អន្តរជាតិ
លោក ត្រាំ អាច​មិន​ចុះហត្ថលេខា​លើ​សេចក្ដីស្នើច្បាប់​ហុងកុង
23, Nov 2019 , 8:39 pm        
រូបភាព
​សេចក្ដីស្នើច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​នៅ​ហុងកុង​ដែល​ត្រូវបាន​សភា​អាមេរិក​ទាំងពីរ​អនុម័ត​ដោយ​សំឡេង​លើសលប់ បាន​ទៅដល់​សេត​វិមាន​ហើយ ដើម្បី​រង់ចាំ​ការចុះហត្ថលេខា​ដោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មុននឹង​ក្លាយជា​ច្បាប់​ដើម្បី​អនុវត្ត​។ ប៉ុន្តែ​លោក ត្រាំ មិនទាន់​និយាយ​យ៉ាងណា​លើ​សេចក្ដីស្នើ​នេះឡើយ ដ្បិត​វា​អាច​ប៉ះពាល់​ដល់​ការប្រឹងប្រែង​របស់​រដ្ឋ​បាល​លោក​ក្នុង​ការចរចា​ជាមួយ​ប៉េកាំង​ដើម្បី​ឈានទៅ​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​។

 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​មិនទាន់​ផ្ដល់​ចម្លើយ​ជាក់លាក់​ណាមួយ​លើ​សេចក្ដីស្នើច្បាប់​ស្ដីពី​ហុងកុង​ដែល​ត្រូវបាន​សភា​ទាំងពីរ​អនុម័ត​រួចរាល់​ហើយ​។ សេចក្ដីស្នើច្បាប់​នេះ ទៅដល់​តុ​របស់លោក​រួចហើយ និង​រង់ចាំ​ដែល​ការចុះហត្ថលេខា​ដោយ​លោក ត្រាំ មួយ​ដំណាក់​ទៀត ទើប​ក្លាយជា​ច្បាប់​តែម្ដង​។ ទីក្រុង​ប៉េកាំង បាន​រិះគន់​សេចក្ដីស្នើច្បាប់​នេះ ដោយ​ចាត់ទុកជា​ការជ្រៀតជ្រែក​មក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​។ 
 
​ទន្ទឹម​ការរិះគន់ ប៉េកាំង​ក៏​ព្រមាន​ចាត់វិធានការ​តប​វិញ បើ​សេចក្ដីស្នើច្បាប់​នេះ​ចូល​ជា​ធរមាន​នោះ​។ សព្វថ្ងៃ លោក ត្រាំ កំពុង​ថ្លឹងថ្លែង​ពី​ផលវិបាក​នានា​រវាង​ជម្រើស​ពីរ គឺ​ត្រូវ​ចុះហត្ថលេខា​ដើម្បី​ឲ្យ​សេចក្ដីស្នើ​នេះ​ក្លាយជា​ច្បាប់​តាម​ការចង់បាន​របស់​ស្ថាប័ន​នីតិបញ្ញតិ​ទាំងពីរ ឬក៏​ត្រូវ​ទុកចោល​ដើម្បី​ថែទាំ​បរិយាកាស​ចរចា​ជាមួយ​ចិន​រឿង​សង្គ្រាម​ពាណិជ្ជកម្ម​ជិត​ពីរ​ឆ្នាំ​មកនេះ​។ 
 
​ឆ្លើយ​នឹង​សំណួរ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ Fox News ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា (​ម៉ោង​នៅ​អាមេរិក​) ថា លោក​អាច​វ៉េតូ​សេចក្ដីស្នើច្បាប់​នេះ​ឬ​យ៉ាងណា ប្រធានាធិបតី​អាមេរិក​រូបនេះ​បានផ្ដល់​ចម្លើយ​បែប​ពង្វាង​។ លោក ត្រាំ និយាយថា​៖ «​ខ្ញុំ​ប្រាប់​អ្នក​ថា យើង​ត្រូវ​ឈរ​នៅ​ជាមួយ​ហុងកុង ប៉ុន្តែ​ខ្ញុំ​ក៏​ឈរ​ជាមួយ​ប្រធានាធិបតី ស៊ី ជិន​ភីង ដែរ​។ គាត់​ជា​មិត្តភក្តិ​របស់ខ្ញុំ និង​ជាម​នុស្ស​អស្ចារ្យ​។ ខ្ញុំ​ចង់​ឲ្យ​ពួកគេ​ដោះស្រាយ​បញ្ហា​ខ្លួនឯង​»​។​
 
​ពី​រឿង​ហុងកុង​នេះ លោក ត្រាំ ក៏​ឆ្លៀត​និយាយ​ពី​គុណសម្បត្តិ​របស់លោក​ទៀត​ថា បាតុកម្ម​នៅ​ទីក្រុង​នេះ អាច​នឹងត្រូវ​កម្ទេច​ត្រឹម​១៤​នាទី​ប៉ុណ្ណោះ បើ​លោក​មិន​ប្រាប់​ឲ្យ​លោក ស៊ី កុំ​បញ្ជូន​ទ័ព​ចូល​ទេនោះ​។ មេដឹកនាំ​រូបនេះ​ប្រាប់​ទូរទស្សន៍​អាមេរិក​ដដែល​ថា ចិន​មាន​កងទ័ព​ត្រៀម​ជាស្រេច​នៅក្រៅ​ហុងកុង ប៉ុន្តែ​មិន​ឈាន​ជើង​ចូល​ទីក្រុង​នេះឡើយ ដោយ​លោក​ប្រាប់​មេដឹកនាំ​ចិន​ថា វា​ជា​កំហុស​ដ៏​ធំ​មួយ ហើយ​ប៉ះពាល់​ការចរចា​ផ្នែក​ពាណិជ្ជកម្ម​ទៀតផង​៕
 

Tag:
 អាមេរិក​
  ចិន​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com