ជាតិ
រដ្ឋបាល​ក្រុង​សៀមរាប នឹង​ចាប់​ផ្តើមធ្វើ​ផ្លូវ​៤៥​ខ្សែ
23, Nov 2019 , 9:59 pm        
រូបភាព
​សៀមរាប​៖ រដ្ឋបាល​ក្រុង​សៀមរាប នឹង​ចាប់​ផ្តើមធ្វើ​ផ្លូវ​ចំនួន​៤៥​ខ្សែ ដែលជា​គម្រោង​ក្នុង​ឆ្នាំ​២០១៩ បន្ទាប់ពី​ត្រូវបាន​ពន្យារពេល​ដោយសារ​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ឆ្នាំនេះ​។ អភិបាលក្រុង​សៀមរាប​លោក នួន ពុទ្ធា​រ៉ា បានឱ្យដឹងថា អាជ្ញាធរ​នឹង​សាងសង់​ផ្លូវ​ទាំងនោះ​ជា​បន្តបន្ទាប់ ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ និង​លើក​សោភ័ណភាព​ក្រុង​សៀមរាប​ទាំងមូល​។​

 
​អភិបាលក្រុង​សៀមរាប លោក នួន ពុទ្ធា​រ៉ា បាន​សុំ​ការយោគយល់​ពី​បញ្ហា​ផ្លូវថ្នល់ ដែល​នៅ​តំបន់​ខ្លះ​មាន​ភាពលំបាក​ក្នុងការ​ធ្វើដំណើរ​។ លោក​បកស្រាយ​ថា គម្រោង​ផ្លូវ​ជាច្រើន​ខ្សែ សុទ្ធសឹង​មាន​ផែនការ​សាងសង់​ថ្មី​ហើយ តែ​ត្រូវ​រាំងស្ទះ​ឬ​ពន្យារ​ពេលធ្វើ​ដោយសារ​បញ្ហា​អាកាសធាតុ​។​
 
​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី គេហទំព័រ​និង​កម្មវិធី​ទូរ​សព្ទ​វៃឆ្លាត​ទេសចរណ៍​ក្នុងស្រុក និង​ការអនុវត្ត​ការចុះបញ្ជី​ស្នាក់នៅ​ទេសចរណ៍​អន​ឡាញ​សម្រាប់​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ លោក នួន ពុទ្ធា​រ៉ា លើកឡើងថា​៖«​សុំឱ្យ​ប្រជាពលរដ្ឋ​យោគយល់​ពី​បញ្ហា​ផ្លូវថ្នល់​នៅ​ក្រុង​សៀមរាប ដោយសារ​នីតិវិធី​នៃ​ការរៀបចំ​ច្រើន ដោយ​ត្រូវ​ការរៀបចំ​ផែនការ​ហិរញ្ញវត្ថុ​ផង ផែនការ​លទ្ធកម្ម​ផង ត្រូវធ្វើ​ដាក់​ទៅ​ក្រសួង​សេដ្ឋកិច្ច ហើយ​ត្រឡប់មកវិញ​ត្រូវ​រៀបចំ​ផែនការ​លទ្ធកម្ម​សាធារណៈ​...​នីតិវិធី​យើង​រៀបចំ​រួចរាល់ រដូវភ្លៀង​ក៏បាន​មកដល់ ធ្វើឱ្យ​យើង​ខកខាន​ក្នុងការ​ចាប់ផ្តើម​ស្ថាបនា​...»​។ គួរ​បញជាក់ថា សិក្ខា​ផ្សព្វផ្សាយ​ខាងលើនេះ ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួងទេសចរណ៍ កាលពីដើម​ខែវិច្ឆិកា​។​
 
​លោក​អភិបាលក្រុង​បន្តថា នៅ​ឆ្នាំ​២០១៩​នេះ ផ្លូវ​ចំនួន​៤៥​ខ្សែ​នេះ​ស្ថិតក្រោម​គម្រោង​ថវិកា​របស់​រដ្ឋបាលខេត្ត ដោយ​មិន​រាប់បញ្ចូល​ផ្លូវ​ក្នុង​គម្រោង​ដែល​ជួយ​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឡើយ​។  រដ្ឋបាល​ក្រុង​បាន​ចុះ​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ និង​បាន​ដោះស្រាយ​ផលប៉ះពាល់ ហើយនឹង​អនុវត្តន៍​ធ្វើ​នៅពេល​ភ្លៀង​រាំងជា​ស្ថាពរ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក នួន ពុទ្ធា​រ៉ា ទៅកាន់​អ្នកចូលរួម​សិក្ខាសាលា​ប្រមាណ​៥០០​នាក់​។ យ៉ាងណាមិញ លោក នួន ពុទ្ធា​រ៉ា មិនទាន់​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​ក្នុងការ​ស្ថាបនា​ផ្លូវ​ទាំង​៤៥​ខ្សែ ថា​អាច​នឹង​រួចរាល់​នៅពេលណា​នោះទេ​។ 
 
​នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប លោក សុខ ថុល បានឱ្យដឹងថា ខេត្ត​មាន​ថវិកា​នៅក្នុង​ដៃ​ហើយ​សម្រាប់​គម្រោង​ស្ថាបនា​ផ្លូវ​ចំនួន​១៧​ខ្សែ ក្នុងចំណោម​៤៥​ខ្សែ ដែល​នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃទី​២៣ វិ​ច្ឆ​កា​។ ថ្ងៃទី​២៣ អភិបាលខេត្ត លោក ទៀ សីហា នឹង​ធ្វើជា​អធិបតីភាព បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ចំនួន​៣​ខ្សែ (២​ខ្សែ​ក្នុង​សង្កាត់​សាលា​កំរើក និង​១​ខ្សែ​ក្នុង​សង្កាត់​ស្លរ​ក្រាម​) ក្នុងចំណោម​១៧​ខ្សែ ដែល​នឹងត្រូវ​សាងសង់​ជា​ផ្លូវ​បេតុង និង​ដាក់លូ​បង្ហូរទឹក​ចេញពី​ក្រុង​។ លោក សុខ ថុល មិនអាច​បញ្ជាក់​ពី​ទំហំ​ទឹកប្រាក់​ក្នុងការ​សាងសង់​ផ្លូវ​ទាំង​១៧​ខ្សែ​នោះទេ គ្រាន់តែ​ថា​ផ្លូវ​ទាំងនោះ​មាន​ទំហំ​ទទឹង​ចាប់ពី​៦​ម៉ែត្រ​ទៅ​១១​ម៉ែត្រ ដែលជា​ប្រភេទ​ផ្លូវ​បេតុង និង​ចាក់​កៅស៊ូ​។ លោក​បញ្ជាក់ថា គម្រោង​ថវិកា​សាងសង់​ផ្លូវ​គឺមាន​ទំហំ​ច្រើន ត្រូវ​ការចាយ​ពេល​យូរ និង​ឆ្លងកាត់​នីតិវិធី​ស្មុគស្មាញ​៕
 
 

Tag:
 ផ្លូវ​
 ​សៀមរាប​
 ​នួន ពុទ្ធា​រ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com