ជាតិ
មន្ទីរពេទ្យ​កុមារ​អង្គរ នៅ​ខ្វះ​ថវិកា​ប្រមាណ​៤០​ម៉ឺន​ដុល្លារ​ទៀត សម្រាប់​ចំណាយ​ក្នុង​ឆ្នាំ​២០១៩
24, Nov 2019 , 8:39 pm        
រូបភាព
​សៀមរាប​៖ មន្ទីរពេទ្យ​កុមារ​អង្គរ ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា​មន្ទីរពេទ្យ​ដែល​ទទួល​ព្យាបាល​កុមារ​ក្រីក្រ​ដោយ​ឥតគិតថ្លៃ ព្យាបាល​ដោយ​ការយកចិត្តទុកដាក់ និង​មាន​គុណភាព​។ មន្ទីរពេទ្យ​នេះ​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ទ្រទ្រង់​សុខភាព​កុមារ​កម្ពុជា ពិសេស​នៅ​តំបន់​ជុំវិញ​ខេត្តសៀមរាប​។ នៅ​ឆ្នាំ​២០១៩ មន្ទីរពេទ្យ​នេះ​នៅ​ខ្វះ​ថវិកា​ប្រមាណ​៤០​ម៉ឺន​ដុល្លារ​ទៀត ដើម្បី​បង្គ្រប់​ការចំណាយ​ប្រចាំឆ្នាំ​របស់ខ្លួន​។​

 
​លោក ឈុំ ឆេង​ហេង ប្រធាន​ផ្នែក​រៃអង្គាស​មូលនិធិ​ក្នុងស្រុក​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​បានឱ្យដឹងថា គិត​ត្រឹម​ចុងខែ វិច្ឆិកា​នេះ មន្ទីរពេទ្យ​កុមារ​អង្គរ​នៅមាន​តម្រូវការ​ថវិកា​ប្រមាណ​៤០​ម៉ឺន​ដុល្លារ​ទៀត ដើម្បី​បង្គ្រប់​ការចំណាយ​ផ្សេងៗ​សម្រាប់​ឆ្នាំ​២០១៩ ដែលមាន​ចំនួន ៦,៥​លាន​ដុល្លារ​អាមេរិក​។ លោក ឆេង​ហេង មើលឃើញថា ចរន្ត​នៃ​ការចូលរួម​ឧបត្ថម្ភ​របស់​សប្បុរស​ជន​ក្នុងស្រុក​ហាក់​មាន​សន្ទុះ​ខ្លាំង​នា​រយៈពេល​២​ឬ​៣​ឆ្នាំ​ចុង​ក្រោយនេះ ដែល​បានបង្ហាញ​ពី​សញ្ញា​ល្អ​ដែល​ពលរដ្ឋ​ខ្មែរ​កាន់តែច្រើន បានរួម​ចំណែក​ជួយ​សង្គមជាតិ​។ គម្រោង​ថវិកា​រៃអង្គាស​សម្រាប់​ឆ្នាំ​២០១៩​ដែល​រំពឹង​ទទួលបាន​៦០​ម៉ឺន​ដុល្លារ មកដល់ពេលនេះ​មន្ទីរពេទ្យ​ទទួលបាន ៧០​ម៉ឺន​ដុល្លារ​រួចហើយ​។ នេះ​ជាការ​បញ្ជាក់​ពី​ប្រធាន​ផ្នែក​រៃអង្គាស​ក្នុងស្រុក​។ 
 
​លោក ឆេង​ហេង បន្ថែមថា​៖« ខ្ញុំ​រំពឹងថា នឹងមាន​សប្បុរសជន​កាន់តែច្រើន ប្រជាពលរដ្ឋ​យើង​ក៏មាន​លទ្ធភាព នឹង​អាចរួមចំណែក​ជាមួយគ្នា ខ្ញុំ​តែង​ស្រមៃ​ថា យើង​មាន​ពលរដ្ឋ​ច្រើន ហើយ​ពលរដ្ឋ​ដែលមាន​លទ្ធភាព​ក៏មាន​ច្រើន ដូច្នេះ​បើ​ម្នាក់​ជួយ​បន្ដិចៗ ខ្ញុំ​ជឿថា​តម្រូវការ​ថវិកា​ប្រចាំឆ្នាំ​ត្រឹម​៦,៥​លាន​ដុល្លារ យើង​អាចជួយ​មន្ទីរពេទ្យ​បាន​»​។​
 
​ក្នុង​ពិធី​ទទួល​ថវិកា​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន តូយ៉ូតា ខេ​ម​បូ​ឌា នៅ​រសៀល​ថ្ងៃទី​២២ វិច្ឆិកា លោក ងួន ចាន់​ភក្ដ្រា ប្រធាន​មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​លើកឡើងថា នៅ​ឆ្នាំ​២០១៩​នេះ​មន្ទីរពេទ្យ​មាន​អាយុ​២០​ឆ្នាំ​គត់​ដែល​បាន​ដំណើរការ​ដើម្បី​ព្យាបាល​កុមារ​កម្ពុជា​។ ២០​ឆ្នាំ​មកនេះ មាន​កុមារ​ជាង ២,៥​លាន​នាក់​ហើយ​ដែល​ទទួលបាន​សេវា​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នេះ ក្នុងនោះ​មន្ទីរពេទ្យ​ក៏បានផ្តល់​កន្លែង​ស្នាក់នៅ​និង​ម្ហូបអាហារ​ដល់​អាណាព្យាបាល​កុមារ​អំឡុងពេល​សម្រាក​ព្យាបាល​ជំងឺ​ទៀតផង​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ចាន់​ភក្ដ្រា​។​
 

Tag:
 មន្ទីរពេទ្យ​កុមារ​អង្គរ​
  រៃអង្គាស​មូលនិធិ​ក្នុងស្រុក​
  កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com