខ្ញុំមិនសូវច្បាស់ តែប្រហែលយើងស្រាវជ្រាវរបាំជាង៣០ ដែលមានរបាំជារឿង និងរបាំធម្មតា»។
លោក ព្រឿង ឈាង បន្ថែមថា ព្រះរាជកិច្ចរបស់សម្ដេចព្រះរាមដែលនៅមិនទាន់ចប់ នឹងមានការស្រាវជ្រាវបន្ត ដោយមានក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាជំហរ និងមានព្រះរាជឧបត្ថម្ភពីព្រះរាជា ហើយ ស.ស.យ.ក ក៏នឹងយកចិត្តទុកដាក់ក្នុងការឧបត្ថម្ភជាថវិកាផងដែរ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោកស្រី ភឿង សកុណា បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមរយៈទូរសព្ទពីប្រទេសបារាំងថា ស្មារតីរបស់សិល្បករ សិល្បការិនី និងថ្នាក់ដឹកនាំនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅតែបន្តព្រះរាជកិច្ចរបស់ព្រះអង្គ ដោយពិនិត្យលើស្នាព្រះហស្តរបស់ព្រះអង្គ យកមករៀបចំចងក្រងថែរក្សាទុក។
សូមបញ្ជាក់ថា ព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី គោរមងារ «ទេពនាដវដ្ដីឯក» បានសុគតក្នុងព្រះជន្ម៧៧ព្រះវស្សា វេលាម៉ោង១២:៣០នាទី ថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យនៃព្រះរាជាណាចក្រថៃ ដោយជរាពាធ។ ព្រះអង្គជានិមិត្តរូបនៃរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់ខ្មែរបុរាណ ដែលបានទទួលព្រះគោរមងារជា «ទេពនាដវដ្ដីឯក» និងជា«មរតកមនុស្សរស់របស់កម្ពុជា»។
ស្នាព្រះហស្តចុងក្រោយរបស់ព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី គឺរបាំព្រះរាជទ្រព្យរឿង “នាងវឌ្ឍនាទេវី” ជាស្នាព្រះហស្តដែលព្រះអង្គបង្កើតថ្មី។
ស្នាព្រះហស្តធំៗរបស់សម្ដេចព្រះរៀម មានដូចជា ព្រះអង្គបានធ្វើឱ្យរស់ឡើងវិញនូវរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់ខ្មែរបុរាណ ក្រោយបែកសម័យសង្គ្រាមប៉ុលពត។ ព្រះអង្គមានព្រះទេពកោសល្យខ្ពស់ក្នុងការអភិរក្ស និងអភិវឌ្ឍសិល្បៈបុរាណ។ របាំព្រះរាជទ្រព្យ ឬរបាំក្បាច់ខ្មែរបុរាណរឿង “នាងវឌ្ឍនាទេវី” រឿង “ព្រះសុធន និងនាងកែវមនោរា” របាំកូរសមុទ្រទឹកដោះ” និងរបាំ”អប្សរាមេរា” គឺជាស្នាព្រះហស្តបង្កើតថ្មីរបស់ព្រះអង្គ ដោយឈរលើមូលដ្ឋានចាស់។ ព្រះអង្គក៏បានច្នៃមកុដ និងសម្លៀកបំពាក់របាំ ដោយរក្សាពណ៌និងទម្រង់ជាខ្មែរដដែល។ ព្រះអង្គបានធ្វើឱ្យរស់ឡើងវិញនូវរបាំ១០០ឆ្នាំ។ សម្ដេចព្រះរៀម បុប្ផាទេវី ធ្លាប់បានដឹកនាំការសម្ដែងសិល្បៈព្រះរាជទ្រព្យ ឬរបាំក្បាច់ខ្មែរបុរាណ ក្នុងឆាកអន្តរជាតិបង្ហាញដល់ពិភពលោកជាច្រើនលើក។
បើតាមទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ព្រឿង ឈៀង ដែលបានអះអាងថា កាលសម្ដេចរាជបុត្រី ព្រះរៀម បុប្ផាទេវី ទ្រង់គង្គព្រះជន្មនៅ ព្រះអង្គតែងតែប្រាប់លោកថា សម្ដេចព្រះរៀម ទ្រង់បានក្លាយជានាដការបាំព្រះរាជទ្រព្យតាំងពីព្រះអង្គមានព្រះជន្ម៥ព្រះវស្សា។ សម្ដេចព្រះរៀមចេះរាំក្បាច់នាង ក្បាច់ស្វា និងក្បាច់យក្ស ហើយព្រះអង្គក៏ចេះរាំរបាំបរទេសបានយ៉ាងល្អផងដែរ៕
Tag:
សម្តេចព្រះរៀម
នរោត្តម បុប្ផាទេវី
© រក្សាសិទ្ធិដោយ thmeythmey.com