ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បៈ​អារ​ស្ពាន់​ដោយ​ដៃ​ដ៏​កម្រ​របស់លោក ឈឹម សុវណ្ណ​វិបុល ទីផ្សារ​មិនទាន់​ទូលាយ​
24, Nov 2019 , 12:59 pm        
រូបភាព
​ភ្នំពេញ​៖ សិល្បៈ​អារ​ស្ពាន់​ដោយ​ដៃ​ដ៏​កម្រ ធ្វើជា​រូប​ព្រះពុទ្ធ​បដិមា រូប​តួអង្គ​ក្នុង​រឿង​រាមកេរ្តិ៍ សម្រាប់​តាំង​លម្អ​ក្នុងផ្ទះ និង​រូប​ជាច្រើន​ទៀត​ធ្វើជា​បណ្ដោង​សោ នៅ​មិនទាន់មាន​ទីផ្សារ​ទូលំទូលាយ​នៅឡើយ​។ លោក ឈឹម សុវណ្ណ​វិបុល គឺជា​សិល្បករ​អារ​ស្ពាន់​ដោយ​ដៃ​មួយរូប ដែល​មិន​ជ្រើសរើស​ការ​អារ​ស្ពាន់​ដោយ​ម៉ាស៊ីន​។ ការ​ខំ​ផ្ចិត​ផ្ដ​ង់​អារ​ស្ពាន់​ដោយ​ដៃ វា​បាន​ផ្សារភ្ជាប់​ក្ដី​ស្រឡាញ់​ទៅ​របស់​ទាំងនោះ នេះ​ជា​អ្វីដែល​លោក សុវណ្ណ​វិបុល យល់ថា​មានន័យ​សម្រាប់​ជីវិត​របស់លោក​។


 
ដើម្បី​ដឹង​ច្បាស់​ពី​ដំណើរការ នៃ​កិច្ចការ​សិល្បៈ​អារ​ស្ពាន់ តទៅ​នេះ​សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
«​ធ្វើការ​នេះ​១០​ឆ្នាំ​មិនមែន​ស្រួល​ទេ​។ បើ​ការងារ​ច្រើន​ពិតប្រាកដ​មែន មិនមែន​នៅផ្ទះ​ជួល​គេ​ទេ​។ សូម្បីតែ​រាល់ថ្ងៃនេះ ក៏​នៅ​ដាច់​លុយ​ដែរ​។ ជីវភាព​ត្រូវ​ពឹង​លើ​បងប្អូន​គាំទ្រ​ហ្នឹង បញ្ជា​ទិញ​ច្រើន​»​។ នេះ​ជា​អ្វីដែល​លោក ឈឹម សុវណ្ណ​វិបុល ត្អូញត្អែរ​ពី​ជីវភាព​ខ្លួន​។​
 
​ត្រូវ​គូររូប​ដោយ​ដៃ បន្ទាប់មក​យក​រូបនោះ ទៅ​បិទ​លើ​សន្លឹក​ស្ពាន់ ទុក​ប្រហែល​១០​នាទី ទើប​អាច​យក​ប៊ិច​ក្រហម​ទៅ​ដាន​លើ​រូប ដែល​បាន​គូរ​ដោយ​ខ្មៅ​ដៃ​ស្រាប់​នោះ ដើម្បី​ឱ្យមាន​ពណ៌​ច្បាស់​ងាយស្រួល​អារ​។ សម្ភារ​អារ​ស្ពាន់​របស់លោក សុវណ្ណ​វិបុល មាន​ត្រឹមតែ​តុ​ទំហំ​ប្រហែល​ជិត​២​ម៉ែត្រការ៉េ​១ ញញួរ​តូច​១ ប៊ិច​ក្រហម​១ ខ្មៅ​ដៃ​១ ដែក​ចោះ​១ ដង​រណារ​១ ផ្លែ​រណារ​ក្រដាស និង​ស្ពាន់​តែប៉ុណ្ណោះ​។ ជាការ​ពិត កិច្ចការ​អារ​ស្ពាន់​នេះ  ពិតជា​មិន​ងាយស្រួល​ឡើយ​។ រូប​កាន់តែ​តូច ក្បាច់​កាន់តែ​លំអិត ហើយ​ការ​អារ រឹតតែ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ថែមទៀត ព្រោះ​ប្រសិនបើ​មាន​កំហុស សូម្បីតែ​តិចតួច រូប​មួយ​ផ្ទាំង​នោះ នឹងត្រូវ​ឥត​ការ​ជាមិនខាន​។  


