ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កញ្ញា អាត សុធាវី បង្កើត​យុទ្ធនាការ​«Think Plastic»​ដើម្បី​ជួយ​បង្កើន​ចំណេះដឹង​អំពី​ប្លា​ស្ទិ​ក
27, Nov 2019 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ ទិដ្ឋភាព​សំរាម ជាពិសេស​សំរាម​ប្លា​ស្ទិ​កនៅ​កម្ពុជា ច្រើន​ហួស និង​មាន​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​ប្រទេស​កម្ពុជា បាន​ជំរុញ​ឲ្យ​កញ្ញា អាត សុធាវី បង្កើត​យុទ្ធនាការ​មួយ ឈ្មោះថា​«Think Plastic» នៅ​ដើមឆ្នាំ​២០១៩​។ ក្នុង​យុទ្ធនាការ​នេះ កញ្ញា អាត សុធាវី បាន​ផលិត​ជា​វីដេអូ​ខ្លីៗ បង្ហាញ​ពី​ផលប៉ះពាល់​របស់​បា្ល​ស្ទិ​ក​ទៅដល់​សុខភាព និង​បរិស្ថាន​, ការ​ទុកដាក់​សំរាម​និង​សកម្មភាព​ប្រចាំថ្ងៃ​ដែល​អាច​ចូលរួម​កាត់បន្ថយ​ការប្រើ​ប្លា​ស្ទិ​ក​ជាដើម​។ អ្នក​ខេត្ត​ត្បូងឃ្មុំ រូបនេះ សង្ឃឹមថា​យុទ្ធនាការ​«Think Plastic»​របស់ខ្លួន នឹង​ជួយ​បង្កើន​ចំណេះដឹង​អំពី​ប្លា​ស្ទិ​ក​ទៅដល់​ពលរដ្ឋ​កម្ពុជា ហើយ​ជាពិសេស​រួមចំណែក​ប្រែក្លាយ​កម្ពុជា ដែល​គ្មាន​សំរាម​ប្លា​ស្ទិ​កនៅ​ពាល​វាល​ពាសកាល​។

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង កញ្ញា ខន ចំប៉ា នៃ​សារព័ត៌មាន​ថ្មីៗ និង​កញ្ញា អាត សុធាវី ដូចតទៅ​៖ 



 
​យុទ្ធនាការ​«Think Plastic» ត្រូវបាន​កញ្ញា អាត សុធាវី បង្កើតឡើង​នៅ​អំឡុង​ខែមីនា ឆ្នាំ​២០១៩​។ រហូតមកទល់​ពេលនេះ កញ្ញា សុធាវី បាន​ផលិត​វីដេអូ​អប់រំ​ច្រើនជាង ៥០ រួចមកហើយ ដែល​និយាយ​ពាក់ព័ន្ធ​នឹង​ផលប៉ះពាល់​របស់​ប្លា​ស្ទិ​ក ការរៀបចំ​ទុកដាក់​សំរាម និង​សកម្មភាព​ចម្បងៗ ដែល​ប្រជាពលរដ្ឋ​ទូទៅ​អាចធ្វើ ដើម្បី​កាត់បន្ថយ​ការប្រើ​ប្លា​ស្ទិ​ក​ជាប្រចាំ​ថ្ងៃ​។​
 
​ស្ត្រី​វ័យ​៣៣​ឆ្នាំ​រូប បន្ត​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នាង​សប្បាយចិត្ត​នៅពេលដែល​សកម្មភាពរ​បស់​ខ្លួន កំពុង​ជះឥទ្ធិពល​វិជ្ជមាន​ទៅកាន់​អ្នក​ជុំវិញខ្លួន ជាពិសេស​មិត្តភក្តិ និង​ក្រុមគ្រួសារ រួមទាំង​ទស្សនិកជន​ដែល​បាន​ទស្សនា​វីដេអូ​របស់ខ្លួន​នោះ​។ កញ្ញា អាត សុធាវី រៀបរាប់ថា​៖«​ខ្ញុំ​ឃើញ​អ្នក​នៅ​ជុំវិញខ្លួន​ខ្ញុំ​មួយចំនួន គាត់​បានចាប់ផ្តើម​គិតពី​បញ្ហា​ហ្នឹង​។ ចំពោះ​អ្នកផ្សេង​ដែល​គាត់​បាន​មើល​វីដេអូ​ខ្ញុំ​នៅលើ​ហ្វេ​ស​ប៊ុ​ក ភាគច្រើន​គាត់​សរសេរ​ប្រាប់​ខ្ញុំ​វិញ គាត់​Inbox  ឬ​សរសេរ Comment គឺ​និយាយថា គាត់​ចាប់ផ្តើម​កែ​ប្រើ​ហើយ បន្ទាប់ពី​គាត់​មើល​វីដេអូ​ហ្នឹងហើយ​»​។ 
 
​អ្វីដែល​អ្នក​ខេត្ត​ត្បូងឃ្មុំ​រូបនេះ​ចង់បាន​ពី​ការបង្កើត​យុទ្ធនាការ «Think Plastic» ដោយ​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​នេះ គឺ​ពលរដ្ឋ​កាន់តែច្រើន​បាន​យល់ដឹង​ពី​ផលប៉ះពាល់​របស់​ប្លា​ស្ទិ​ក​ដល់​សុខភាព និង​បរិស្ថាន និង​ពិសេស​ការចាប់​ផ្តើមធ្វើ​សកម្មភាព​ដែល​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​របស់​ពលរដ្ឋ​កម្ពុជា​។ សម្រាប់ កញ្ញា អាត សុធាវី ការចាប់ផ្តើម​សកម្មភាព​របស់​ប្រជាពលរដ្ឋ​នៅពេលនេះ គឺជា​ការចូលរួម​យ៉ាង​សំខាន់ ក្នុងការ​ឈានទៅរក​ក​ម្ពុ​ជា មិនសូវមាន​សំរាម​ប្លា​ស្ទិ​ក និង​ស្អាត​ដូច​ប្រទេស​ដទៃ​៕


រូបភាពពីទំព័រហ្វេសប៊ុក Think Plastic


Tag:
 អាត សុធាវី​
 ​ប្លា​ស្ទិ​ក​
© រក្សាសិទ្ធិដោយ thmeythmey.com