ជាតិ
បទយកការណ៍ / បទសម្ភាសន៍
និស្សិត​ក្រីក្រ​៖ ជិះ​កង់​មក​រៀន​មានអី​ត្រូវ​ខ្មាស ចំណាយ​តិច សុខភាព​ល្អ តស៊ូ​កាន់តែខ្លាំង​
01, Dec 2019 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មកទល់​បច្ចុប្បន្ន គេ​មិនឃើញ​មាន​និស្សិត​ច្រើន​ឡើយ​ដែល​នៅ​ជិះ​កង់​មក​រៀន​នៅតាម​បណ្តា​សាកល​វិទ្យា​ល័យនានា​នោះ​។ សារព័ត៌មាន​ថ្មីៗ បាន​ជួប​សម្ភាស​ជាមួយ​និស្សិត ៣​នាក់ ដែល​ស្ថិត​ក្នុងចំណោម​និស្សិត​ដ៏​តិចតួច ដែល​តែងតែ​ជិះ​កង់​ជាទី​ស្រឡាញ់​របស់​ពួកគេ​ទៅ​សាលារៀន​ជា​រៀងរាល់ថ្ងៃ​។ និស្សិត​ទាំងនេះ អះអាងថា ពួកគេ​មិនបាន​ខ្មាសអៀន​ឡើយ នៅពេលដែល​ស្ថានភាព​គ្រួសារ​មិនសូវ​ធូរធារ និង​ស្រប​ពេលដែល​ពួកគេ​មិនទាន់​ការងារ​ធ្វើ​ផង​នោះ​។ ម្យ៉ាងទៀត វា​មិន​ត្រឹម​ជួយ​សម្រាល​បន្ទុកគ្រួសារ​ទេ តែ​វា​ក៏​ជួយ​ឲ្យ​មាន​សុខភាព​ល្អ​ដែរ​។​


 
​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍ ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖ 



 
​នៅពេល​និស្សិត​ក្នុង​ថ្នាក់​មួយ​ចេញពី​រៀន មាន​និស្សិត​ជាច្រើន​ដើរ​សំដៅទៅ​រោង​ផ្ញើ​ម៉ូតូ​ដែល​ស្ថិតនៅ​ខាងមុខ​អគារ​A ក្នុង​ទីធ្លា​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ក្នុងចំណោម​និស្សិត​ក្នុង​ថ្នាក់ ដែលមាន​ប្រមាណ​៤០​ទៅ​៥០​នាក់ មាន​និស្សិត​តែ​ពីរ​បីនាក់​ប៉ុណ្ណោះ ដែល​ដើរ​តម្រង់​ទៅ​កន្លែងផ្ញើកង់​ដែល​ស្ថិត​ក្រោយ​វិទ្យាស្ថាន​ភាសាបរទេស (IFL)​។ កញ្ញា លឹម គីម​យី ជា​និស្សិត​ម្នាក់​ក្នុងចំណោម​និស្សិត​ពីរ​បីនាក់​នោះ​។ 
 
​កញ្ញា លឹម គីម​យី ជា​និស្សិត​ឆ្នាំ​ទី​៣ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​តែង​ជិះ​កង់​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (​ជាប់​ស្ពាន​អាកាស​៧​មករា​) ទៅ​មហាវិទ្យាល័យ​សង្គមសាស្ត្រ និង​មនុស្សសាស្ត្រ នៅ​ពោធិ៍ចិនតុង​។ សម្រាប់​និស្សិត​ស្រី វ័យ​២៥​ឆ្នាំ​រូបនេះ ការ​ជិះ​កង់​ដើម្បី​ទទួលបាន​ចំណេះវិជ្ជា មិនមែនជា​រឿង​ដែល​គួរ​ឲ្យ​ខ្មាសអៀន​នោះទេ ប៉ុន្តែ​វា​ជា​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​ខេត្តកំពត​រូបនេះ សប្បាយចិត្ត​ទៅវិញ ព្រោះ​នាង​មិនបាន​បង្កើន​ការចំណាយ​របស់​ឪពុកម្តាយ​ដែល​ខំ​រកប្រាក់​មក​ទាំង​លំបាក​។​

កញ្ញា លឹម គីមយី ជិះកង់មករៀន៣ឆ្នាំហើយទាំងមានមោទកភាព ព្រោះនាងមិនបានបង្កើនកាការរចំណាយរបស់គ្រួសារ ដែលកំពុងតែលំបាក
 
