កីឡាជាតិ
ជាតិ
កម្ពុជា​ចាញ់​ហុងកុង ២-០ ខណៈ សឿ​យ វិសាល ទទួលបាន​កាត​ក្រហម​
19, Nov 2019 , 10:12 pm        
រូបភាព
ដោយ:
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ប្រកួត​ចាញ់​ក្រុម​ហុងកុង​ក្នុង​លទ្ធផល ២-០ នា​ជំនួប​ពូ​ល C វគ្គ​ជម្រុះ FIFA World Cup នៅ​យប់​ថ្ងៃទី​១៩ វិច្ឆិកា នា​កីឡដ្ឋាន​ហុងកុង​។ មុន​ប្រធាន​ក្រុម សឿ​យ វិសាល ទទួលបាន​កាត​ក្រហម​(​កាត​លឿង​ពីរដង​) យើង​សង្កេតឃើញ​កីឡាករ​កម្ពុជា​ធ្វើបាន​យ៉ាង​ល្អ តាមរយៈ​ការគ្រប់គ្រង​បាល់​បាន​ច្រើនជាង​ក្រុម​ហុងកុង​។​


​នា​ការប្រកួត​ជើង​ទី​២​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា ជាមួយ​ម្ចាស់ផ្ទះ​ហុងកុង យើង​សង្កេតឃើញ​ក្រុម​ទាំងពីរ​មិនសូវ​ដាក់​សម្ពាធ​គ្នា​ប៉ុន្មាន​នោះទេ​នៅ​ដើម​វគ្គ​ទី​១​។ ប៉ុន្តែ​ការប្រកួត​ដំណើរការបាន​២០​នាទី​គ្រាប់​បាល់​ទី​១​ក៏បាន​កើតឡើង បន្ទាប់ពី​កីឡាករ James Stephen Gee Ha រក​គ្រាប់​បាល់​នាំមុខ​ឲ្យ​ម្ចាស់ផ្ទះ​ហុងកុង​។ ជាង​១០​នាទី​ក្រោយមក​ប្រធាន​ក្រុម សឿ​យ វិសាល រង​ពិន័យ​កាត​លឿង មុន​ក្រុម​ទាំងពីរ​រក្សា​លទ្ធផល​នេះ​រហូត​ចប់​តង់​ទី​១​។ 
 
​ការនាំ​មុខ ១-០ បានធ្វើ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​ផ្លាស់ប្តូរ​ទម្រង់​លេង​ពី​បែប​ប្រយុទ្ធ​មក​ប្រើ​ប្រព័ន្ធ​បែប​ការពារ​វាយបក​។ ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ព្យាយាម​គ្រប់គ្រង​បាល់ និង​ដាក់​សម្ពាធ​យ៉ាងខ្លាំង​ទៅលើ​ហុងកុង​ដែល​ព្យាយាម​រារាំង​នៅ​តំបន់​ការពារ​។ ទោះបី​កម្ពុជា​គ្រប់គ្រង​បាល់​បាន​ច្រើន​ជាតិ​ជាង​នៅ​តង់​ទី​២​ក៏ដោយ តែ​យើង​សង្កេតឃើញថា ពួកគេ​មិនបាន​បង្កើត​ឱកាស​ក្នុង​ការបង្ក​គ្រោះថ្នាក់​ដល់​ក្រុម​ម្ចាស់ផ្ទះ​ឡើយ​។​
 
​ក្រោយ​បំបែក​ក្បួន​ការពារ​ដ៏​រឹងមាំ​របស់​ហុងកុង​មិនបាន កម្ពុជា​បាន​ផ្លាស់ប្តូរ​កីឡាករ​ជា​បន្តបន្ទាប់​។ ក្នុងនោះ​ខ្សែប្រយុទ្ធ​វ័យក្មេង សៀង ច​ន្ធា ត្រូវបាន​ដូរ​ចូល​ជំនួស​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម រីឯ គួច ដា​នី ជំនួស គួច សុ​កុម្ភៈ និង រ៉ឹង ប៊ុន​ហៀ​ង ជំនួស កែវ សុខ​ផេង ដែលជា​អ្នករក​គ្រាប់​បាល់​តាម​ស្មើ ១-១ ជាមួយ​ហុងកុង​នៅ​ជើង​ទី​១​។​
 
​ទោះបី​មានការ​ផ្លាស់ប្តូរ​កីឡាករ​ជា​បន្តបន្ទាប់​ក៏ដោយ កម្ពុជា​នៅតែ​មិនអាច​បំបែក​ក្បួន​ការពារ​របស់​ហុងកុង​ដដែល​។ ឈានដល់​នាទី​ទី​៧៨​ប្រធាន​ក្រុម​ជម្រើសជាតិ​កម្ពុជា សឿ​យ វិសាល ត្រូវបាន​អាជ្ញាកណ្តាល​ពិន័យ​កាត​លឿង​ជា​លើក​ទី​២ គឺ​ស្មើ​កាត​ក្រហម ក្រោយ​រូបគេ​លូក​ជើង​ទៅ​ប៉ះបាល់ ដែល​អ្នកចាំទី​បោះ​បម្រុង​ទាត់​ចេញពី​ទី​របស់ខ្លួន​ឡើង​ទៅលើ​។ 
 
​ការបាត់បង់​សមាជិក​ម្នាក់នេះ​នាំ​ឲ្យ​កម្ពុជា​ហាក់​ផ្លាស់ប្តូរ​ទម្រង់​លេង​បន្តិច ដោយ​កីឡាករ​លេង​ក្នុង​តំបន់​បម្រើ​និង​ប្រយុទ្ធ​មួយចំនួន​ចុះទៅ​លេង​នៅ​តំបន់​ការពារ ដែល​ហុច​ឱកាស​ឲ្យ​ហុងកុង​។ ក្រោយ​កីឡាករ សឿ​យ វិសាល ចេញ​បាន​៥​នាទី​គ្រាប់​បាល់​ទី​២​បានកើត​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ ដែលជា​ការសម្រេច​រប​ស់​កីឡាករ​ជើងចាស់ Roberto Orlando Affonso Júnior​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត​។ 
 
​ការបរាជ័យ​នេះ​ធ្វើ​ឲ្យ​ក្រុម​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ Keisuke Honda និង​គ្រូបង្វឹក Felix Dalmas មានឱកាស​តិចតួច​បំផុត​ក្នុងការ​ប្រជែង​កៅអី​ឡើងទៅ​វគ្គ​បន្ត​។ សម្រាប់​ជំនួប​បន្ទាប់​កម្ពុជា​ត្រូវ​ហោះ​ទៅ​ជួប​ម្ចាស់ផ្ទះ​បា​រ៉ែ​ន​នៅ​ថ្ងៃទី​២៦ មីនា ឆ្នាំ​២០២០៕


Tag:
 កីឡា​ជាតិ (World Cup
  សឿ​យ វិសាល​
  ក្រុម​ជម្រើសជាតិ​កម្ពុជា​)
© រក្សាសិទ្ធិដោយ thmeythmey.com