មហោស្រព​បង្ហើរខ្លែង​ខ្មែរ​លើក​ទី​២៣ នឹង​រៀបចំ​នៅ​ថ្ងៃទី​១១​ធ្នូ នា​ខេត្តកោះកុង​
ជាតិ
មហោស្រព​បង្ហើរខ្លែង​ខ្មែរ​លើក​ទី​២៣ នឹង​រៀបចំ​នៅ​ថ្ងៃទី​១១​ធ្នូ នា​ខេត្តកោះកុង​
24, Nov 2019 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​រៀបចំ​មហោស្រព​បង្ហើរខ្លែង​ខ្មែរ​លើក​ទី​២៣ ឆ្នាំ​២០១៩​នេះ នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ នាទី​ធ្លា​បាល់ទាត់​ទល់មុខ​សាលាខេត្ត​កោះកុង ខេត្តកោះកុង​។ នេះ​បើតាម​សេចក្ដីណែនាំ​ស្ដីពី ការរៀបចំ​មហោស្រព​បង្ហើរខ្លែង​ខ្មែរ ដែល​ចេញ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

 
​បើតាម​សេចក្ដីណែនាំ​ដដែល មន្ទីរ​វប្បធម៌​តាម​បណ្តា​រាជធានី​-​ខេត្ត ត្រូវ​សម្រិតសម្រាំង​បេក្ខជន​ដែលមាន​ទេពកោសល្យ​ផលិត​«​ខ្លែង​មាន​លក្ខណៈ​វិចិត្រកម្ម​» សម្រាប់​ការចូលរួម​ក្នុង​វិញ្ញាសា​មហោស្រព​បង្ហើរខ្លែង​ខ្មែរ​នេះ​។ ខ្លែង​ត្រូវមាន​បណ្ដោយ​ស្លាប​ប្រវែង​២​ម៉ែត្រ ដល់​២.២០​ម៉ែត្រ ពាស​ដោយ​ក្រដាស​យ៉ាង​ល្អ​ស្អាត និង​មាន​គូររូប​តំណាងឱ្យ​រាជធានី​-​ខេត្ត តាម​រចនាបថ​ខ្មែរ និង​ត្រូវ​តាម​ខ្នាត​ដែល​បានកំណត់​។ នេះ​ជាការ​បញ្ជាក់​ក្នុង​សេចក្តីណែនាំ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ 
 
​វិញ្ញាសា​មហោស្រព​បង្ហើរខ្លែង​ខ្មែរ មាន​ពីរ គឺ​វិញ្ញាសា​ខ្លែងឯក ឬ​ខ្លែង​ព្នង ដែល​សម្រាប់តែ​បេក្ខជន​មកពី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​-​ខេត្ត ដែល​ខ្លែង​នីមួយៗ​ត្រូវមាន​សំឡេង​ឯក​ពីរោះ​រណ្ដំ សោភ័ណ​ភាពល្អ (​វិចិត្រកម្ម​) និង​បង្ហើរ​ឡើង និង​ដាក់ចុះ​បានល្អ​។ ចំណែក​វិញ្ញាសា​មួយទៀត គឺ​វិញ្ញាសា​ខ្លែង​ច្នៃប្រឌិត​ផ្សេងៗ ដែល​សម្រាប់តែ​បេក្ខជនស្វៃរិន ប៉ុណ្ណោះ​។ សម្រាប់​លក្ខណៈវិនិច្ឆ័យ​ក្នុង​វិញ្ញាសា​នេះ ខ្លែង​ច្នៃប្រឌិត មាន​ទម្រង់​និង​បច្ចេកទេស​ផលិត​ល្អ សោភ័ណ​ភាពល្អ (​វិចិត្រកម្ម​) បង្ហើរ​ឡើង និង​ដាក់ចុះ​បានល្អ​។​


 
​ខ្លែងឯក ឬ​ខ្លែង​ព្នង របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​-​ខេត្ត នឹងត្រូវ​ទទួលបាន​ចំណាត់ថ្នាក់​លេខ ១ ដល់​លេខ​៣ ប្រចាំឆ្នាំ​២០១៩ ដូចគ្នា​នឹង​ខ្លែង​ច្នៃប្រឌិត​របស់​បេក្ខជនស្វៃរិន ដែរ ដែល​ត្រូវ​ទទួលបាន​ចំណាត់ថ្នាក់ ដូច​ក្របខណ្ឌ​មន្ទីរ​ដែរ​។​
 
​ក្រសួង​នឹង​ជួយឧបត្ថម្ភ​ថ្លៃ​អាហារ និង​ការ​ស្នាក់នៅ​ចំនួន​២​ថ្ងៃ សម្រាប់​បេក្ខជន​តែ​៣​នាក់​ប៉ុណ្ណោះ មកពី​ក្របខណ្ឌ​រាជធានី​-​ខេត្ត​នីមួយៗ​។ ចំណែក​បេក្ខជនស្វៃរិន ត្រូវ​រ៉ាប់រង​ការចំណាយ​ដោយ​ខ្លួនឯង​។ បេក្ខជន​-​បេ​ក្ខ​នារី ដែល​ធ្លាប់​ទទួលបាន​ជ័យលាភី​លេខ​១ នៃ​ខ្លែង​គ្រប់​ប្រភេទ ក្នុង​មហោស្រព​កន្លងមក ពុំ​អាច​ចូលរួម​ប្រកួត​បានឡើយ​។ 
 
​មហោស្រព​បង្ហើរខ្លែង​ខ្មែរ ចាប់​ទទួល​ពាក្យ​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៩​។ បេក្ខជន​-​បេ​ក្ខ​នារី ត្រូវបំពេញ​ពាក្យស្នើសុំ​ចូលរួម​ប្រឡង ដូច​មាន​គំរូ​ភ្ជាប់​មកជា​មួយ ឬ​អាច​ទាញយក​ពាក្យសុំ​ចូលរួម​ប្រឡង តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែលមាន​អាសយដ្ឋាន www.facebook.com/docd.gov.kh រួច​ផ្ញើ​ទៅ​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ ដែល​ស្ថិតនៅ​ទល់មុខ​វិមាន​រដ្ឋសភា សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឬ​ផ្ញើ​ទៅ​អ៊ីមែល [email protected] ។ 
 
​សម្រាប់​បេក្ខជន​-​បេ​ក្ខ​នារី​ស្វៃរិន (​សិស្ស និស្សិត បញ្ញវន្ត និង​ប្រជាពលរដ្ឋ​ទូទាំង​រាជធានី​-​ខេត្ត​) ត្រូវ​ទៅ​ទទួល​ពាក្យ​សុំចូល​ប្រឡង និង​ដាក់ពាក្យ​ដោយផ្ទាល់ នៅ​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ ។​
 
 


 

Tag:
 ខ្លែង​ខ្មែរ​
  មហោស្រព​
 ​កោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com