កីឡាជាតិ
ជាតិ
ទើប​បង្កើត​ថ្មី តែ​ក្លិប​សៀមរាប​យូ​ណាយ​ធី​ត មាន​មហិច្ឆតា​ចង់​លេង​លី​គ​កំពូល​
24, Nov 2019 , 7:59 am        
រូបភាព
ដោយ:
​ក្លិប​បាល់ទាត់​ពាក់កណ្តាល​អាជីព​សៀមរាប​យូ​ណាយ​ធី​ត​(Siem Reap United Football Club) ដែល​ទើប​បង្កើត​នៅ​ថ្ងៃទី​១៨ វិច្ឆិកា ឆ្នាំ​២០១៩ បានបង្ហាញ​មហិច្ឆតា​ចង់​ចូល​លេង​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។ បើតាម​លោក លី សេង​ហួរ ស្ថាបនិក​និង​ជា​ម្ចាស់​កីឡដ្ឋាន KDR នៅ​ដើមឆ្នាំ​២០២០​ខាងមុខ លោក នឹង​រៀបចំ​ការប្រកួត​ពានរ​ង្វាន់​យុវជន​អាយុ​ក្រោម​១១​ឆ្នាំ និង​១៣​ឆ្នាំ មុន​ឈានទៅ​បង្កើត​ក្រុមយុវជន​ថ្នាល​(Football Academy)​។

 
 
«​សៀមរាប​យូ​ណាយ​ធី​ត​» ជា​ឈ្មោះ​ក្លិប​បាល់ទាត់​ពាក់កណ្តាល​អាជីព​ថ្មី​មួយ ដែលមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​។ ឈ្មោះ​នេះ​បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅក្នុង​កម្មវិធី​ចុះ​អនុសារណៈ​យោគយល់​គ្នា​រវាង​ក្លិប​បាល់ទាត់​យូ​ណាយ​ធី​ត​ជាមួយ​ក្រុមហ៊ុន​ពីរ​របស់​ម៉ាឡេស៊ី គឺ Bolabros និង Kaki Jersi​។ 
 
​លោក លី សេងហួរ ស្ថាបនិក​ក្លិប និង​កីឡដ្ឋាន KDR បាន​ប្តេជ្ញា​ថា លោក​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អភិវឌ្ឍន៍​ក្លិប​នេះ​ឲ្យ​ឈានទៅរក​កម្រិត​អាជីព ដើម្បី​សម្រេច​មហិច្ឆតា​របស់​ពួកគេ ដែល​ចង់​ចូលរួម​លេង​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។ គោលបំណង​នេះ​អាច​សម្រេចបាន លុះត្រា​ក្លិប​មាន​ដៃ​សហការ​គ្រប់គ្រាន់ ខណៈ​បច្ចុប្បន្ន​ក្លិប​ទើប​បង្កើត​ថ្មី​មួយ​នេះ​កំពុង​ប្រឈម​ជាមួយ​បញ្ហា​នេះ​។ តែ​យ៉ាងណា​លោក​អះអាងថា លោក​នឹង​ខិតខំ​ព្យាយាម​ស្វែងរក​ដៃគូ​សហការ ដើម្បី​សម្រេច​បំណង​មួយ​នេះ​។​


 លោក លី សេងហួរ ប្រធានក្លិបបាល់ទាត់សៀមរាបយូណាយធីតថ្លែងក្នុងពិធីចុះ MOU កាលពីពេលកន្លងទៅ, រូបភាពពីមន្ទីរព័ត៌មានខេត្តសៀមរាប
 