​នឹកឃើញ​ដល់​ការ​ខំប្រឹងប្រែង​របស់​អ្នកមានគុណ គីម​យី បន្ត​ការរៀបរាប់​របស់ខ្លួន​ទាំង​អួលដើមក «​ចំពោះ​ខ្ញុំ​ផ្ទាល់ ការ​ជិះ​កង់​មក​រៀន ខ្ញុំ​អត់​ខ្មាស​គេ​ទេ ព្រោះ​ខ្ញុំ​សប្បាយចិត្ត និង​ចង់​ជិះ​កង់​។ តាមពិត​កន្លងមក ម្តាយ​ខ្ញុំ​ចង់​ទិញ​ម៉ូតូ​ឲ្យ​ជិះ​ដែរ តែ​ខ្ញុំ​មិន​ចង់​ជិះ ព្រោះ​ខ្ញុំ​អត់​ទាន់​មានការ​ងារ​ធ្វើ​។ ខ្ញុំ​មានតែ​ម៉ាក់​ទេ អត់​មាន​ប៉ា​ទេ​តាំងពីក្មេង​មក​។ ជីវភាព​គ្រួសារ​ខ្ញុំ​អត់​សូវ​មាន​ទេ ម៉ាក់​ខ្ញុំ​ឲ្យ​ខ្ញុំ​មក​រៀន​ទាំង​ត្រដាបត្រដួស​។ ណាមួយ​ខ្ញុំ​រៀន​ប្រវត្តិវិទ្យា ខ្ញុំ​ចូលចិត្ត​អាន​មេរៀន​ច្រើន ខ្ញុំ​ឧស្សាហ៍​ចូល​បណ្ណាល័យ ខ្ញុំ​អត់​មាន​ពេល​ហាត់ប្រាណ តែ​ពេល​ខ្ញុំ​ជិះ​កង់ ទៅមក​សាកលវិទ្យាល័យ​ភូមិន្ទ​មណ្ឌល​១ និង​មណ្ឌល​២ ក៏​អាច​ថា ខ្ញុំ​អាច​ហាត់ប្រាណ​បាន​ខ្លះៗ​»​។ 
 
​តាមពិតទៅ ការ​ជិះ​កង់​មក​រៀន​រយៈពេល​៣​ឆ្នាំ​មកនេះ មិនមាន​អ្វី​ប្លែក​នោះឡើយ សម្រាប់ និស្សិត​សម្បុរ​ស និង​មាន​ចរិត​រួសរាយ​រូបនេះ​។ បើតាម​និស្សិត​ប្រវត្តិវិទ្យា​រូបនេះ កាល​នៅ​វិទ្យាល័យ សូម្បីតែ​កង់​ក៏​នាង​មិនមាន​ជិះ​ផង ពោលគឺ​នាង​តែងតែ​ដើរទៅ​សាលារៀន ដែលមាន​ប្រហែល​ចម្ងាយ​៣​គីឡូម៉ែត្រ​ពី​ផ្ទះ​។​
 
​និស្សិត​ស្រី​ម្នាក់ទៀត ក៏មាន​តែ​កង់ ជា​យានជំនិះ​មក​សាលារៀន​រាល់ថ្ងៃ​ដែរ​។ កញ្ញា  ស្រស់ ស្រអែម ជា​អ្នក​ខេត្តពោធិ៍សាត់ ដែល​ទើបតែ​មក​រស់នៅ និង​រៀន​វិស្វកម្ម ទូរគមនាគមន៍ និង​អេឡិចត្រូនិក នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ប្រហែល​មួយខែ​ប៉ុណ្ណោះ​។ រៀប​ចេញដំណើរ​ទៅផ្ទះ ដែល​ស្ថិតនៅ​សង្កាត់​ស្ទឹងមានជ័យ​ចម្ងាយ​ប្រមាណ​៦​គីឡូម៉ែត្រ ពី​សាកលវិទ្យាល័យ ស្រអែម បាន​ឆ្លៀត រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នាង​សម្រេចចិត្ត​ជិះ​កង់​មក​រៀន ដោយ​មិន​ខ្មាសអៀន​ឡើយ​។​