 
​ការងារ​លំបាក ត្រូវការ​ពេល​យូរ​ទម្រាំ​ធ្វើបាន​មួយៗ ទីផ្សារ​ក៏​មិន​ទូលាយ ប៉ុន្តែ​លោក  វិបុល នៅតែ​គាប់​ចិត្តនឹង​កិច្ចការ​នេះ​។ អង្គុយ​លើ​កៅអី​នៅ​ចំពោះមុខ​តុ​៤​ជ្រុង ដែលមាន​កាត់​ចន្លោះ​ប្រវែង​ប្រហែល​មួយ​ថ្នាំងដៃ ដើម្បី​ទុកចន្លោះ​ដាក់​រណារ​អារ​ស្ពាន់ លោក ឈឹម សុវណ្ណ​វិបុល សម្រេចចិត្ត​ចាប់យក​ជំនាញ​អារ​ស្ពាន់ ព្រោះតែ​លោក​ចប់​ថែរក្សា​ក្បាច់​ខ្មែរ ក្នុង​ទម្រង់​មួយ​ដែល​មិនសូវមាន​អ្នក​ចាប់អារម្មណ៍​ធ្វើ​៖«​ខ្ញុំ​ចង់​ធ្វើ​អ្វីដែល​ប្លែក ម្យ៉ាង​ខ្ញុំ​ស្រឡាញ់​ក្បាច់​ខ្មែរ​។ ដំបូង​ឡើយ បញ្ហា​ធំ​បំផុត​គឺ​ទីផ្សារ ប៉ុន្តែ​បច្ចុប្បន្ន​មិនសូវ​បញ្ហា​ទេ​»​។​
 
​ទុក​ម៉ូដ​សក់ និង​ពុកមាត់​ដូច​សម័យបុរាណ ហើយ​ពាក់អាវ​សម័យ​បច្ចុប្បន្ន​ពណ៌​ផ្ទៃមេឃ កាត់​ជាក​មូល បុរស​ដែលមាន​ស្រុកកំណើត​នៅ​ភ្នំពេញ​រូបនេះ ផលិត​រូប​ស្ពាន់ តែ​ពេលដែល​អតិថិជន​បញ្ជា​ទិញ​តែប៉ុណ្ណោះ មានន័យថា លោក​មិន​ធ្វើ​រូប​ទុក​ឡើយ ព្រោះ​ខ្លាច​រូប​លក់​មិន​ចេញ​ខាតដើម​៖«​អតិថិជន​មិនសូវ​ប្រញាប់​ទេ​។ ធម្មតា​ខ្ញុំ​បាន​ពិភាក្សា​តម្លៃ​ជាមួយ​អតិថិជន​រួចហើយ មុននឹង​ធ្វើ​រូប ហើយ​អតិថិជន​គាត់​មិនបាន​ត្អូញ​ថា​ថ្លៃ​ទេ គឺ​យើង​ពេញចិត្ត​តម្លៃ​រៀងខ្លួន​»​។​
 
​សម្រាប់​តម្លៃ​អាស្រ័យ​ទៅតាម​ទំហំ​រូប ក៏ដូចជា​ក្បាច់​ដែលមាន​នៅលើ​រូប​ច្រើន​ឬក៏​តិច ហើយ​លោក វិបុល ប្រាប់​ដូច្នេះ​៖«​រូប​ធំ ព្រះ​ពុទ្ធរូប​៣០០​ដុល្លារ ទាំង​អំពូល​ភ្លើង និង​ទាំង​ស៊ុម​។ បើ​រូប​តូចៗ ដូចជា​រូប​ហនុមាន ៤​ម៉ឺន​រៀល រូប​ជ្រូក ៣​ម៉ឺន​រៀល រូប​នាគ ៣​ម៉ឺន​រៀល​»​។​
 
