ជាតិ
គ​.​ជ​.​អ​.​ប ពិភាក្សា​ពី​កញ្ចប់​ថវិកា​និង​រៀបចំ​កែសម្រួល​រចនាសម្ព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ
21, Nov 2019 , 7:19 pm        
រូបភាព
កិច្ចប្រជុំលើកទី១៧ គ.ជ.អ.ប នៅក្រសួងមហាផ្ទៃ
កិច្ចប្រជុំលើកទី១៧ គ.ជ.អ.ប នៅក្រសួងមហាផ្ទៃ
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ (​គ​.​ជ​.​អ​.​ប​) បាន​បើក​កិច្ចប្រជុំ​លើក​ទី​១៧ ដើម្បី​ពិនិត្យ​និង​ពិភាក្សា​សេចក្តីព្រាង​អនុក្រឹត្យ​ចំនួន​៤ ពាក់ព័ន្ធ​នឹង​ការកែសម្រួល​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និង​ការផ្ទេរ​មុខងារ​ក្នុង​វិស័យ​សុខាភិបាល​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី​ខេត្ត​។ ក្រៅពីនេះ គឺ​គណៈកម្មាធិការ​នេះ​បាន​ពិនិត្យ​ស្ថានភាព​វិ​វ​ឌ្ឍ​នៃ​កម្មវិធី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​។


 
​ក្នុង​កិច្ចប្រជុំ​លើក​ទី​១៧​របស់ គ​.​ជ​.​អ​.​ប ដែល​ធ្វើ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២០​ខែវិច្ឆិកា សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន គ​.​ជ​.​អ​.​ប បាន​លើកឡើងថា ការផ្ទេរ​ធនធាន​បន្ថែ​ម​ពី​ថវិការដ្ឋ ទៅ​រដ្ឋបាល​ឃុំ សង្កាត់ សម្រាប់​ការអភិវឌ្ឍ​មូលដ្ឋាន​ចាប់ពី​ឆ្នាំ​២០២០ គឺ​រដ្ឋបាល​ឃុំ សង្កាត់​នីមួយៗ នឹង​ទទួលបាន​ថវិកា​ប្រមាណ​១២​ម៉ឺន​ដុល្លារ ក្នុងនោះ​ថវិកា​ផ្នែក​អភិវឌ្ឍ​មូលដ្ឋាន មាន​ចំនួន​ជា​មធ្យម​ប្រមាណ​ជាង​៧​ម៉ឺន​ដុល្លារ​។ 
 
​ចំនួន​ថវិកា​សម្រាប់​ឃុំ​សង្កាត់​ឆ្នាំ​២០២០​នេះ គឺ​កើនឡើង​ទ្វេដង​ធៀប​នឹង​ឆ្នាំ​២០១៩ ហើយ​ថវិកា​នេះ នឹង​កើន​ឡើងជា​បន្តបន្ទាប់​រៀ​ង​រាល់​ឆ្នាំ រហូតដល់​ឆ្នាំ​២០២៣ រដ្ឋបាល​ឃុំ សង្កាត់​នីមួយៗ នឹង​ទទួលបាន​ថវិកា​សរុប​ជា​មធ្យម​ចំនួន​ប្រមាណ​១៩​ម៉ឺន​ដុល្លារ​។ ថវិកា​១៩​ម៉ឺន​ដុល្លារ​នេះ ជា​មធ្យម​ប្រមាណ​១៣​ម៉ឺន​ដុល្លារ សម្រាប់​អភិវឌ្ឍ​មូលដ្ឋាន​។ 
 
​យ៉ាងណាក៏ដោយ គ​.​ជ​.​អ​.​ប នៅតែមាន​ភាពយឺតយ៉ាវ និង​មិនទាន់​បានសម្រេច​ផ្ទេរ​មុខងារ​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់លក្ខណៈ​ពេញលេញ​ស្របតាម​គោលការណ៍​វិមជ្ឈការ និង​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់រៀបចំអង្គការ​នៅឡើយ​ទេ​។ នេះ​បើតាម​ការលើកឡើង​រប​ស់ស​ម្ដេច ស ខេង ។ សម្ដេច​បន្តថា ប្រការនេះ បានធ្វើ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅតែ​ពុំទាន់​មាន​តួនាទី សិទ្ធិអំណាច និង​ការទទួលខុសត្រូវ​ច្បាស់លាស់​ក្នុង​ការផ្តល់សេវា​ចាំបាច់​ជា​មូលដ្ឋាន​នានា​ជូន​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ស្របតាម​គោលការណ៍​វិមជ្ឈការ និង​វិសហមជ្ឈការ​របស់​រាជរដ្ឋាភិបាល​។ សម្ដេច​បន្ថែមថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ត្រូវ​ជំរុញ​ការរៀបចំ​ចាប់ពី​ដើមឆ្នាំ ការចុះហត្ថលេខា​លើ​សេចក្ដីសម្រេច​រួម ការបំពេញ​តួនាទី និង​បន្ត​ពិភាក្សា​ជាមួយ​ធនាគារពិភពលោក​ដែលជា​អ្នកគ្រប់គ្រង​ថវិកា​កញ្ជប់​រួម រួមទាំង​ដៃគូ​អភិវឌ្ឍ​ពាក់ព័ន្ធ​នានា​។ 
 
​ក្នុង​កិច្ច​ពិនិត្យ​និង​ពិគ្រោះ​យោបល់ រវាង​មន្ត្រី​បច្ចេកទេស និង​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន និង​អ្នកពាក់ព័ន្ធ​នានា ក្នុងការ​កែសម្រួល​រចនា​សម្ព័ន្ធ​គ្រប់គ្រង​នៅ​ថ្នាក់ក្រុង ស្រុក ខណ្ឌ សម្ដេច ស ខេង បានស្នើ​ឲ្យ​មាន ការពិនិត្យ​និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​លើក​ទី​១៦​របស់ គ​.​ជ​.​អ​.​ប​. និង​របាយការណ៍​វឌ្ឍនភាព នៃ​ការអនុវត្ត​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០១៩ គ​.​ជ​.​អ​.​ប​។ លើសពី​ន​នេះ គឺ​ការពិភាក្សា​និង​អនុម័ត​លើ​សេចក្តីព្រាង​ចំនួន​៣ អនុក្រឹត្យ​ស្តីពី​មុខងារ និង​រចនាសម្ព័ន្ធ​រប​ស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ។ ជាមួយគ្នា​ដែរ ការពិនិត្យ​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការផ្ទេរ​មុខងារ​ក្នុង​វិស័យ​សុខាភិបាល​ទៅឱ្យ​រដ្ឋបាល​រាជធានី ខេត្ត រួមទាំង​សកម្មភាព​សម្រាប់​អនុវត្ត​៕

Tag:
 គ​.​ជ​.​អ​.​ប​
  រចនាសម្ព័ន្ធ​
  ក្រុង ស្រុក ខណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com