ជាតិ
សង្គមជាតិ
សហភាពអឺរ៉ុប ជួយឲ្យមន្ត្រីកម្ពុជា យល់ពីហានិភ័យគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ មន្តី្ររាជការប្រមាណ១៧០នាក់ និងគ្រូជំនាញផ្នែកសារធាតុគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ ដែលរៀបចំឡើងដោយសហភាពអឺរ៉ុប
× ភ្នំពេញ៖ ក្រុមមន្ត្រីរាជការប្រមាណ១៧០នាក់ បានទទួលវគ្គបណ្តុះបណ្តាលដែលផ្តោតសំខាន់លើការកាត់បន្ថយហានិភ័យគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ ដែលរៀបចំឡើងដោយសហភាពអឺរ៉ុប(EU)។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្ត្រីទាំង១៧០នាក់ នឹងអាចក្លាយជាគ្រូបង្គោល សម្រាប់ផ្តល់ចំណេះដឹង និងផ្តល់ការអនុវត្តអំពីហានិភ័យគីមី ដល់ប្រជាជនកម្ពុជាដទៃទៀត។
បើតាមការផ្សាយព័ត៌មានរបស់សហភាពអឺរ៉ុប មន្ត្រីរាជការទាំងនេះ ទទួលបានវគ្គបណ្តុះបណ្តាលពី អ្នកជំនាញនានា ដែលមកពីវិស័យសុខាភិបាលសាធារណៈនៃប្រទេសអង់គ្លេស វិទ្យាសា្ថនសន្តិសុខអន្តរជាតិ និងការគ្រប់គ្រងគ្រោះអាសន្ន នៃប្រទេសស្លូវ៉ាគី និងការដំណោះស្រាយយុត្តិធម៌ព្រហ្មទណ្ឌប្រកបដោយចរីភាព។ វគ្គបណ្តុះបណ្តាលនេះជាដើមទុនឲ្យសិក្ខាកាមបានយល់ដឹងពីវិធីលុបបំបាត់សារធាតុគីមី ការស្តារឡើងវិញ ការកំណត់សំណាក និងការកំណត់អត្តសញ្ញាណ និងការគ្រប់គ្រងហានិភ័យគីមី។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្នុងគោលបំណង ជួយដោះស្រាយបញ្ហាដែលពាក់ព័ន្ធទៅនឹងសុវត្ថិភាព និងសន្តិសុខគីមីនៅក្នុងវិស័យច្បាប់ លិខិតបទដ្ឋានគតិយុត្តិ ការទប់ស្កាត់ និងបង្ការនិងត្រៀមបម្រុង ដើម្បីទប់ស្កាត់ហេតុការណ៍ដែលពាក់ព័ន្ធនឹងសារធាតុគីមី ដែលកំពុងតែគ្របដណ្តប់លើ វិស័យកសិកម្ម និងឧស្សាហកម្មកាត់ដេរ។
សហភាពអឺរ៉ុប រួមទាំងវិទ្យាសា្ថនស្រាវជ្រាវយុត្តិធម៌ និងឧក្រិដ្ឋកម្មអន្តរតំបន់របស់អង្គការសហប្រជាជាតិ និងមជ្ឈមណ្ឌលស្រាវជ្រាវរួម របស់គណៈកម្មាធិការអឺរ៉ុប នឹងរួមគ្នាអនុវត្តគម្រោងកាត់បន្ថយហានិភ័យគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ នេះនៅប្រទេសទាំង១០ ក្នុងប្រទេសអាស៊ីអាគ្នេយ៍។។ គម្រោងនេះមានការគាំទ្រពី អង្គការអន្តរជាតិ និងតំបន់ រដ្ឋសមាជិករបស់សហភាពអឺរ៉ុប និងដៃគូពាក់ព័ន្ធផ្សេងទៀតផងដែរ។ នេះបើតាមការផ្សាយព័ត៌មានរបស់សហភាពអឺរ៉ុប៕
© រក្សាសិទ្ធិដោយ thmeythmey.com