អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
គម្រោង​វិនិយោគទុន​ក្នុង​វិស័យ​ទេសចរណ៍​កើនឡើង ៩៤% ក្នុង​រយៈពេល​៨​ខែ​ឆ្នាំនេះ​
26, Nov 2019 , 3:41 pm        
រូបភាព
វេទិកា​វិនិយោគ​ទេសចរណ៍​កម្ពុជា​លើក​ទី​២​ រៀបចំដោយក្រសួងទេសចរណ៍​ សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​វិស័យ​ទេសចរណ៍ កាល​ពីថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៩
វេទិកា​វិនិយោគ​ទេសចរណ៍​កម្ពុជា​លើក​ទី​២​ រៀបចំដោយក្រសួងទេសចរណ៍​ សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​វិស័យ​ទេសចរណ៍ កាល​ពីថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៩
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​លើកឡើងថា​កម្ពុជា​បានទទួល និង​អនុម័ត​គម្រោង​វិនិយោគទុន​ជាច្រើន លើ​វិស័យ​ទេសចរណ៍​ក្នុងឆ្នាំនេះ​។ ត្រឹម​រយៈពេល ៨ ខែ ដើមឆ្នាំ​នេះ ការវិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍ មានការ​កើនឡើង​រហូត​ដល់​៩៤% បើ​ប្រៀបធៀប​ជាមួយ​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៨​។​
 
​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ថោង ខុន បានលើកឡើង​ដូចនេះ ក្នុងពេល​បើក​វេទិកា​វិនិយោគ​ទេសចរណ៍​កម្ពុជា លើក​ទី​២ នៅ​ថ្ងៃទី​២២ វិច្ឆិកា​។ វេទិកា​នេះ រៀបចំឡើង​ដោយ ក្រសួងទេសចរណ៍ សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​វិស័យ​ទេសចរណ៍ ក្រោម​ប្រធានបទ «​ការកំណត់​ដំណាក់កាល​សម្រាប់​កំណើន​» ។​
 
​នៅក្នុង​វេទិកា​វិនិយោគ​ទេសចរណ៍​នេះ លោក ថោង ខុន បាន​បញ្ជាក់ថា នៅក្នុង​របាយការណ៍​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC បើ​គិត​ចាប់ពី​ឆ្នាំ​២០១៦ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ រដ្ឋាភិបាល​កម្ពុជា បានអនុម័ត​និង​ឯកភាព​គាំទ្រ​គម្រោង​វិនិយោគទុន​ជាតិ និង​អន្តរជាតិ​សរុប​ប្រមាណ​ជា ៨១៣ គម្រោង មាន​ទំហំ​ទុនវិនិយោគ​សរុប​ប្រមាណ ២២.៥ ពាន់​លាន ដុល្លារ​។ ក្នុងនោះ គម្រោង​ទេសចរណ៍ និង​ផ្នែក​ពាក់ព័ន្ធ​មាន​ចំនួន ៣៨ គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ចំនួន​ប្រមាណ​ជា ៩ ពាន់​លាន​ដុល្លារ កើនឡើង​៤៧%​។​
 
​បើ​គិត​ក្នុង​រយៈពេល ៨​ខែ​ដំបូង ឆ្នាំ​២០១៩ នេះ កម្ពុជា​ឯកភាព​គម្រោង​វិយោគ​ទុន​សរុប​មាន​ប្រមាណ ២២២ គម្រោង មាន​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប ៦ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ វិស័យ​ទេសចរណ៍ មាន​គម្រោង​វិនិយោគ​ចំនួន ១៤ គម្រោង ដែលមាន​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប​ជាង ៤,២០០ លាន​ដុល្លារ  កើនឡើង ៩៤% បើ​ធៀប​ជាមួយ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​។ នេះ​បើតាម លោក ថោង ខុន ដែល​បាន​បន្តទៀតថា វិស័យ​ទេសចរណ៍ នាពេល​បច្ចុប្បន្ន បានរួម​ចំណែក​ប្រមាណ​១២,៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)​។ 
 
​លោក​រដ្ឋមន្ត្រី​ទេសចរណ៍ បន្ត​លើកឡើង​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា តែង​ចាត់ទុក​វិស័យ​ទេសចរណ៍ ជា​វិស័យ​ចម្បង​មួយ​។ ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ តាមរយៈ «​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ​» ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកថា​ជា «​មាស​បៃតង​» ដែល​បានរួម​ចំណែក​យ៉ាងសកម្ម ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង សង្គម តាមរយៈ​ការបង្កើត​ឱកាស​មុខរបរ និង​ការងារ ជួយ​បង្កើន​ប្រាក់ចំណូល លើកកម្ពស់​ជីវភាពរ​ស់​នៅ និង​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​៕
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com