​ការប្រើប្រាស់​ឈ្មោះ​ខេត្តសៀមរាប​ធ្វើជា​ឈ្មោះ​ក្លិប​បាល់ទាត់​នេះ​ត្រូវបាន​លោក លី សេងហួរ រៀបរាប់​ដូច្នេះ​ថា​៖«​មូលហេតុ​ដែល​យើង​ប្រើ​ឈ្មោះ​ថ្មី​នេះ គឺ​យើង​ចង់អោយ​ខេត្តសៀមរាប​របស់​យើង មាន​ក្លិប​បាល់ទាត់​មួយ​ដែល​ថ្មី ដែល​ល្អ ដែល​ត្រឹមត្រូវ ដែល​អាចជួយ​ឲ្យ​ក្មេង​របស់​យើង​សម្រេចបាន​នូវ​សុបិន​របស់​ពួកគេ បន្ថែម​ពីលើ​នេះ ឈ្មោះ​នេះ គឺអាច​ក្តោប និង​លើកស្ទួយ​ឈ្មោះ​ខេត្តសៀមរាប​យើង​ឲ្យ​រឹតតែ​ល្បីល្បាញ​ថែមទៀត​»​។​
 
​ពាក់ព័ន្ធ​គោលបំណង ស្ថាបនិក​វ័យក្មេង​រូបនេះ​បន្ថែមថា ក្លិប​បាល់ទាត់​នេះ​បង្កើតឡើង​ក្នុង​គោលបំណង ដើម្បី​ផ្តល់ឱកាស​ឲ្យ​យុវជន​ក្នុង​ខេត្តសៀមរាប​បានបង្ហាញ និង​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ ដើម្បី​សម្រេច​ក្តី​បំណង ដែល​ចង់​ក្លាយជា​កីឡាករ​អាជីព​នាពេល​អនាគត ក៏ដូចជា​រួមចំណែក​អភិវឌ្ឍ​កីឡាបាល់ទាត់​ក្នុង​ខេត្តសៀមរាប និង​វិស័យ​កីឡាបាល់ទាត់​ជាតិ​ទាំងមូល​។​
 
​ដើម្បី​អភិវឌ្ឍន៍ និង​ពង្រីក​វិសាលភាព​ក្លិប​ឲ្យ​កាន់តែ​ប្រសើរ សៀមរាប​យូ​ណាយ​ធី​ត នឹង​រៀបចំ​ការប្រកួត​ដណ្តើមពាន​រង្វាន់​កម្រិត​យុវជន​អាយុ​ក្រោម​១១​ឆ្នាំ និង​១៣​ឆ្នាំ​នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២០ ខាងមុខ​។ ក្រៅពី​ផ្តល់ឱកាស​ឲ្យ​យុវជន​បានបង្ហាញ​សមត្ថភាព និង​ប្រកួតប្រជែង​ធ្វើជា​បទពិសោធ ការប្រកួត​នេះ គឺជា​ជំហាន​ដំបូង មុន​ឈានទៅ​បង្កើត​ក្រុមយុវជន​ថ្នាល​។  
 
​ក្លិប​សៀមរាប​យូ​ណាយ​ធី​ត នឹង​បង្កើត​ឲ្យ​មាន​ក្រុមបាល់ទាត់​យុវជន​ថ្នាល​របស់ខ្លួន​នៅ​អំឡុង​ខែមីនា ឆ្នាំ​២០២០​។ «​ការអភិវឌ្ឍ​ថ្នាល​នេះ គឺ​ទាមទា​ពេលវេលា​យូរអង្វែង ការប្រើប្រាស់​ធនធាន​ច្រើន ការតស៊ូ​ព្យាយាម និង​ការអត់ធ្មត់​ជាទីបំផុត ប៉ុន្តែ​វា​គឺជា​ចក្ខុវិស័យ​ដ៏​អស្ចារ្យ​ដែល​ពោរពេញ​ដោយ​មហិច្ឆតា​ដ៏​មហិមា​របស់​ក្រុមការងារ​របស់​យើងខ្ញុំ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក លី សេងហួរ ស្ថិ​ប​និក​កីឡដ្ឋាន KDR៕ 


 

Tag:
 បាល់ទាត់​
  សៀមរាប​យូ​ណាយ​ធី​ត​
  លី សេងហួរ​
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com