ជាតិ
សម្ដេច ទៀ បាញ់ ប្រាប់​មេបញ្ជាការ​ទ័ពជើងទឹក​អាស៊ាន​ថា ការគ្រប់គ្រង​ជើង​ទឹក​កម្ពុជា​នៅមានកម្រិត​
27, Nov 2019 , 8:19 pm        
រូបភាព
​សៀមរាប​៖ ការគ្រប់គ្រង និង​ការពារ​ដែនទឹក​របស់​កងទ័ពជើងទឹក​កម្ពុ​ជា នៅមានកម្រិត​នៅឡើយ ដែល​ទាមទារ​ឱ្យមាន​ការបង្កើត​សមត្ថភាព​បន្ថែម​។ នេះ​ជាការ​លើកឡើង​របស់ សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ក្នុង​កិច្ចប្រជុំ​លើក​ទី​១៣ មេ​ប​បញ្ជាការ​កងទ័ពជើងទឹក​អាស៊ាន នៅ​ថ្ងៃទី​២៦ វិច្ឆិកា នា​ខេត្តសៀមរាប ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

 
​ទាក់ទង​នឹង​ការការពារ​ដែន​ជើង​ទឹក​នេះដែរ រដ្ឋមន្ត្រី​ការពារជាតិ​បាន​និយាយ​ជាថ្មី នូវ​ការលើកឡើង​កន្លងមក​ដែលថា កម្ពុជា​កំពុងបើក​ទីតាំង​ឱ្យមាន​មូលដ្ឋាន​កងទ័ព​បរទេស​ក្នុង​ដែនសមុទ្រ​ខ្លួន ដែល​នេះ​ផ្ទុយ​ពី​ស្ថានភាព​បច្ចុប្បន្ន​។ សម្ដេច ទៀ បាញ់ ពន្យល់​ប្រាប់​មេបញ្ជាការ​កងទ័ពជើងទឹក​អាស៊ាន​ថា ស្ថានភាព​ទ័ពជើងទឹក​កម្ពុជា ស្ថិតក្នុង​ភាពទន់ខ្សោយ​នៅឡើយ ពុំទាន់​មាន​សមត្ថភាព​ក្នុងការ​ការពារ​ដែន​កោះ​ឬ​សមុទ្រ​ខ្លួន ហើយ​គ្មាន​លទ្ធភាព​ក្នុង​ការបើក​ទីតាំង​មូលដ្ឋានទ័ព​បរទេស​ទៅទៀត​។ សម្ដេច​បន្ថែមថា​៖« សព្វថ្ងៃនេះ គ្រឿង​បំពាក់​មួយចំនួន​កម្ពុជា​នៅ​ទន់ខ្សោយ​ជាខ្លាំង មិន​អាចធ្វើ​សកម្មភាព​ដើម្បី​បម្រើឱ្យ​ភារកិច្ច​ស្នូល​របស់ខ្លួន​បាន​នោះទេ ដោយសារ​រង​ទុក្ខ​សង្គ្រាម​យូរ ភាពទន់ខ្សោយ​គ្រប់បែបយ៉ាង​ទាំងអស់ ស្ថិតក្នុង​សភាព​មួយ​ជាការ​ចាំបាច់​ណាស់ ត្រូវមាន​ការអភិវឌ្ឍ​បន្ថែមទៀត​»​។ 


 
​ក្រោម​ប្រធានបទ «​បង្កើន​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​សន្ដិសុខ​សមុទ្រ​យូរអង្វែង​» រដ្ឋមន្ត្រី​ការពារជាតិ​យល់ថា កិច្ចប្រជុំ​នេះ​នឹង​ពង្រីក​ទៅកាន់​វេទិកា​អន្ដរជាតិ​ដទៃទៀត សំដៅ​លើកកម្ពស់​សន្ដិភាព និង​ស្ថេរភាព​ក្នុង​តំបន់ ក៏ដូចជា​ជំរុញ​ទំនាក់ទំនង​ក្នុងចំណោម​មេបញ្ជាការ​កងទ័ពជើងទឹក​អាស៊ាន​។ សម្តេច​បន្ដថា ការផ្សាភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​គឺ​ពិត​ជាមាន​សារសំខាន់​សម្រាប់​អាស៊ាន ដែល​ភូមិសាស្ដ្រ​នេះ​ជា​ច្រក​សំខាន់​ដែល​ភ្ជាប់​រវាង​មហាសមុទ្រ​ឥណ្ឌា និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ 
 
​ប្រមុខ​ការពារជាតិ ប្រាប់​ដល់​មេបញ្ជាការ​ទ័ពជើងទឹក​អាស៊ាន​ទៀតថា ការគ្រប់គ្រង​ដែនសមុទ្រ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដូចជា បញ្ហា​អធិបតេយ្យភាព​លើ​ដែនសមុទ្រ បញ្ហា​ចារកម្ម​ប្រដាប់អាវុធ អន្ដោប្រវេសន៍​ខុសច្បាប់ ការជួញដូរ​គ្រឿងញៀន ការនេសាទ​ខុសច្បាប់ ការបំពុល​បរិស្ថាន គ្រោះមហន្តរាយធម្មជាតិ និង​ភេ​វរ​កម្ម​ជាដើម​។ ដូច្នេះ កិច្ចសហប្រតិបត្តិការ​ជើង​ទឹក​នៃ​ប្រទេស​អាស៊ាន តាម     រយៈ​កិច្ចប្រជុំ​លើក​ទី​១៣​នេះ គឺជា​ស្មារតី​ឯកភាពគ្នា និង​ការខិតខំ​រួម​លើ​វិស័យ​នាវាចរ ដើម្បី​ធានាបាន​នូវ​សន្ដិភាព​យូរអង្វែង​លើ​ផ្ទៃសមុទ្រ ក៏ដូចជា​ការទទួលខុសត្រូវ លើ​ជោគវាសនា​របស់​ប្រជាជាតិ​អាស៊ាន​៕

Tag:
 កងទ័ពជើងទឹក​
  ទៀ បាញ់
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com