ករណី​ពុល​ផ្លែ​តាសក់​៖ យុវជន​បន្សាប​គ្រឿងញៀន​ស្លាប់​២​នាក់ និង​២៩​នាក់​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​
ជាតិ
សង្គមជាតិ
ករណី​ពុល​ផ្លែ​តាសក់​៖ យុវជន​បន្សាប​គ្រឿងញៀន​ស្លាប់​២​នាក់ និង​២៩​នាក់​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​
03, Dec 2019 , 11:59 am        
រូបភាព
រូបភាពពីអគ្គស្នងការដ្ឋាននគលបាលជាតិ
រូបភាពពីអគ្គស្នងការដ្ឋាននគលបាលជាតិ
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​៣ ធ្នូ​នេះ មាន​យុវជន​បន្សាប​គ្រឿងញៀន​២​នាក់​ស្លាប់ ខណៈ​២៩​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ដោយសារ​ករណី​ពុល​ផ្លែ​តាសក់​។ យុវជន​បន្សាប​គ្រឿងញៀន​១៥៤​នាក់ នៅ​មជ្ឈមណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់ ខេត្តបន្ទាយមានជ័យ បាន​រងគ្រោះ​ដោយសារ​ពុល​ផ្លែ​តាសក់ កាលពី​ថ្ងៃទី​១ ធ្នូ​។​



​អភិបាលខេត្ត​បន្ទាយមានជ័យ​លោក អ៊ុំ រាត្រី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា យុវជន​ជាង​១០០​នាក់ ដែល​ពុល​ផ្លែ​តាសក់​នោះ បាន​ត្រឡប់​ទៅ​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​វិញ​ហើយ ក្រោយ​ធូរស្បើយ​។ ដោយឡែក​យុវជន​២៩​នាក់​ទៀត កំពុង​បន្ត​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​។ បើតាម​លោក អ៊ុំ រាត្រី ករណី​ពុល​ផ្លែ​តាសក់​នេះ ក៏​បណ្ដាលឱ្យ​យុវជន​ម្នាក់ទៀត បាន​បាត់​បង់ជីវិត​ផងដែរ ពោលគឺ​កើនឡើង​២​នាក់​ហើយ បើ​គិត​ត្រឹម​ថ្ងៃទី​៣ ធ្នូ​នេះ​។​

«​ការពុល​តាសក់ បណ្ដាល​ឲ្យ​ស្លាប់​នេះ គឺ​ដោយសារ​កត្តា​របស់​យុវជន​ដែល​កំពុង​បន្សាប​គ្រឿងញៀន មាន​បញ្ហា​ខួរក្បាល​ផង ទើប​បណ្ដាល​ឲ្យ​ស្លាប់​»​។ នេះ​បញ្ជាក់បន្ថែម​របស់លោក អ៊ុំ រាត្រី​។​

​យុវជន​ប្រុស​ស្រី ដែល​កំពុង​ស្ដារនីតិសម្បទា​បន្សាប​គ្រឿង​ញៀន​១៥៤​នាក់ នៅ​មជ្ឈមណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់ ស្ថិតនៅ​ក្នុងភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មាន​អកា​រៈ​ក្អួតចង្អោរ ដោយ​សង្ស័យថា​ពុល​ផ្លែ​តាសក់ ។​ ក្រុមយុវជន​ដែល​កំពុង​ស្ដារ​និតិ​សម្បទា​បន្សាប​គ្រឿងញៀន​នេះ បាន​ហូប​ផ្លែ​ត្រសក់​ជាមួយ​អំបិលម្ទេស ដោយ​អ្នកខ្លះ​បាន​លាង​ទឹក និង​ខ្លះទៀត​អត់​បាន​លាង​សម្អាត កាលពី​ថ្ងៃទី​៣០ វិច្ឆិកា ៕



Tag:
 ពុល​តាសក់​
  ខេត្តបន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com