​ឆ្លើយឆ្លង​នឹង​ខ្ញុំ​ដោយ​ដៃ​កាន់​រណារ​តែ​គ្មាន​ចលនា បុរស​កូនពៅ ក្នុងចំណោម​បងប្អូន​៥​នាក់​រូបនេះ ត្រូវ​ផ្ចិតផ្ចង់​បំផុត​ទៅលើ​ការងារ​របស់ខ្លួន​។ បើ​ពុំ​ដូច​នោះទេ លោក​អាច​អារ​ខុស​គោលដៅ ហើយ​បើដូច្នោះ​មែន រូប​មួយ​ផ្ទាំង​នោះ​នឹង​ខូច ហើយ​មានតែ​ផ្លូវ​បោះបង់ចោល​តែ​ម្យ៉ាង​។ អារម្មណ៍ល្អ និង​ស្ងប់ស្ងាត់ ជា​អ្វីដែល​អ្នក​អារ​ស្ពាន់ វ័យ​៣៧​ឆ្នាំ​រូបនេះ ត្រូវការ​បំផុត ដើម្បីឱ្យ​ប្រាកដថា ការងារ​របស់ខ្លួន​ល្អឥតខ្ចោះ​៖«​បើ​ចូល​អារ​គឺ​គិតតែ​អារ​តែម្ដង បើ​អារម្មណ៍មិនល្អ មិន​ចូល​អារ​ទេ​។ ពេល​អារម្មណ៍មិនល្អ ខ្ញុំ​ចុះទៅ​ស្រាវជ្រាវ​ក្បាច់ នៅតាម​វត្ត​នៅ​ខេត្ត​។ ខ្ញុំ​ស្រាវជ្រាវ​ជា​របៀប​ផ្សងព្រេង ឃើញ​វត្ត​បុរាណ​ត្រង់ណា ខ្ញុំ​ក៏​ចូល​ត្រង់នោះ​»​។​
 
​បុរស​ដែលមាន​ម្ដាយ​វ័យ​៨០​ឆ្នាំ​រូបនេះ ទើបតែ​ចេញ​បាន ៣​ម៉ូដ​តែប៉ុណ្ណោះ សម្រាប់​រូប​ជា​បន្តោង​សោ ព្រោះ​លោក​រវល់​ផលិត​រូប​ធំ​៖«​មាន​បន្តោង​រូប​នាគ រូប​ហនុមាន និង​រូប​ជ្រូក​។ ខ្ញុំ​មិនសូវ​បានធ្វើ​រូប​តូច​ទេ ព្រោះ​ខ្ញុំ​ជាប់​ធ្វើ​រូប​ធំ​។ ធម្មតា គេ​បញ្ជា​ទិញ​រូប​តូច ច្រើនជាង​រូប​ធំ​»​។​
 
​កន្លែង​អង្គុយ​អារ​ស្ពាន់​នៅ​ចំ​មាត់ទ្វារ​ចូល ព្រោះ​វា​អំណោយផល​ពន្លឺ​ធម្មជាតិ​ដល់ លោក វិបុល ហើយ​សិល្បករ​អារ​ស្ពាន់​រូបនេះ មិន​ជ្រើសរើស​អារ​ស្ពាន់ ដោយ​ម៉ាស៊ីន​ក៏​ព្រោះ​៖«​អារ​ដោយ​ដៃ​មានការ​បត់បែន និង​រស់​រវើក​ជាង​ម៉ាស៊ីន​»​។​


