ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់​ទូត​EU​ថ្មី ឱ្យ​ពង្រឹង​កិច្ច​សហការគ្នា ដោយ​ឈរលើ​មូលដ្ឋាន​ត្រឹមត្រូវ​
02, Dec 2019 , 2:39 pm        
រូបភាព
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា លោកស្រី Carmen Moreno ជួបសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី២ ធ្នូ ឆ្នាំ២០១៩
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា លោកស្រី Carmen Moreno ជួបសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី២ ធ្នូ ឆ្នាំ២០១៩
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ឱ្យ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ថ្មី​ប្រចាំ​កម្ពុជា លោកស្រី Carmen Moreno ពង្រឹង​កិច្ចសហការ​ជាមួយ​កម្ពុជា ដោយ​ឈរលើ​មូលដ្ឋាន​ត្រឹមត្រូវ​។ សម្ដេច ហ៊ុន សែន ជួបពិភាក្សា​ជាមួយ​ទូត​សហភាព​អឺរ៉ុប នៅ​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩​។​


 
«​យើង​គប្បី​ណា​ឈរលើ​មូលដ្ឋាន​ត្រឹមត្រូវ​នូវ​រាល់​កិច្ចការងារ ដែល​យើង​បាន​សហការគ្នា​កន្លងមក​»​។ នេះ​ជាការ​លើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​ជំរុញ​ឱ្យ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ស្វែងរក​នូវ​អ្វីដែល​ភាគី​ទាំងពីរ​អាចធ្វើ​ការរួម​គ្នា​បន្តទៀត ក្នុង​ភាពជា​ដៃគូ​ផង និង​ពង្រីក​ទំនាក់ទំនង​រវាង​សហគមន៍​អឺរ៉ុប និង​កម្ពុជា​ផង​។​
 
«​ពិត​ជាមាន​មោទកភាព​ណាស់​ចំពោះ​កម្ពុជា នឹង​បន្ត​ជា​ដៃគូ​ជួយ​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​កម្ពុជា​ប្រកបដោយ​ចីរភាព​»​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន ដែល​បាន​ស្រង់​សម្តី​លោកស្រី  Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ថ្មី​ប្រចាំ​កម្ពុជា ។​
 
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អះអាង​ពី​ការមើលឃើញ​របស់លោក​ស្រី Carmen Moreno ចំពោះ​វឌ្ឍនភាព​របស់​កម្ពុជា​ផងដែរ​។​«​កម្ពុជា​មានការ​អភិវឌ្ឍ​និង​កំពុង​ដើរ​លើផ្លូវ​ត្រូវ​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ការថែរក្សា​គ្រប់គ្រង​ធនធានធម្មជាតិ និង​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​ប្រកបដោយ​ចីរភាព​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី Carmen​។​
 
​នៅ​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២០ សហភាព​អឺរ៉ុប នឹងធ្វើ​សេចក្តីសម្រេច​ចុង​ក្រោយពី​ការដក ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(Everything But Arms)​ពី​កម្ពុជា​។ សហភាព​អឺរ៉ុប ផ្តើម​នីតិវិធី​ដំបូង​ស្តីពី​ការដក​ឬ​មិន EBA នេះ តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៩​មក​។ មូលហេតុ​ចម្បង​ដែល​សហភាព​អឺរ៉ុប បង្ហាញ​បំណង​ចង់​ដក EBA គឺ​ដោយសារតែ​មិនសូវ​ពេញចិត្ត​នឹង​ស្ថានការណ៍​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​៕
 

Tag:
 ហ៊ុន សែន​
  EU
© រក្សាសិទ្ធិដោយ thmeythmey.com