អន្តរជាតិ
តើ​ប្រេងកាត​កើតចេញ​មកពី​អ្វី​?
29, Jan 2022 , 9:19 pm        
រូបភាព
​មតិ​មួយចំនួន​ដែល​បាន​លើកឡើងថា ប្រេងកាត​កើតចេញពី​កាកសំណល់​សាកសព​នៃ​ពពួកសត្វ​ដាយ​ណូ​ស័​រ​នោះ​មិន​ត្រឹមត្រូវ​ទាំងស្រុង​នោះឡើយ​។ ដើមកំណើត​នៃ​ប្រេងកាត​ដែល​យើង​ប្រើប្រាស់​ក្នុងពេល​សព្វថ្ងៃ មាន​ប្រវត្តិ​យូរ​ជាង​អាយុកាល​នៃ​សម័យ​ដាយ​ណូ​ស័​រ​ទៅទៀត​។

 
​គេហទំព័រ ThoughtCo បាន​ពន្យល់ថា ប្រេងកាត​ភាគច្រើន​កើតចេញពី​កាកសំណល់​សត្វ និង​រុក្ខជាតិ​ដែល​ធ្លាប់​រស់នៅក្នុង​ទឹក​។ សត្វ​ទាំងនោះ​អាចជា​ពពួក​មីក្រូ​សា​ពា​ង្គ​កាយ​តូចៗ​ពិបាក​មើល​ឃើញនឹងភ្នែក​ដោយផ្ទាល់​។ នៅពេលដែល​កាកសំណល់​នៃ​សត្វ និង​រុក្ខជាតិ​ទាំងឡាយ​នោះ​ត្រូវបាន​បំបែក​នៅក្នុង​ធម្មជាតិ ធាតុគីមី​សំខាន់ៗ​មួយចំនួន​ដូចជា អុកស៊ីសែន អាសូត ផូស្វ័រ ស៊ុ​ល​ផួ ត្រូវបាន​ជ្រាប​ចេញ​ក្រៅ​ទៅកាន់​បរិយាកាស​វិញ បន្សល់ទុក​នៅតែ​សារធាតុ​កាបូន​ដែលមាន​ពណ៌​ខ្មៅ និង​អ៊ីដ្រូសែន​។ 
 
​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក្រោយមក សារធាតុ​ដែល​នៅសល់​ត្រូវបាន​កប់​នៅ​ពី​ខាងក្រោម​ដោយ​ស្រទាប់ដី និង​ខ្សាច់ ដែល​បង្ក​ទៅជា​ទីតាំង​ដែលមាន​សម្ពាធ​ខ្លាំង និង​សីតុណ្ហភាព​ខ្ពស់​។ សម្ពាធ និង​សីតុណ្ហភាព​ទាំងនេះ​ប​ម្លែ​ង​សារធាតុ​គីមី​ដែល​នៅ​សេសសល់​ឲ្យ​ទៅជា​ពពួក​«​អ៊ីដ្រូកាបួ​»​ដែលជា​ពពួក​សារធាតុ​គីមី​សារី​រា​ង្គ​។ 
 
​ប្រភេទ​នៃ​ប្រេងកាត​នៅក្រោម​ដី​អាស្រ័យ​ខ្លាំង​ទៅលើ​កម្រិត​នៃ​សីតុណ្ហភាព និង​កម្រិត​នៃ​សម្ពាធ ក្នុង​រយៈពេល​កំណត់​ណាមួយ​។ បើ​វា​រង​សីតុណ្ហភាព​ទាប គេ​អាច​ទទួលបាន​ប្រេងកាត​មាន​លក្ខណៈ​ខាប់​។ ចំណែកឯ​សីតុណ្ហភាព​ខ្ពស់​វិញ គេ​អាច​ទទួលបាន​ប្រេងកាត​ដែលមាន​លក្ខណៈ​ស្រាល​។ បើ​សីតុណ្ហភាព​នៅតែ​បន្ត​កើនឡើង គេ​ក៏​អាច​ទទួលបាន​ឧស្ម័ន​ធម្មជាតិ​ផងដែរ​។
 
​ធនធានធម្មជាតិ​ទាំងនេះ​ត្រូវបាន​កប់​នៅក្រោម​ដី​រហូតដល់​មាន​វត្តមាន​មនុស្ស​មក​ជីក​វា​យកទៅ​ប្រើប្រាស់​ក្នុង​ហេតុផល​ផ្សេងៗ​។ គួរ​ឲ្យ​បញ្ជាក់​ផងដែរ​ថា ពពួកសត្វ​ដាយ​ណូ​ស័​រ​ចាប់កំណើត​ឡើង​កាលពី​២៥២​លាន​ឆ្នាំមុន និង​ត្រូវបាន​ចប់​ទៅវិញ​ដោយ​គ្រោះមហន្តរាយធម្មជាតិ​ក្នុង​រយៈពេល​៦៦​លាន​ឆ្នាំមុន​៕

© រក្សាសិទ្ធិដោយ thmeythmey.com