អន្តរជាតិ
សភា​ស៊ីវិល និង​កូតា​យោធា​មី​យ៉ាន់​ម៉ា ប្រទាំង​ប្រទើស​គ្នា​រឿង​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​
02, Dec 2019 , 3:47 pm        
រូបភាព
កិច្ចប្រជុំសភាមីយ៉ាន់ម៉ា។ រូបភាព Xinhua
កិច្ចប្រជុំសភាមីយ៉ាន់ម៉ា។ រូបភាព Xinhua
ដោយ:
​សភា​មី​យ៉ាន់​ម៉ា បាន​ជួប​រឿង​ប្រទាំង​ប្រទើស​គ្នា​ជាថ្មី​រវាង​ក្រុម​សភា​ស៊ីវិល និង​សភា​ចេញពី​កូតា​យោធា​ស្តីពី​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ ដែល​កំពុងតែ​ស្ថិតក្នុង​ដំណើរការ​ពិនិត្យ និង​កែសម្រួល​។ រឿង​ប្រទាំង​ប្រទើស​នេះ ផ្តើមចេញពី​ក្រុម​សភា​កូតា​យោធា ដែល​នៅតែ​មើលឃើញ​ការផ្តួចផ្តើម​កែប្រែ​រដ្ឋធម្មនុញ្ញ ជា​រឿង​មិន​ស្របច្បាប់​។​


 
​ប្រធានរដ្ឋសភា​មី​យ៉ាន់​ម៉ា លោក T Khun Myat កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា បាន​ព្រមាន​ដល់​សមាជិកសភា ដែល​ចេញពី​កូតា​យោធា​ឲ្យ​មានការ​ប្រយ័ត្នប្រយែង​ចំពោះ​សកម្មភាព ឥរិយាបថ និង​ការប្រើប្រាស់​ពាក្យសម្តី​ពាក់ព័ន្ធ​ការងារ​កែប្រែ​រដ្ឋធម្មនុញ្ញ​។ ប្រធានរដ្ឋសភា មិន​ចង់ឃើញ​សមាជិក​រដ្ឋសភា​ណាមួយ ប្រព្រឹត្ត​សកម្មភាព​កាន់តែ​ប្រាស់ចាក​នឹង​បទបញ្ជាផ្ទៃក្នុង​នោះទេ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Irrawaddy News​។ 
 
​តាម​ការលើកឡើង​រប​ស់លោក​ប្រធានរដ្ឋសភា សមាជិកសភា​មួយចំនួន​របស់​អតីត​បក្ស​កាន់អំណាច​សហភាព​បង្រួបបង្រួម​និង​អភិវឌ្ឍ និង​សមាជិកសភា​កូតា​យោធា​ដែល​ទទួល​អាសនៈ​ស្វ័យប្រវត្តិ​ពី​រដ្ឋធម្មនុញ្ញ​នោះ បានធ្វើ​អត្ថាធិប្បាយ​ហួសហេតុ និង​មាន​ចេតនា​អុជអាល ដែល​អាច​នាំ​ឲ្យ​សាធារណជន​មាន​ការភាន់ច្រលំ​អំពី​មុខងារ​របស់​សភា និង​ថែមទាំង​បំពាន​ក្រមសីលធម៌ និង​បទបញ្ជាផ្ទៃក្នុង​សភា​ទៀតផង​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល សភា​ទាំងពីរ​ប្រភព​នេះ បានលើកឡើង​ពី​ជំហរ​ជំទាស់​ដាច់ខាត​លើ​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​ធ្វើ​ដោយ​គណៈកម្មការ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ​។ ក្រុម​សមាជិកសភា​ទាំងនេះ បាន​អះអាងថា​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី មិន​ត្រឹមត្រូវ អធម្មនុញ្ញភាព និង​គ្មាន​គោលនយោបាយ​ច្បាស់លាស់​ទៀតផង​។ 
 
​គួរ​ជម្រាប​ថា សភា​មី​យ៉ាន់​ម៉ា ដែល​គ្របដណ្តប់​ភាគច្រើន​ដោយ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី នៅ​ខែកុម្ភៈ​កន្លងទៅ បាន​បង្កើត​គណៈកម្មកា​រ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែលមាន​សមាជិក​មកពី​១៥​គណបក្ស ក៏ដូចជា​តំណាង​ឯករាជ្យ និង​តំណាង​ក្រុម​សភា​យោធា​។ គណៈកម្មការ​នេះ គឺជា​ផ្នែក​មួយ នៃ​យន្ត​ការនាំយក​ប្រជាធិបតេយ្យ​ឲ្យ​បាន​ពេញលេញ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី បន្ទាប់ពី​មី​យ៉ាន់​ម៉ាន់ គ្រប់គ្រង​ដោយ​យោធា​អស់​ជាច្រើន​ទសវត្ស​រ៍ហើយ​នោះ​។ 
 
​តាមពិតទៅ​ការបញ្ចេញ​ឥរិយាបថ​ជំទាស់​របស់​សភា​ក្រុម​ទំនោរ​យោធា មិនមែន​ទើបតែ​កើតឡើង​នោះទេ ពោលគឺ​គិត​ចាប់តាំងពី​គណៈកម្មការ​កែប្រែ​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា ត្រូវបាន​បង្កើតឡើង ក្រុម​នេះ បាន​ពហិការ​ចូលរួម និង​ជំទាស់​ការលើកឡើង​ជាច្រើន​លើក​ច្រើនសារ​មកហើយ​។ តែ​នេះ ក៏​មិនមែនជា​រឿង​ចម្លែក​ដែរ ព្រោះ​ដំណើរ​ការកែប្រែ​នេះ មាន​គោលដៅ​ធំជាងគេ គឺ​កាត់​បន្ថយអំណាច​យោធា​ក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ ដែល​បច្ចុប្បន្ន ក្រុម​យោធា​ទទួលបាន​២៥​ភាគរយ នៃ​អាសនៈ​សភា​សរុប​ដោយ​ស្វ័យប្រវត្តិ​រួចទៅហើយ​៕ 
 

Tag:
 មី​យ៉ាន់​ម៉ា​
  រដ្ឋធម្មនុញ្ញ​
© រក្សាសិទ្ធិដោយ thmeythmey.com