លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង លើកឡើងថា អាស៊ី ត្រូវការបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាតំបន់ដទៃសម្រាប់ការរីកចម្រើនរបស់ខ្លួន។ លោកមិនជឿថា អាស៊ី នឹងក្លាយជាចំណុចកណ្ដាលនៃពិភពលោកឡើយ។
ពីប្រទេសម៉ិកស៊ិក លោក លី សៀនឡុង និយាយថា ប្រសិនបើអាស៊ីបិទទ្វារដោយពឹងផ្អែកតែលើខ្លួនឯង អាស៊ីនឹងមិនដាច់ពោះស្លាប់ទេ ក៏ប៉ុន្តែនឹងបាត់បង់កាលានុវត្តភាពច្រើន។ សម្រាប់គំនិតលោក អាស៊ីនឹងកាន់តែក្រ ហើយពិភពលោកទាំងមូល ក៏ក្រដូចគ្នាដែរ។
ការលើកឡើងរបស់លោកលី គឺឆ្លើយតបនឹងសំណួរមួយដែលលើកឡើងថា ដំណើរវិវត្តន៍របស់សិង្ហបុរីក្នុងពេល៥០ឆ្នាំចុងក្រោយដែលក្លាយជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រដ៏ជោគជ័យ គឺបណ្តាលមកពីការផ្លាស់ប្តូរនៃចំណុចកណ្ដាលនៃទំនាញសម្រាប់អំណាចនយោបាយ និងសេដ្ឋកិច្ចក្នុងពិភពលោក។
«អ្វីដែលផ្លាស់ប្តូរពិភពលោកនោះ គឺប្រទេសចិន»។ លោក លី និយាយបែបនេះ ដោយបន្ថែមថា៖«នៅពេលពួកគេ (ចិន) បានសម្រេចចិត្តបើកចំហសេដ្ឋកិច្ចក្នុងឆ្នាំ១៩៧៨ ដោយលោកតេង ស៊ាវភីង។ សេដ្ឋកិច្ចចិនចាប់ផ្តើមស្ទុះងើបឡើងយ៉ាងលឿនរហ័ស។ ការងើបឡើងនេះហើយបានផ្លាស់ប្តូរទិដ្ឋភាពយុទ្ធសាស្ត្រជាសកល»។ ជាមួយនឹងការងើបឡើងរបស់ចិននេះ បណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី ក៏បានទាញផលចំណេញពីវឌ្ឍនភាពនិងកាលានុវត្តភាពរបស់ចិនផងដែរ។
ថ្លែងនៅមុខធុរកិច្ចជនបរទេស អំឡុងទស្សនកិច្ចនៅម៉ិកស៊ិក លោកនាយករដ្ឋមន្ត្រីរូបនេះ៖«ប្រសិនបើអ្នកមើលទៅកាន់សតវត្សរ៍ទី២១ មនុស្សធ្លាប់និយាយថា វា គឺជាសតវត្សរ៍អាស៊ី។ ខ្ញុំគិតថា សេដ្ឋកិច្ចអាស៊ី នឹងកើនឡើងប្រហាក់ប្រហែលគ្នាទៅនឹងសេដ្ឋកិច្ចសកល ព្រោះថា ចិន នៅតែបន្តងើបឡើងយ៉ាងលឿនរហ័សជាងបណ្តាប្រទេសអភិវឌ្ឍទៀត»។ លោក បន្តថា៖ ឥណ្ឌា ក៏កំពុងកើនឡើងរហ័សជាងបណ្តាប្រទេសអភិវឌ្ឍ ហើយអាចមានកំណើនលឿនជាងពេលបច្ចុប្បន្នផង ក៏ប៉ុន្តែនយោបាយពួកគេគឺមានលក្ខណៈស្មុគស្មាញ»។
តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia លោក លី សៀនឡុង សង្កត់ធ្ងន់ថា៖«ដូច្នេះហើយ ខ្ញុំគិតថា ចំណុចកណ្ដាលនៃពិភពលោក នឹងបន្តផ្លាស់ប្តូរ ក៏ប៉ុន្តែខ្ញុំគិតថា អាស៊ីនឹងមិនក្លាយជាចំណុចកណ្ដាលនៃពិភពលោកឡើយ។ ព្រោះថាដើម្បីអាចជឿនលឿនទៅមុខ អាស៊ី ត្រូវការទីផ្សារ, កិច្ចសហប្រតិបត្តិការ, បច្ចេកវិទ្យាជាមួយក្រុមហ៊ុនអាមេរិក ជាមួយសហភាពអឺរ៉ុប និងបណ្តាតំបន់ដទៃទៀត»។ លោក អះអាងថា៖«យើងមិនចង់បានពិភពលោកមួយដែលបណ្តាប្រទេសអាស៊ីសម្លឹងរកតែបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីឡើយ»។
ក្នុងករណីសិង្ហបុរី លោកនាយករដ្ឋមន្ត្រី លី សៀនឡុង លើកឡើងថា៖«យើងមានអាជីវកម្មជាមួយច្រើនជាមួយចិន, ឥណ្ឌា ក៏ប៉ុន្តែកន្លងទៅ យើងធ្លាប់ និងនៅតែមានអាជីវកម្មជាមួយសហរដ្ឋអាមេរិក ហើយបរិមាណជាច្រើនជាមួយបណ្តាប្រទេសអាមេរិកឡាទីន និងអាមេរិកកណ្ដាល»។ លោក បន្តថា៖ «ក្នុងអាមេរិកកណ្ដាល, ក្នុងប្រទេសម៉ិកស៊ិក, ក្នុងអាមេរិកឡាទីន, ជាមួយប្រេស៊ីល និងបណ្តាប្រទេសផ្សេងទៀត យើងគិតថានេះគឺមានសារសំខាន់ ពោលគឺមិនត្រឹមតែបរិមាណប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ក្នុងន័យថាការធ្វើអាជីវកម្មរបៀបនេះ កំពុងសម្រួចការយល់ឃើញចំពោះពិភពលោករបស់យើង ហើយយើងមើលឃើញឱកាសជាច្រើននៅជុំវិញពិភពលោក ហើយយើងចង់ធ្វើអាជីវកម្មជាមួយបណ្តាប្រទេសជឿនលឿនដទៃ»៕