ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជានៅតែមានភាពស្វាហាប់ ក៏ព្រោះសកម្មភាពរឹងប៉ឹងក្នុងការនាំចេញ និងតម្រូវការក្នុងស្រុកខ្លាំង។ តែបើនិយាយពីកំណើន គឺថយល្បឿនបន្តិច ដែលក្នុងឆ្នាំ២០១៩នៅត្រឹមអត្រា ៧ភាគរយ ធៀបនឹង ៧,៥ភាគរយក្នុងឆ្នាំ២០១៨ ។ ហើយសម្រាប់ឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចត្រូវព្យាករថានឹងចុះបន្តិចទៀតគឺនៅត្រឹម៦,៨ភាគរយ។ នេះបើតាមរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយដែលចេញផ្សាយដោយធនាគារពិភពលោក នៅថ្ងៃទី២៧ខែវិច្ឆិកានេះ។
ការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើង ដែលមានទំហំប្រហែល ៧០ភាគរយនៃទំនិញនាំចេញគ្រប់មុខ បានកើនចំនួន ១៧,៧ភាគរយ ក្នុងឆ្នាំ២០១៨ ប៉ុន្តែស្រុតចុះបន្តិចវិញមកនៅត្រឹម១៥,៣ភាគរយ គិតត្រឹមខែមិថុនា ឆ្នាំ២០១៩។ វិស័យសំណង់នៅបន្តសកម្មភាពគគ្រឹកគគ្រេង ដែលឆ្លុះបញ្ចាំងឱ្យឃើញថាមិនទាន់មានភាពនឿយណាយនៃការវិនិយោគលើវិស័យនេះនៅឡើយទេ។ ជាលទ្ធផល ការនាំចូលដែកសំណង់បានស្ទុះឡើងយ៉ាងគំហុក ដល់ទៅ៦៣,៥ភាគរយ គិតត្រឹមខែមិថុនា ឆ្នាំ២០១៩ ពី ២៧,៧ភាគរយ ក្នុងឆ្នាំ២០១៨។
ជាមួយគ្នានេះដែរ ហានិភ័យបន្តកើនឡើងសម្រាប់វិស័យហិរញ្ញវត្ថុ ដោយសារតែមានការពាក់ព័ន្ធច្រើនជាមួយវិស័យសំណង់ និងអលនទ្រព្យ អមដោយការពូនគររបស់បំណុលផង ដែលក្នុងនោះទំហំនៃការខ្ចីបុលសរុបរួមគ្នាពីធនាគារ និងមីក្រូហិរញ្ញវត្ថុ មាន ១០៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប(GDP)។ គួរបញ្ជាក់ថា កំណើនឥណទានកើនដល់ ២៨,៣ ភាគរយត្រឹមខែមិថុនាឆ្នាំ២០១៩ ធៀបនឹង២៤,២ភាគរយនៅឆ្នាំ២០១៨ និង១៩,៦ភាគរយឆ្នាំ២០១៧។ វិស័យសំណង់ និងអចលនទ្រព្យទទួលបានចំណែកឥណទានធំជាងគេ គឺ ២៩,៥ភាគរយនៃទំហំឥណទានសរុបរបស់ធនាគារ ២១,៩ពាន់លានដុល្លារ ត្រឹមខែមិថុនាឆ្នាំនេះ។ ឥណទានរបស់កម្ពុជាធៀបនឹងGDP មានកម្រិតខ្ពស់ជាងប្រទេសសេដ្ឋកិច្ចធំៗក្នុងតំបន់មួយចំនួនទៅទៀត ដូចជាប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី ប៉ាគីស្ថាន ជាដើម។
របាយការណ៍ឲ្យដឹងថា មុនវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ ចំណែកឥណទានរបស់វិស័យសំណង់ និងអចលនទ្រព្យ កើនខ្ពស់បំផុតត្រឹម ២២,៨ភាគរយ ពេលដែលវិស័យសំណង់នេះបានផ្ទុះបែក។ ដោយឡែក ត្រឹមពាក់កណ្ដាលឆ្នាំ២០១៩នេះ ឥណទានសរុបបញ្ចូលក្នុងវិស័យសំណង់ និងអចលនទ្រព្យមានចំនួន៦,៤៥ពាន់លានដុល្លារ ក្នុងកំណើន៣៨,៩ភាគរយរបស់វិស័យធនាគារ។ ទាក់ទងនឹងវិស័យអចលនទ្រព្យនេះដែរ លោក លី សូដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោក អះអាងថា វិស័យនេះតែងមានវដ្ដរបស់វាដែលឡើងហើយត្រូវចុះមកវិញ។ លោកមិនអាចបញ្ជាក់បានឲ្យចំថាពេលណាដែលវិស័យនេះត្រូវចុះមកវិញនោះទេ តែលោកបានសង្កេតថាវិស័យនេះបានឡើងខ្លាំងជាច្រើនឆ្នាំមកហើយ។