កញ្ញា  ស្រស់ ស្រអែម និស្សិតឆ្នាំទី១ជំនាញវិស្វកម្ម ទូរគមនាគមន៍ និងអេឡិចត្រូនិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលតែងជិះកង់ចម្ងាយប្រមាណ៦គីឡូម៉ែត្រ ពីផ្ទះ ដែលស្ថិតនៅសង្កាត់ស្ទឹងមានជ័យ មកសាកលវិទ្យាល័យ។
 
​មាន​រាង​តូច​ច្រឡឹង ស្រអែម ដែលមាន​វ័យ​១៨​ឆ្នាំ បន្ត​រៀបរាប់ថា​៖ «​មុនដំបូង ខ្ញុំ​មិនមែនជា​ក្មេង​ដែល​តស៊ូ​ប៉ុន្មាន​ទេ ហើយ​បាន​សុំ​ឲ្យ​ម៉ែ​ទិញ​ម៉ូតូ ព្រោះ​ខ្លាច​មិនទាន់​ពេលវេលា បើ​យើង​ជិះ​កង់ ។ ម្យ៉ាង​ឃើញ​គេ​ជិះ​ម៉ូតូ​ទៅ​ទំនង​។ ដល់ពេល​បាន​ជួប​ពូ ពូ​ក៏​ណែនាំ​ថា ណាមួយ​យើង​ក្រីក្រ ម៉ែឪ​យើង​មិនសូវ​ធូរធារ ជិះ​កង់​ទៅ​ប្រហែល​ប្រាំ​ប្រាំមួយ​ប្រាំពីរ​គីឡូម៉ែត្រ វា​មិន​អី​ទេ​។ ដល់ពេល​មកដល់​ភ្នំពេញ ក៏​កង់​ទៅ បាន​ជួយ​កាត់បន្ថយ​ការចំណាយ​របស់​ម៉ាក់​ប៉ា​ខ្លះ​។ ពេល​បាន​ជិះ​កង់ មើលទៅ​ម្យ៉ាងដែរ ព្រោះ​ការ​ជិះ​កង់វា​ជាការ​ហាត់ប្រាណ​មួយ​ដែរ​។    ដំបូង​ចង់​ឲ្យ​គាត់​ទិញ​ម៉ូតូ​កូន​ទា ខ្ញុំ​បង្ខំ​គាត់ តែ​គាត់​អត់លុយ​ដែរ តែ​មកដល់​ភ្នំពេញ​ផ្លាស់ប្តូរ​ផ្នត់គំនិត ហើយ​ជិះ​កង់​ថ្លៃថ្នូរ​ម្យ៉ាងដែរ​»​។​
 
​មិន​ត្រឹមតែ​មិន​ខ្មាសអៀន​ពេល​ជិះ​កង់​ទៅ​រៀន​នោះទេ ស្រអែម បែរជា​ជាមាន​មោទកភាព​ចំពោះ​ការ​ជិះ​កង់ ព្រោះតែ​អ្នក​ដែល​ជិះ​កង់​ភាគច្រើន​ជា​ជនបរទេស​។ ម្យ៉ាង​ស្រអែម ដែល​ប្រឡង​ជាប់​និ​ន្ទេ​ស C ក្នុងសម័យ​ប្រឡង​ដ៏​តានតឹង​នេះ ចង់​ធ្វើតាម​ការ​ទូន្មាន​របស់​ឪពុកមា ដែល​បាន​ស្តីប្រដៅ​នាង​ថា ការ​ជិះ​កង់​ទៅ​រៀន មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ការចំណាយ​នោះទេ តែ​វា​បាន​បង្កើន​ស្មារតី​តស៊ូ ក្នុង​ជីវិត និង​លុត​ដំ​ខ្លួន​ឲ្យ​ប្រឹងប្រែង​រៀនសូត្រ​។ លើសពីនេះ ស្រអែម ដែលជា​កូនច្បង​ក្នុងចំណោម​បងប្អូន​៣​នាក់ ក៏​ទទួល​អារម្មណ៍​ថា ជិះ​កង់​មាន​សុវត្ថិភាព​ជាង​ជិះ​ម៉ូតូ​ដែរ ដ្បិតថា​ខ្លួន​មិនសូវ​ស្គាល់ផ្លូវ និង​ម្យ៉ាង​ភ័យខ្លាច​ករណី​ប្លន់ និង​លួច​ម៉ូតូ ដែល​នាង​ធ្លាប់​ឮជា​ហូរហែ​កន្លងមក​នោះ​។ 