រូប​ផ្ដល់​ឱ្យ​ដោយ​លោក ឈឹម សុវណ្ណ​វិបុល ម្ចាស់​ស្នាដៃ​
 
​ជួល​ផ្ទះ​នៅក្រោយ​ស្ថានទូត​ជប៉ុន ដែលមាន​ទទឹង​៤​ម៉ែត្រ និង​បណ្ដោយ​ប្រហែល​៣០​ម៉ែត្រ​តម្លៃ​៦០​ដុល្លារ​អាមេរិក អ្នក​ស្រឡាញ់​ក្បាច់បុរាណ​ខ្មែរ​រូបនេះ ប្រាប់​ពី​ដើមហេតុ​ដំបូង នៃ​ការចាប់ផ្ដើម​ការងារ​អា​រ​ស្ពាន់​៖«​ខ្ញុំ​ស្គាល់​បងប្រុស​ម្នាក់ គាត់​ផ្ចុងផ្ដើម​ឱ្យ​ខ្ញុំ​រៀន​គំនូរ​។ គាត់​ឱ្យ​ខ្ញុំ​ធ្វើការ​កន្លែង​គាត់​ផង និង​ឱ្យទៅ​រៀន​គំនូរ​ផង​។ ឆ្នាំ​២០០៩ ខ្ញុំ​បែកគំនិត​អារ​ស្ពាន់ ហើយ​បងប្រុស​នោះ​ក៏​គាត់​គាំទ្រ​ស្នាដៃ​នេះដែរ​។ ធ្វើ​យូរ​ទៅ​ខ្ញុំ​កាន់តែ​ស្រឡាញ់​ការងារ​នេះ​»​។​
 
​ធ្លាប់​បោះបង់ចោល​ច្រើនលើក ព្រោះតែ​កត្តា​ទីផ្សារ លោក ឈឹម សុវណ្ណ​វិបុល កាន់តែ​រកឃើញ​ខ្លួនឯង បន្ទាប់ពី​សាកល្បង​ធ្វើ​ការងារ​ផ្សេង​ជាច្រើន មិន​ទទួលបាន​ផ្លែផ្កា និង​ធ្វើឱ្យ​ជីវិត​មានន័យ​ដូចជា​ការងារ​សិល្បៈ​អារ​ស្ពាន់​នេះ​៖«​ការ​អារ​ស្ពាន់​នេះ មិនមែន​ធ្វើ​គ្រាន់តែ​កំដរ​រស់​ទេ គឺ​ធ្វើ​មួយៗ​ចេញពី​ក្ដី​ស្រឡាញ់​ពិតតែ​ម្ដង​។ ខ្ញុំ​ស្រឡាញ់ តាំងពី​ឃើញ​ក្បាច់​ឆ្លាក់​នៅតាម​វត្ត​ម្ល៉េះ​។ ដូនតា​ធ្វើ​មក​មួយៗ​ចេញពី​ក្ដី​ស្រឡាញ់ បន្សល់​ទុកឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​។​ខ្ញុំ​ក៏​ដូចគ្នា​ដែរ​»​។​
 
​ទោះជា​យ៉ាងណា​លោក វិបុល ចង់​ចែករំលែក​ចំណេះ​របស់ខ្លួន​ដោយ​មិន​គិតថ្លៃ ដល់​អ្នក​ដែលមាន​ចង់​រៀន​ជំនាញ​អារ​ស្ពាន់​ពី​លោក​៖«​ខ្ញុំ​ចង់បាន​សិស្ស​ដែរ​។ ខ្ញុំ​ចង់​ចែករំលែក​ដល់​អ្នក​ដែល​ចង់​រៀន​ជំនាញ​នេះ ដោយ​មិន​គិតថ្លៃ​ទេ​។ ទៅមុខ​ខ្ញុំ​ចង់​បើក​ជា​ហាង​លក់ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ព្យាយាម​ខ្លាំង​ទៀត​»៕
 

Tag:
 សិល្បៈ​
  ស្ពាន់​
  អារ​ស្ពាន់​
  ឈឹម សុវណ្ណ​វិបុល​
  ទីផ្សារ​
  ពុទ្ធបដិមា​
  ហនុមាន​
© រក្សាសិទ្ធិដោយ thmeythmey.com