ក្រៅពីហានិភ័យវិស័យហិរញ្ញវត្ថុ លទ្ធភាពនៃការដកចេញភាពអនុគ្រោះពាណិជ្ជកម្មក្រោមប្រព័ន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងគ្រឿងសព្វាវុធ» (Everything But Arms/EBA) និងការធ្លាក់ចុះយ៉ាងគំហុកណាមួយនៃសេដ្ឋកិច្ចរបស់ប្រទេសចិន (ដែលអាចនឹងកើតមានមកពីភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន) អាចបង្កផលប៉ះទង្គិចយ៉ាងខ្លាំងទៅលើទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។
ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងក្រៅប្រទេស ថ្មីៗនេះ អាជ្ញាធរកម្ពុជាបានដាក់ចេញវិធានការមួយចំនួនសំដៅជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម ដោយបន្ទាបថ្លៃចំណាយលើការដឹកជញ្ជូន, កាត់បន្ថយការិយាធិបតេយ្យ, និងជួយដល់ធុរកិច្ចដោយកាត់បន្ថយថ្ងៃឈប់សម្រាកផ្លូវការចំនួន៦ថ្ងៃ នៅក្នុងឆ្នាំ២០២០។ របាយការណ៍ខាងលើនេះបានឲ្យដឹងទៀតថា បន្ថែមលើនេះ វិធានការកញ្ចប់ហិរញ្ញវត្ថុធំគួរសមមួយសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចដោយប្រើប្រាក់សន្សំរបស់រដ្ឋ នឹងអាចត្រូវបានដាក់ចេញនៅក្នុងឆ្នាំ២០២០ ដើម្បីជួយសម្រាលផលប៉ះទង្គិចអវិជ្ជមានដែលបណ្តាលមកពីការដក EBA ប្រសិនបើវានឹងកើតឡើងមែន។
របាយការណ៍នេះក៏បានគូសបញ្ជាក់ផងដែរថា ការចូលរួមរបស់កម្ពុជានៅក្នុងសេដ្ឋកិច្ចសាកលតាមរយៈខ្សែចង្វាក់តម្លៃសាកល (GVCs) មានសន្ទុះលឿនជាងប្រទេសប្រហាក់ប្រហែលគ្នាផ្សេងៗទៀត ទោះបីជាការចូលរួមនោះចាប់ផ្តើមពីមូលដ្ឋានទាបក៏ដោយ។ ការហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស (FDI), ភាពសម្បូរនៃពលកម្មមានជំនាញទាបនិងពលកម្មមានប្រាក់ឈ្នួលទាប, និងលទ្ធភាពទទួលបានភាពអនុគ្រោះនាំទំនិញចេញទៅកាន់ទីផ្សារធំៗ សុទ្ធតែជាកត្តានៅពីក្រោយការជំរុញសមាហរណកម្មយ៉ាងលឿនរបស់កម្ពុជាចូលទៅក្នុងខ្សែចង្វាក់តម្លៃសាកល នៅតាមផ្នែកផលិតកម្មមួយចំនួន។
លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖«ដើម្បីឈានឡើងទៅកាន់ដំណាក់កាលមួយទៀតនៃការចូលរួមក្នុងខ្សែចង្វាក់តម្លៃសាកលបាន ប្រទេសកម្ពុជាចាំបាច់ត្រូវតែមានល្បាយគោលនយោបាយកាន់តែទំនើបជឿនលឿនច្រើនថែមទៀត។ ក្នុងនោះរួមមាន ការពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងធ្វើវាឱ្យកាន់តែស៊ីជម្រៅ, ការបន្ទាបរបារពាណិជ្ជកម្មសម្រាប់ទំនិញនាំចូល, ការបន្តធ្វើការកែលម្អគុណភាពវិស័យអប់រំនិងជំនាញរបស់កម្លាំងពលកម្ម, និងការចាប់យកសេដ្ឋកិច្ចឌីជីថលដើម្បីជួយបណ្តាក្រុមហ៊ុនឱ្យធ្វើសមាហរណកម្មខ្លួន ទៅក្នុងខ្សែចង្វាក់តម្លៃសាកល»៕