 
​និស្សិត​មកពី​តាម​ខេត្ត​ម្នាក់ទៀត ក៏​លើកឡើង​ស្រដៀង​គ្នា​ដែរ​។ យុវជន ថា​យ សុ​ផុន ជា​និស្សិត​ឆ្នាំ​១​ជំនាញ​រដ្ឋបាល​សាធារណៈ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច មកពី​ខេត្តកំពង់ឆ្នាំង​។ សុ​ផុន ពន្យល់ថា ការណ៍​ដែល​គេ​ស​ម្រេ​ចិត្ត​ជិះ​កង់​មក​សាលារៀន ព្រោះ​ចង់ ជួយ​កាត់បន្ថយ​ចំណាយ​របស់​គ្រួសារ ដែល​កំពុងតែ​ខ្វះខាត​ស្រាប់ ហើយ​ម្យ៉ាងទៀត​រូបគេ ក៏​មិនទាន់មាន​ការងារ​ធ្វើ​ដែរ​។ 


 
​ដៃ​អង្អែល​កែបកង់​ដែលមាន​កាបូបស្ពាយ​លើ​កន្ត្រក​កង់​បណ្តើរ សុ​ផុន រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​បណ្តើ​រថា​៖«​បើ​មកដល់​ហ្នឹង​វិញ អត់​ខ្មាស​គេ​ប៉ុន្មាន​ទេ តែបើ​នៅ​ភូមិ ខ្ញុំ​ខ្មាស​គេ ព្រោះ​អី​គេ​ជិះ​ម៉ូតូ​ទៅ​លឿន​។ តែ​មកដល់​នេះ អត់​សូវ​ខ្មាស​គេ​ទេ ព្រោះ​អត់​សូវ​មាន​អ្នក​ស្គាល់​។ តែបើ​ជួប​អ្នក​ស្គាល់​ក៏​មិន​ខ្មាស​ដែរ ព្រោះ​នៅ​សាកល​វា​ជិត​ជាង បើ​ធៀប​នឹង​ជិះ​កង់​ទៅ​រៀន​នៅ​ស្រុក ណាមួយ​នៅ​សាកលវិទ្យាល័យ មាន​គេ​ជិះ​កង់​បួន​ប្រាំ​នាក់​ដែរ​»​។​
 
​បើតាម​និស្សិត​វ័យ​១៩​ឆ្នាំ​រូបនេះ  រូបគេ​ជិះ​កង់​ទៅ​រៀន​តាំងតែ​អនុវិទ្យាល័យ​ម្ល៉េះ​។ លើសពីនេះ អ្នក​ខេត្ត​កំពង់​ឆ្នាំ​រូបនេះ​ថា រូបគេ​មិនបាន​ប្រាថ្នា​មាន​មធ្យោបាយ​ធ្វើដំណើរ​នោះទេ គេ​ប្រាថ្នា​ឲ្យ​តែ​បានមក​បន្ត​ការសិក្សា​ដល់​ភ្នំពេញ​នេះ ទុកដាក់​ជា​សំណាង​ណាស់ និង​ជា​ឱកាស​ដ៏​ធំធេង​ក្នុង​ការសម្រេច​បំណង​របស់គេ ដែល​ចង់​ធ្វើការ​ជា​មន្ត្រីរាជការ​នោះ​។ 
 
 

 
​ដ្បិត​និស្សិត​ខាងលើ​ទទួលស្គាល់​ដូចៗ​គ្នា​ថា ការ​ជិះ​កង់​ទៅ​សាកលវិទ្យាល័យ​មាន​ភាពលំបាក​ខ្លះ ប៉ុន្តែ​ពួកគេ​យល់ថា វា​ក៏​វិញ្ញាសា​ជីវិត ដ៏​មាន​អត្ថន័យ​សម្រាប់​ពួកគេ​ដែរ​។ លើសពីនេះ នៅពេលដែល​ពួកគេ​តស៊ូ​ជិះ​កង់​ទៅ​រៀន រហូត​នៅ​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​នោះ ច្បាស់​ណាស់​ថា ពួកគេ​អាច​ស្វែងរក​ការងារ​មួយ​ដែល​ល្អ ហើយ​អាច​ត្រឡប់​ទៅ​ជួយ​លើកស្ទួយ          ជីវភាព​គ្រួសារ​របស់ខ្លួន​ឲ្យ​ប្រសើរឡើង ដោយ​មោ​ទក​ថែមទៀត​៕   

Tag:
 ជិះ​កង់​
 ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com