រថយន្ត
អន្តរជាតិ
Daimler បង្ហាញ​ពី​គម្រោង​បោះទុន​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​
16, Dec 2019 , 6:59 pm        
រូបភាព
ដោយ:
Daimler ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អា​ល្លឺ​ម៉​ង់ ដែលជា​ម្ចាស់ Mercedes-Benz បាន​បញ្ជាក់ថា ខ្លួន​នឹង​កាត់​ការងារ​យ៉ាងតិច​១​ម៉ឺន​កន្លែង​នៅ​ទូទាំង​ពិភពលោក ខណៈ​ខ្លួន​មាន​គម្រោង​បោះទុន​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​។ 
 
​ប្រាប់​អ្នកសារព័ត៌មាន កាលពី​ថ្ងៃ​សុក្រ ទី​២៩ ខែវិច្ឆិកា លោក Wilfried Porth សមាជិក​នៃ​គណៈ​គ្រប់គ្រង​របស់​ក្រុមហ៊ុន Daimler AG និង​ទទួលបន្ទុក​ធនធានមនុស្ស គូសបញ្ជាក់ថា ចំនួន​ការងារ​ដែល​នឹងត្រូវ​បាត់បង់ នឹង​ជា​តួលេខ​៥​ខ្ទង់​។ លោក បន្តថា ឧស្សាហកម្ម​រថយន្ត កំពុង​ឆ្លងកាត់​ការផ្លាស់ប្តូរ​ដ៏​ធំធេង​ក្នុង​ប្រវត្តិសាស្ត្រ​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន BBC ក្រុមហ៊ុន Daimler AG អះអាងថា ការអភិវឌ្ឍ​ឆ្ពោះទៅរក​រថយន្ត​អគ្គិសនី ត្រូវការ​ទុនវិនិយោគ​ច្រើនសន្ធឹក​សន្ធាប់ ទើប​ក្រុមហ៊ុន​បានប្រកាស​កាលពី​ថ្មីៗ​នេះ​ថា ខ្លួន​នឹង​ដំណើរការ​កម្មវិធី​មួយ​ដែលមាន​គោលដៅ​បង្កើត​ភាព​ប្រកួតប្រជែង នវានុវត្តន៍ និង​កម្លាំង​វិនិយោគ​។ 
 
​ទន្ទឹមនេះ ផ្នែក​នៃ​កម្មវិធី​នេះ គឺ​កាត់បន្ថយ​បុគ្គលិក​ដែល​ក្រុមហ៊ុន​ចំណាយលុយ​ប្រមាណ ១,៥៤​ពាន់​លាន​ដុល្លារ ត្រឹម​ដំណាច់ឆ្នាំ​២០២២ ហើយ​ក្នុងចំណោម​នោះ ក៏​កា​ត់ប​ន្ថា​យ​ចំនួន​តួនាទី​ផ្នែក​គ្រប់គ្រង​ប្រមាណ​១០​ភាគរយ​នៅ​ទូទាំងប្រទេស​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក​របស់​ក្រុមហ៊ុន Daimler AG ដែលជា​ម្ចាស់ Mercedes-Benz​។​
 
​សូមបញ្ជាក់ថា ការប្រកាស​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត Daimler ដែលមាន​បុគ្គលិក​ទូទាំង​សកលលោក​ជិត ៣០​ម៉ឺន​នាក់ និង​រោងចក្រ​ក្នុង​១៧​ប្រទេស កើតឡើង​ក្រោយពី​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែល​គូប្រជែង​របស់ខ្លួន គឺ Audi បានប្រកាស​នឹង​កាត់បន្ថយ​បុគ្គលិក​៩៥០០​នាក់ ក្នុងចំណោម​បុគ្គលិក​សរុប ៦១០០០​នាក់ ក្នុងប្រទេស​អាល្លឺម៉ង់​ដោយ​លើក​ហេតុផល​ស្រដៀង​គ្នា​៕ 

Tag:
 អាល្លឺម៉ង់​
  រថយន្ត​អគ្គិសនី​
  Mercesdes-Benz
  Daimler
© រក្សាសិទ្ធិដោយ thmeythmey.com