អន្តរជាតិ
កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ចិន​-​អាមេរិក​ដំណាក់កាល​ទី​១ អាច​នឹង​ចុះហត្ថលេខា​នៅ​ឆ្នាំក្រោយ​
21, Nov 2019 , 8:39 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​ពិធី​ចុះហត្ថលេខា​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង អាច​ពន្យា​រហូតដល់​ឆ្នាំក្រោយ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកជំនាញ​ពាណិជ្ជកម្ម និង​មនុស្ស​ដែល​ជិតស្និទ្ធ​ជាមួយ​សេត​វិមាន​។ ប៉ុន្តែ​អ្នកជំនាញ​ចិន​មួយចំនួន នៅតែមាន​សុទិដ្ឋិនិយម​ដដែល​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ អាច​សម្រេច​ក្នុងពេល​ឆាប់ៗ​នេះ ។


 
​បើតាម​ការលើកឡើង​កាលពី​ប្រ​ធានា​ធីប​តី​អាមេរិក ដូ​ណា​ល់ ត្រាំ និង រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Steven Mnuchin​កន្លងមក ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ​រវាង​អាមេរិក​-​ចិន អាច​ប្រើពេល​យ៉ាងច្រើន​បំផុត​ត្រឹម ៥​សប្តាហ៍​ប៉ុណ្ណោះ​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ មិនទាន់មាន​ពិធី​ចុះហត្ថលេខា​ណាមួយ​លេចឡើង​នៅឡើយ​ទេ ហើយ​ស្ថានការណ៍​កាន់តែ​ស្មុគស្មាញ​ថែមទៀត​។  
 
​ប្រាប់​អ្នកកាសែត​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា លោក ត្រាំ បាន​លើកឡើងថា លោក​មិន​គិតថា ទីក្រុង​ប៉េកាំង​នឹងធ្វើ​តាម​សំណើ​ចង់បាន​របស់​ភាគី​អាមេរិក​ឡើយ​។ ទន្ទឹមគ្នានេះ លោក​ប្រធានាធិបតី ក៏​ទទួលស្គាល់​ផង​ថា ការដក​ពន្ធ ដែល​បានដាក់​ពីមុន ដើម្បី​ជា​សម្បទាន​សម្រាប់​កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ គឺ​មិនមែនជា​សញ្ញា​ល្អ​ឡើង ប្រសិនបើ​ទីក្រុង​វ៉ាស៊ីនតោន មិន​គិតពី​បញ្ហា​ផ្ទេរ​បច្ចេកវិទ្យា និង​កម្មសិទ្ធិ​បញ្ហា​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​។ 
 
​ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក Liu He ឧបនាយករដ្ឋមន្ត្រី​ចិន និង​អ្នកចរចា​តំណាង​ពាណិជ្ជកម្ម​ចិន នៅតែមាន​សុទិដ្ឋិនិយម លើ​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​១ ដដែល​។ ជាមួយគ្នានេះ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា លោក​បាន​ភាន់ច្រឡំ​លើ​ចំណុច​ទាមទារ​របស់​អាមេរិក​មួយចំនួន តែ​អ្នកតំណាង​ចរចា​ពាណិជ្ជកម្ម​រូបនេះ មិនបាន​បញ្ជាក់​ពី​ចំណុច​ភាន់ច្រឡំ​ច្បាស់លាស់​ឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Bloomberg​។ 
 
​ជាការ​ពិត អាមេរិក នឹង​ដំឡើង​ពន្ធ​លើ​មុខទំនិញ​ចិន​បន្ថែមទៀត ប្រមាណ​ជា ១៥៦​ពាន់​លាន​ដុល្លារ ដែល​គ្រោង​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី ១៥ ខែធ្នូ ខាងមុខ​។ ក្នុង​មុខទំនិញ​នោះ​រួមមាន វត្ថុ​លម្អ​សម្រាប់​បុណ្យ​ណូអែល និង​គ្រឿង​អា​ឡិច​ត្រូ​និ​ច​ជាដើម​។ 
 
​អ្នកជំនាញ​ជាន់ខ្ពស់ មកពី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​យុទ្ធសាស្ត្រ និង​ជា​អតីត​ទីប្រឹក្សា​លោក ត្រាំ និង​លោក George W. Bush បាន​លើកឡើងថា ប្រសិនបើ​ការចរចា​ទទួលលទ្ធផល​ល្អ ការដំឡើង​ពន្ធ​នឹងត្រូវ​ផ្អាក​បណ្តោះអាសន្ន​។ ទន្ទឹមនេះ លោក​បាន​បន្តទៀតថា បើ​ការចរចា​បរាជ័យ អាមេរិក​នឹង​ដំឡើង​ពន្ធ​បន្ថែម ហើយ​ត្រូវ​រងចាំ​រហូតដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ចុះហត្ថលេខា​រហូតដល់​ឆ្នាំក្រោយ​។ យ៉ាងណាក៏ដោយ អ្នកជំនាញ​ចិន​មួយចំនួន​នៅតែ​ជឿថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ នឹង​សម្រេច​នៅ​ចុងឆ្នាំ​២០១៩​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ជាការ​ពិត លោក ត្រាំ និង​សម​ភាគី​ចិន ស៊ី គ្រោង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ ក្នុង អំឡុងពេល​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក​ដែល​ស៊ី​លី​ជា​ម្ចាស់ផ្ទះ​ក្នុង​ខែវិច្ឆិកា​នេះ​។ ប៉ុន្តែ​ស៊ី​លី បានប្រកាស​លុបចោល​កិច្ចប្រជុំ​វិញ ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការចុះហត្ថលេខា​។ ទន្ទឹម​ជាមួយនេះ ការអនុម័ត​ច្បាប់​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ហុងកុង​ពី​សំណាក់​ព្រឹទ្ធសភា​អាមេរិក ក៏​ជា​ឧបសគ្គ​មួយ ក្នុងការ​សម្រេច​កិច្ចព្រមព្រៀង​ខាងលើ​ផងដែរ​៕

Tag:
 ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com